ខេត្តតាកែវ ចុះហត្ថលេខាលេីកិច្ចព្រមព្រៀងសហប្រតិបត្តិការមេត្រីភាព ជាមួយខេត្តសានទុង ដេីម្បីទាក់ទាញវិនិយោគិនចិន

ដោយៈ គង់ សូរិយា

តាកែវ:ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ដឹកនាំប្រតិភូទស្សនកិច្ច និងចុះហត្ថលេខាលេីកិច្ចព្រមព្រៀងសហប្រតិបត្តិការមេត្រីភាព រវាងខេត្តតាកែវ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងវីហ្វាង ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន

រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានដឹកនាំប្រតិភូទៅទស្សនកិច្ចទីក្រុងវីហ្វាង ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន ដេីម្បីិភាក្សា និងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការមេត្រីភាពលេីវិស័យសិល្បៈ វប្បធម៌ និងទេសចរណ៍។
ក្នុងដំណេីរទស្សនកិច្ចប្រកបដោយផ្លែផ្កានេះ គណ:ប្រតិភូក៏បានជួបជាមួយបណ្តារក្រុមហ៊ុននានានៅក្នុងខេត្តសាទុង ចំនួន ១៦ក្រុមហ៊ុន ដេីម្បីទាក់ទាញអ្នកវិនិយោគចិនមកធ្វេីការវិនិយោគនៅកម្ពុជា ជាពិសេសខេត្តតាកែវ តាមរយៈការធ្វេីបទបង្ហាញពីសក្តានុពល របស់ខេត្តផងដែរ។

រដ្ឋបាលថ្នាក់ខេត្ត នៅប្រទេសចិនប្តេជ្ញាដើរនាំមុខគេ ក្នុងការជំរុញឱ្យសេដ្ឋកិច្ចជាតិទាំងមូលស្ទុះងើបឡើងវិញ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមមន្ត្រីចិនក្នុងតំបន់បានបង្ហាញពីអាទិភាពរបស់ពួកគេសម្រាប់ឆ្នាំ២០២៤ ដោយបណ្តាខេត្ត ដែលជាក្បាលម៉ាសុីនសេដ្ឋកិច្ចធំៗមួយចំនួន បានប្តេជ្ញានាំមុខក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលយុទ្ធសាស្រ្តនេះនឹងដំណើរការនៅទូទាំងប្រទេស។

រដ្ឋបាលថ្នាក់ខេត្តចំនួន៣១នៅប្រទេសចិន បានរៀបចំកិច្ចប្រជុំជាច្រើន ដើម្បីពិភាក្សាអំពីអាទិភាពនៅឆ្នាំក្រោយ បន្ទាប់ពីសន្និសីទការងារសេដ្ឋកិច្ចថ្នាក់ជាតិនៅទីក្រុងប៉េកាំងបានបិទបញ្ចប់កាលពីដើមខែធ្នូនេះ។

នៅឯមហាសន្និបាតនោះ ក្រុមមេដឹកនាំកំពូលរបស់ប្រទេសចិន បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការជំរុញសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យដែលកំពុងរីកចម្រើនលូតលាស់។

ខេត្តដែលមានទំហំសេដ្ឋកិច្ចធំ ដូចជា ខេត្ត Zhejiang និងខេត្ត Guangdong បានឆ្លើយតបទៅនឹងការអំពាវនាវរបស់រដ្ឋាភិបាលកណ្តាល ដោយខិតខំប្រែក្លាយខ្លួនជាតំបន់រឹងមាំខាងផ្នែកសេដ្ឋកិច្ចដើម្បីដើរតួជាតួនាទីសំខាន់ ក្នុងការគាំទ្រសេដ្ឋកិច្ចជាតិ។

រដ្ឋបាលខេត្តZhejiang និងខេត្ត Guangdong បានប្តេជ្ញាថា ពួកគេនឹងពន្លឿនការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ និងបានគូសបញ្ជាក់ពីផែនការដើម្បីរីកចម្រើនក្នុងវិស័យដែលមានតម្លៃបន្ថែមខ្ពស់។

ចំំណែក បណ្តាខេត្តដែលមានការអភិវឌ្ឍន៍តិចតួច ឬជំពាក់បំណុលគេ បានប្តេជ្ញាបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយសេដ្ឋកិច្ចក្នុងស្រុកឱ្យងើបឡើងវិញ និងហាក់មិនសូវមានការសន្យាចាត់វិធានការខ្លាំងក្លានោះទេ ប៉ុន្តែសង្កត់ធ្ងន់ថា ពួកគេនឹងទប់ស្កាត់ហានិភ័យឱ្យស្ថិតក្រោមការគ្រប់គ្រងបាន។ តួយ៉ាង ខេត្តGuizhou និង Yunnan បានអះអាងថា ពួកគេនឹងចាត់វិធានការជាក់ស្តែងដើម្បីដោះស្រាយហានិភ័យ។

ចំណែក ខេត្ត Tianjin ខេត្ត Liaoning ខេត្ត Heilongjiang និងខេត្តមួយចំនួនទៀត បានឈប់និយាយពាក្យដដែលៗថា “ពង្រឹងស្ថិរភាពតាមរយៈវឌ្ឍនភាព” ដែលជាពាក្យស្លោកថ្មីមួយរបស់ថ្នាក់ដឹកនាំកំពូលចិន ដែលបានជំរុញឱ្យមានការរំពឹងទុកសម្រាប់គោលដៅកំណើនសេដ្ឋកិច្ចប្រកបដោយមហិច្ឆតាក្នុងឆ្នាំ២០២៤។

នេះមិនមែនជាលើកទីមួយទេ ដែលរដ្ឋាភិបាលទីក្រុងប៉េកាំងបានស្នើឱ្យរដ្ឋបាលក្នុងតំបន់ថ្នាក់ខេត្តជួយជំរុញ កំណើនសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង កាលពីខែកក្កដាឆ្នាំមុន អតីតនាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានជួបជាមួយថ្នាក់ដឹកនាំតំបន់ឆ្នេរចំនួន៥ ដើម្បីជំរុញឱ្យពួកគេដាក់ចេញនូវគោលនយោបាយគាំទ្រសេដ្ឋកិច្ចបន្ថែមទៀត។

ទោះបីជាយ៉ាងនេះក្តី ដំណើរការស្តារសេដ្ឋកិច្ចរបស់ប្រទេសចិន បាននិងកំពុងជួបការលំបាកដោយសារវិបត្តិអចលនទ្រព្យ ហានិភ័យបំណុលរបស់រដ្ឋបាលក្នុងតំបន់ តម្រូវការធ្លាក់ចុះ និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ៕Bloomberg៕

ប្រទេសចិនបើកដាក់ឱ្យប្រើប្រាស់ផ្លូវរថភ្លើងល្បឿនលឿន Fangdong តភ្ជាប់ទៅប្រទេសវៀតណាមដំបូងបង្អស់

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសចិនបានបើកដាក់ឱ្យប្រើប្រាស់ផ្លូវដែក Fangdong ដែលជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេ ដែលតភ្ជាប់ពីទីក្រុងរបស់ប្រទេសចិននៅតាមព្រំដែនជាមួយវៀតណាម ទៅកាន់បណ្តាញផ្លូវជាតិរបស់វៀតណាម។

ផ្លូវដែក Fangdong ដែលមានប្រវែង៤៧គីឡូម៉ែត្រ និងបើកដំណើរការពីតំបន់ Fangchenggang ទៅកាន់តំបន់ Dongxing ភាគអាគ្នេយ៍ប្រទេសចិន បានក្លាយជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ ដែលស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគជាមួយប្រទេសជិតខាងរបស់ខ្លួន។តំបន់ Fangchenggang ដែលមានកំពង់ផែសមុទ្រធំជាងគេនៅភាគខាងលិចប្រទេសចិនដើរតួជាច្រកទ្វារទំនាក់ទំនងសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬហៅកាត់ថាអាស៊ាន ព្រោះតំបន់នេះជាកន្លែងផ្ទុក និងផ្ទេរទំនិញដ៏ធំរវាងប្រទេសចិន និងអាស៊ាន។

ផ្លូវដែក Fangdong ដែលមានល្បឿនធ្វើដំណើរអតិបរមា២០០គីឡូម៉ែត្រក្នុងមួយម៉ោង បម្រើទាំងការដឹកជញ្ជូនអ្នកដំណើរ និងការដឹកជញ្ជូនទំនិញ ដែលមិនត្រឹមតែផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយពេលវេលាធ្វើដំណើររវាងតំបន់ Fangchenggang និងតំបន់ Dongxing ពីរយៈពេល១ម៉ោង មកនៅត្រឹមតែ១៩នាទីប៉ុណ្ណោះ។យោងតាមមន្ត្រីរបស់ក្រុមហ៊ុនផ្លូវដែករដ្ឋចិន បានមានប្រសាសន៍ឱ្យដឹងថា “ផ្លូវរថភ្លើងថ្មីនេះមានសារសំខាន់ណាស់ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ ជំរុញទេសចរណ៍ព្រំដែន ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ”។

ក្រោយពីបានឆ្លងកាត់បញ្ហាប្រឈមផ្នែកភូមិសាស្ត្រ និងបរិស្ថាន ក្នុងរយៈពេល៤ឆ្នាំនៃការសាងសង់ ជាលទ្ធផល ផ្លូវដែក Fangdong គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការពង្រឹងការតភ្ជាប់ឆ្លងកាត់ព្រំដែន។

គម្រោងខាងលើនេះស្របទៅនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងទ្រង់ទ្រាយធំ ដូចដែលបានបញ្ជាក់តាមរយៈសេចក្តីថ្លែងការណ៍រួមនាពេលថ្មីៗនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន លោកសុី ជីនពីង ទៅកាន់ទីក្រុងហាណូយ កាលពីខែមុន៕

តើអ្វីជាបញ្ហាប្រឈមធំៗ ដែលនាំឱ្យអគារចំនួន៣៦៤ជាប់គាំង នៅក្រុងព្រះសីហនុ

ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ បច្ចុប្បន្ននេះ អគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ មានចំនួន៣៦៤អគារ ដែលបញ្ហាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ស្វែងរកវិធីសាស្ត្រ ដើម្បីដោះស្រាយឱ្យអគារទាំងនោះ រករវើកឡើងវិញ។

ភាពជាប់គាំងទាំងអស់នោះ បណ្តាលមកពីបញ្ហាប្រឈមចំនួន៥ ដែលនាំឱ្យការដោះស្រាយអួសបណ្តាយពេលយូរ។បញ្ហាប្រឈមទាំងអស់នោះមានជាអាទិ៍ វិវាទរវាងម្ចាស់អគារ និងម្ចាស់ដី សំណង់ភាគច្រើនគ្មានលិខិតអនុញ្ញាតសាងសង់ ដែលធ្វើឱ្យខ្វះការត្រួតពិនិត្យគុណភាពសំណង់ តម្លៃអចលនទ្រព្យខ្ពស់ដោយម្ចាស់ដី និងម្ចាស់អាគារ ការបង់ពន្ធច្រើន ខណៈគម្រោងជាប់គាំងពុំទាន់អាចសាងសង់ និងចុងក្រោយកង្វះទុនវិនិយោគបន្ថែម សម្រាប់បន្តការសាងសង់ និងអនុវត្តគម្រោង។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា។

ការអូសបន្លាយពេលដោះស្រាយអគារជាប់គាំង ក្នុងខេត្តព្រះសីហនុ ដោយរាជរដ្ឋាភិបាលស្រាវជ្រាវឃើញថា អ្នកវិនិយោគភាគច្រើនខ្វះទំទុកចិត្ត ខ្វះធនធាន និងជំនាញក្នុងការរៀបចំគម្រោងឡើងវិញជាពិសេសក្នុងបង្កើតទំនាក់ទង។ជាវិធានការដោះស្រាយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ចកម្ពុជា បានដាក់ចេញនូវវិធានការលើកលែងពន្ធ សម្រួលលើលិខិតនានា និងអនុញ្ញាតឱ្យវិស័យឯកជន បង្កើតមូលនិធិនៃគម្រោងវិនិយោគរួម និងតាមរយៈបរធនបាលកិច្ចរបស់ក្រសួងសេដ្ឋកិច្ចផងដែរ។

យោងតាមទិន្ន័យក្នុងខែកញ្ញា ឆ្នាំ២០២៣ ខេត្តព្រះសីហនុ មានគម្រោងសាងសង់សរុប៩៦៥ ស្នើ១០៦៩អគារ។គម្រោងផ្អាកសាងសង់មានចំនួន៣៤១ ស្មើ៣៦៤អគារ កំពុងដំណើរការសាងសង់ ២៩ គម្រោងស្នើ៥៣អគារ។ សាងសង់រួចតែមិនដំណើរការមាន១៦១ គម្រោងស្នើ១៧៧អគារ សាងសង់រួចកំពុងដំណើរការមាន៤៣៤ គម្រោងស្នើ៤៧៥អគារ។លោកឡុង ឌីម៉ង់អភិបាលរងខេត្ត និងជាមន្រ្តីទទួលបន្ទុកបញ្ហាអាគារជាប់គាំងនៅក្រុងព្រះសីហនុ ធ្លាប់បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមការងារអន្តរក្រសួង បានបញ្ចប់ការកំណ​ត់អត្តសញ្ញាណអគារជាប់គាំងរួចហើយ ដែលបច្ចុប្បន្ននេះយើងកំពុងរៀបចំកំណត់Zooningអាគារទាំងនោះថា អាចប្រើប្រាស់សម្រាប់ផ្នែកអ្វីខ្លះ ខណៈកន្លងមកក្រុមការងារ គ្រោងរៀបចំអាគារជាប់គាំងទាំងនោះ ជា៤ផ្នែកសម្រាប់គោលដៅប្រើប្រាស់ខុសៗគ្នា៕

តើអ្វីជាប្លង់ទន់នៅកម្ពុជាតើវាមានសុពលភាពផ្លូវច្បាប់ដូចម្តេច?

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ប្លង់ទន់ គឺជាឯកសារប្រភេទក្រដាសទន់ ដែលមានច្រើនទម្រង់ហើយអាច ធ្វើជាសក្ខីភាពនៃការកាន់កាប់ ក្នុងនោះអាចមានការបញ្ជាក់ដោយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ដល់ថ្នាក់ស្រុក ឬអាចជាលិខិតទិញ លក់ ឬកិច្ចសន្យាផ្ទេរសិទ្ធិដ៏សាមញ្ញ។

ប្លង់ទន់គឺជាទម្រង់បង្ហាញពីភាពជាម្ចាស់ ដែលគេប្រើជាទូទៅនៅក្នុងប្រទេសកម្ពុជា។ វាជាប័ណ្ណកម្មសិទ្ធិដីធ្លីនៅកម្ពុជា ដែលត្រូវបានទទួលស្គាល់ពី រដ្ឋាភិបាលក្នុងស្រុក។

ច្បាប់ភូមិបាលឆ្នាំ២០០១ បានបង្កើតប្រព័ន្ធបញ្ជីឈ្មោះដីធ្លីឲ្យមាន ប័ណ្ណកម្មសិទ្ធិដីធ្លី នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ ការកាន់កាប់អចលនទ្រព្យបច្ចុប្បន្ន ត្រូវបានធានាសុវត្ថិភាពដោយប័ណ្ណមួយ ក្នុងចំណោម៣នៃទម្រង់របស់ប័ណ្ណកម្មសិទ្ធិក្នុង ប្រទេសកម្ពុជា។ ប្រភេទប័ណ្ណកម្មសិទ្ធអចលនទ្រព្យវត្ថុ ជាទូទៅគេតែងតែលើកយកប័ណ្ណសម្គាល់ម្ចាស់ កម្មសិទ្ធិស្របច្បាប់តែពីរប៉ុណ្ណោះ មកបញ្ជា​ក់គឺប្លង់រឹង និងប្លង់ទន់។ដោយឡែក ប្លង់ទន់ត្រូវបានផ្ដល់ជូន ដោយការិយាល័យសង្កាត់ឬស្រុកនិងមិនត្រូវបាន ចុះឈ្មោះនៅថ្នាក់ជាតិនោះទេ ប៉ុន្តែនៅតែត្រូវបានគេចាត់ទុកជាឯកសារ ម្ចាស់កម្មសិទ្ធិពេញសិទ្ធិ។ ភាគច្រើននៃការផ្ទេរអចលនទ្រព្យ ត្រូវបានគេធ្វើឡើងជាប្លង់ទន់ ដើម្បីចៀសវាងការបង់ពន្ធ និងតម្លៃសេវាទៅកាន់រដ្ឋ។

ត្រង់ចំណុចនេះ យើងអាចលើកឡើងពីតថភាពជាក់ស្ដែងសម្រាប់អ្នករស់នៅភ្នំពេញនាពេលបច្ចុប្បន្ន យើងសង្កេតឃើញថា ភាគច្រើនអ្នករស់នៅជាន់ទី២ ទី៣នៃសំណង់ផ្ទះល្វែង ប្រើប្រាស់ប្លង់ទន់ជាកម្មសិទ្ធអចលនវត្ថុ ដោយសារតែផ្ទះមួយអាគារ មានចន្លោះ3 – ៤ជាន់ ហើយក្នុងមួយជាន់ មានម្ចាស់ផ្សេងៗគ្នា។

ប្រសិទ្ធិភាពនៃប្លង់ទន់នៅភ្នំពេញ វាមានប្រសិទ្ធិភាពខ្លាំងសម្រា​ប់អ្នករស់នៅភ្នំពេញ ។ តើដំណើរការផ្ទេរសិទ្ធិ លើអចលនទ្រព្យនៃប្លង់ទន់ធ្វើឡើងដោយរបៀបណា?។

ជាការពិតណាស់ ប្លង់ទន់នៃអចលនទ្រព្យ ក៏ទទួលស្គាល់ដោយតាមផ្លូវច្បាប់ តែស្ថិតនៅក្នុងកម្រិតមួយ ឬមានប្រសិទ្ធិភាពតិចជាងប្លង់រឹង ដូច្នេះ ដំណើរការនៃការផ្ទេរសិទ្ធិលើអចលនវត្ថុ គឺធ្វើឡើងតាមរយៈការបញ្ជាក់លិខិតផ្ទេរសិទ្ធិ ជាការលក់ឬធ្វើពី សំណាក់អាជ្ញាធរមូលដ្ឋានចាប់ពីកម្រិតថ្នាក់ភូមិ ឃុំ រហូតដល់ស្រុក ឬ ខណ្ឌ។

ការធ្វើប្លង់ទន់ ម្ចាស់អចលនទ្រព្យ ក៏ត្រូវបំពេញលិខិតកិច្ចសន្យា ដើម្បីធានាថា ផ្ទះ និង ដី ដែលកំពុងកាន់កាប់មិនប៉ះពាល់ដល់ដីរដ្ឋ ហើយការធ្វើប្លង់ទន់នេះ មិនតម្រូវឲ្យបង់ពន្ធលើការ ផ្ទេរសិទ្ធ នោះឡើយ៕

ក្រុមហ៊ុនអាកាសចរណ៍Cambodia Airway នឹងចាប់ផ្តើមហោះហើរត្រង់ពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងជាយ៉ាងប្រទេសចិននៅដើមឆ្នាំនេះ

នាថ្ងៃទី29 ខែធ្នូ ឆ្នាំ2023 ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េរបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេលវែងដើម្បីដាក់ដំណើរការផ្លូវហោះហើរភ្នំពេញ⇌ជាយ៉ាង។ ជើងហោះហើរត្រង់ទៅមករវាងទីក្រុងភ្នំពេញប្រទេសកម្ពុជា និងទីក្រុងជាយ៉ាងប្រទេសចិន នឹងចាប់ផ្តើមដំណើរការជាលើកដំបូងនៅដើមឆ្នាំ 2024នេះ។

ដំណាក់កាលដំបូងនៃការដាក់ដំណើរការផ្លូវហោះហើរភ្នំពេញ⇌ជាយ៉ាង នឹងមានកាលវិភាគហោះហើរជាទៀងទាត់ពីរដងក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃអង្គារ និងថ្ងៃសៅរ៍។ ជើងហោះហើរចេញដំណើរពីភ្នំពេញទៅជាយ៉ាង គ្រោងនឹងចាកចេញនៅម៉ោង 8:05 ព្រឹក ហើយមកដល់អាកាសយានដ្ឋានអន្តរជាតិជាយ៉ាងឆាវសាន នៅម៉ោង 12:00ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក)។ ជើងហោះហើរពីជាយ៉ាងត្រលប់មកភ្នំពេញវិញ គ្រោងហោះចេញនៅម៉ោង 13:00រសៀល ហើយមកដល់អាកាសយានដ្ឋានភ្នំពេញនៅម៉ោង 15:10រសៀល (ម៉ោងក្នុងស្រុក)។

គួរបញ្ជាក់ផងដែរថា ផ្លូវហោះហើរភ្នំពេញ ⇌ ជាយ៉ាង គឺជាផ្លូវទីពីររបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េដែលហោះហើរទៅកាន់ភាគខាងត្បូងប្រទេសចិនបន្ទាប់ពីផ្លូវហោះហើរភ្នំពេញ⇌ សិនជិន។

បន្ទាប់ពីផ្លូវហោះហើរនេះត្រូវបានដាក់ដំណើរការ វានឹងក្លាយជាផ្លូវអាកាសដែលតភ្ជាប់ប្រទេសកម្ពុជាជាមួយតំបន់ឆាវសាន នៃខេត្តគ័ងតុងប្រទេសចិន ហើយបំពេញតម្រូវការនៃការធ្វើដំណើរជាលក្ខណៈធុរកិច្ច និងទេសចរណ៍រវាងទីតាំងទាំងពីរផងដែរ។

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកើនឡើងត្រឹមតែជាង៥ភាគរយ នៅក្នុងឆ្នាំ២០២៣

ដោយ: គង់ លាងហួរ
ហាណូយ: យោងតាមប្រភពពីរដ្ឋាភិបាលបានឱ្យដឹងថា GDP របស់ប្រទេសវៀតណាមបានកើនឡើង៥,០៥% ក្នុងឆ្នាំ២០២៣ ដែលទាបជាងគោលដៅមួយភាគរយ ប៉ុន្តែនៅតែវ៉ាដាច់ប្រទេសជាច្រើនផ្សេងទៀត។

បើគិតក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ អត្រាកំណើនខាងលើបានកើនឡើងលើសតែឆ្នាំ២០២០ និងឆ្នាំ២០២១ ដែលជាឆ្នាំរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺរាតត្បាតប៉ុណ្ណោះ។

យោងតាមសារពត៌មានវៀតណាម VNExpress បានចុះផ្សាយនៅថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះថា GDP របស់ប្រទេសវៀតណាម នៅក្នុងត្រីមាសទី៤ចុងក្រោយនៃឆ្នាំ២០២៣ បានកើនឡើង៦,៧២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក Nguyen Thi Huong អគ្គនាយកនៃការិយាល័យស្ថិតិបានអត្ថាធិប្បាយអំពីលទ្ធផលសេដ្ឋកិច្ចរបស់វៀតណាម ដោយលោកបានគូសបញ្ជាក់ថា វាជាសមិទ្ធិផលគួរឱ្យកត់សម្គាល់ ស្របពេលដែលយើងកំពុងប្រឈមមុខនឹងបញ្ហានានានៅទូទាំងពិភពលោក។

លោកបានបន្តថា “កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសវៀតណាមត្រូវបានបង្ហាញឱ្យឃើញច្បាស់តាមរយៈការកើនឡើងនៃអត្រាកំណើនសេដ្ឋកិច្ចប្រចាំត្រីមាស”។

នៅពេលនេះ GDP របស់វៀតណាមមានទំហំទឹកប្រាក់ចំនួន៤៣០ពាន់លានដុល្លារ ខណៈ GDP សម្រាប់ប្រជាជនវៀតណាមម្នាក់ៗ គឺ៤.២៨៤ដុល្លារក្នុងមួយឆ្នាំ ពោលគឺកើនឡើង៣,៨៨% បើធៀបនឹងឆ្នាំមុន។

សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ ដែលវាស់វែងអតិផរណាបានកើនឡើង៣,២៥% ពោលគឺទាបជាងគោលដៅរបស់រដ្ឋសភាវៀតណាម ដែលបានកំណត់ក្នុងរង្វង់ក្រោម៤% ។

វិស័យសេវាកម្មបានកើនឡើង៦,៨២% ជាមួយនឹងការកើនឡើងនៃការលក់រាយ ការដឹកជញ្ជូន ឡូជីស្ទីក ហិរញ្ញវត្ថុ ធនាគារ និងធានារ៉ាប់រង។

វិស័យឧស្សាហកម្ម និងសំណង់ប្រឈមមុខនឹងបញ្ហា ស្របពេលដែលតម្រូវការធ្លាក់ចុះ ដោយបានកើនឡើងត្រឹមតែ៣,០២% ប៉ុណ្ណោះ។ ចំណែក ការផលិត និងការកែច្នៃបានឈានដល់អត្រាកំណើនទាបបំផុតក្នុងរយៈពេល១៣ឆ្នាំ គឺ៣,៦២% ។

ពាណិជ្ជកម្មបានធ្លាក់ចុះ៦,៦% មកនៅត្រឹមទំហំទឹកប្រាក់៦៩៣ពាន់លានដុល្លារ ដោយសារបញ្ហាប្រឈមសេដ្ឋកិច្ចពិភពលោក ខណៈទឹកប្រាក់អតិរេកពាណិជ្ជកម្មឈានដល់២៨ពាន់លានដុល្លារ៕VNexpress៕

សញ្ញាវិជ្ជមាន: ការលក់អចលនទ្រព្យនៅប្រទេសម៉ាឡេសុី អាចនឹងហក់ឡើងដល់១៥ភាគរយ ក្នុងឆ្នាំ២០២៤

ដោយ: គង់ លាងហួរ
អន្តរជាតិ: អ្នកវិភាគបានព្យាករថា ការលក់អចលនទ្រព្យនៅប្រទេសម៉ាឡេស៊ីនឹងមានភាពប្រសើរឡើងនៅឆ្នាំ២០២៤ ដែលជំរុញដោយទស្សនវិស័យសេដ្ឋកិច្ចកាន់តែប្រសើរឡើង និងការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ។

ធនាគារ AmInvestment Bank បានឱ្យដឹងតាមរយៈការចេញផ្សាយ របាយការណ៍ថ្មី ថា ចំនួនប្រតិបត្តិការទិញ-លក់ និងទំនុកចិត្តនៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសម៉ាឡេសុីនឹងមានការងើបឡើងវិញបន្តិចម្តងៗក្នុងឆ្នាំ២០២៤។

ធនាគារខាងលើបន្តថា ការស្ទុះងើបឡើងវិញនេះ បណ្តាលមកពី ការព្យាករណ៍កំណើនសេដ្ឋកិច្ចម៉ាឡេសុី ក្នុងរង្វង់៤,៥ភាគរយ ការស្តារទីផ្សារការងារ ការស្ថាបនាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ និងការផ្តួចផ្តើមរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍រដ្ឋ Johor ដែលមានព្រំប្រទល់ជាប់ប្រទេសសិង្ហបុរី។

ការផ្គត់ផ្គង់លើសតម្រូវការនៅលើទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេសុី ក៏ត្រូវបានគេរំពឹងថា នឹងបន្ធូរបន្ថយបន្តិចម្តងៗ ហើយទំនុកចិត្តរបស់វិនិយោគិននឹងមានភាពប្រសើរឡើង។

យោងតាមការស្រាវជ្រាវរបស់ធនាគារវិនិយោគ RHB ដែលមានមូលដ្ឋាននៅទីក្រុងគូឡាឡាំពួ បានបង្ហាញថា ការលក់អចលនទ្រព្យនៅប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថា នឹងកើនឡើងចន្លោះពី១០ ទៅ១៥ភាគរយនៅឆ្នាំក្រោយ។

ធនាគារបានបន្តថា ការសម្រេចបានកំណើនតម្លៃលក់អចលនទ្រព្យសរុបក្នុងរង្វង់៩ភាគរយ ក្នុងរយៈពេល៩ខែដំបូងដើមឆ្នាំនេះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បង្ហាញឱ្យឃើញពីតម្រូវការដែលមានសុខភាពល្អសម្រាប់អចលនទ្រព្យក្នុងស្រុក។

ធនាគារ RHB បានបន្ថែមទៀតថា ការបន្ធូរបន្ថយតម្រូវការសម្រាប់កម្មវិធី Malaysia My Second Home (MM2H) ក៏ត្រូវបានរំពឹងថា នឹងជំរុញឱ្យជនបរទេសទិញអចលនទ្រព្យនៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ។

ធនាគារក៏បានបន្ថែមដែរថា ទំនុកចិត្តលើវិស័យអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ីត្រូវបានជះឥទ្ធិពលជាវិជ្ជមានដោយការអភិវឌ្ឍន៍ដ៏អំណោយផលលើគម្រោងរថភ្លើងល្បឿនលឿន Kuala Lumpur-Singapore និងគម្រោងផ្លូវដែកធុនស្រាល Penang៕Xinhua៕

World’s highest bridge to be completed in mid-2025 in SW China

The Huajiang Grand Canyon Bridge in southwest China’s Guizhou Province, currently under construction and set to be the world’s highest bridge, is expected to be completed by June 2025, according to a press conference held on Wednesday.

Half of the construction has been completed, nearly two years after the construction was kicked off in a deep gorge in southwestern Guizhou.The 2,890-meter-long steel girder suspension bridge will be part of an expressway in Guizhou, boasting a designed height of 625 meters from the bottom of the gorge to the
bridge deck.

The bridge will significantly reduce the crossing time of the canyon from approximately 70 minutes to just about a minute.

A set of bridge-themed sightseeing and recreational programs are being planned, according to the press conference held by the provincial government.

Situated among rolling mountains and gorges, Guizhou is home to nearly half of the world’s 100 highest bridges. The Beipanjiang Bridge on the border of Guizhou and Yunnan provinces is currently the world’s highest bridge, sitting about 565 meters above a valley, equivalent to the height of a 200-story building. Source: Xinhua

តើស្ពានខ្ពស់ជាងគេបំផុតនៅលើពិភពលោកមានឈ្មោះអ្វី? និងស្ថិតនៅប្រទេសណា?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ស្ពាន Huajiang Grand Canyon ក្នុងខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន ដែលបច្ចុប្បន្នកំពុងស្ថិត ក្រោមការសាងសង់ និងជាស្ពានខ្ពស់បំផុតរបស់ពិភពលោក ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៥។ នេះបើយោងតាមសន្និសីទសារព័ត៌មានដែលបានរៀបចំឡើងកាលពីថ្ងៃពុធ។

គិតមកទល់ពេលបច្ចុប្បន្ន ការសាងសង់ស្ពានខាងលើសម្រេចបានវឌ្ឍនភាព៥០% បន្ទាប់ពីការសាងសង់ត្រូវបានចាប់ផ្តើម នៅក្នុងជ្រលងជ្រោះដ៏ជ្រៅមួយ នៅភាគនិរតីនៃទីក្រុង Guizhou កាលពីជិត២ឆ្នាំមុន។

ស្ពានយោងដោយខ្សែកាបនេះ នឹងក្លាយជាផ្នែកមួយនៃផ្លូវល្បឿ​ន​​​លឿនក្នុងទីក្រុងGuizhou ដែលមានកម្ពស់៦២៥ម៉ែត្រ ពីបាតជ្រលងភ្នំរហូតដល់ស្ពាន និងមានប្រវែង២.៨៩០ម៉ែត្រ។ ក្រោយបើកដាក់ឱ្យដំណើរការ ស្ពាននេះនឹងជួយកាត់បន្ថយពេលវេលាឆ្លងកាត់ជ្រលងភ្នំយ៉ាងច្រើន ពីប្រហែល៧០នាទីមកនៅសល់ត្រឹមតែប្រហែលមួយនាទីប៉ុណ្ណោះ។

យោង​តាម​សន្និសីទ​សារព័ត៌មាន​ ដែល​រៀបចំ​ឡើង​ដោយ​រដ្ឋបាល​ខេត្ត​ Guizhou បាន​ឲ្យ​ដឹង​ថា សំណុំ​នៃ​កម្មវិធីធ្វើដំណើរកម្សាន្ត និងកម្មវិធីដើរទស្សនាមើលទេសភាព និងទិដ្ឋភាពស្ពានកំពុង​ត្រូវ​បាន​គ្រោងទុក។ ដោយសារមានទីតាំង ស្ថិត​នៅ​ក្នុង​ចន្លោះកូនភ្នំតូចៗ និង​ជ្រលង​ភ្នំ ខេត្ត Guizhou ជា​ខេត្តមួយដែលសម្បូរទៅដោយស្ពានខ្ពស់ៗ ដោយខេត្តនេះ មានស្ពានជិត៥០ខ្សែ ដែលស្ថិតក្នុងចំណោមស្ពានខ្ពស់បំផុតទាំង១០០នៅលើពិភពលោក។

បច្ចុប្បន្ន ស្ពាន Beipanjiang ដែលស្ថិតនៅព្រំដែនរវាងខេត្ត Guizhou និងខេត្ត Yunnan គឺជាស្ពានខ្ពស់បំផុតរបស់ពិភពលោក ដែលមានកម្ពស់ ប្រហែល៥៦៥ម៉ែត្រពីលើជ្រលងភ្នំ ដោយស្មើនឹងកម្ពស់អគារ២០០ជាន់៕Xinhua៕