Singapore most expensive Asia-Pacific city to own or rent private home, says study

SINGAPORE: The median price of a private home in Singapore was US$1.2 million (S$1.6 million) in 2022, the highest among cities in the Asia Pacific, according to a report published on Tuesday (May 30).

In the latest Home Attainability Index by the Urban Land Institute (ULI) Asia Pacific Centre for Housing, Singapore also ranked as the region’s most expensive place to rent a private home.

The ULI Asia Pacific Centre for Housing bills itself as a think tank that aims to advance best practices in residential development and address housing issues relevant to the region.

In terms of affordability, the median private home price in Singapore was 13.7 times the median household income; the figure for median public Housing Board flats stood at 4.7. On the latter measure, Singapore ranks as the second-most affordable city in the Asia Pacific, after Brisbane, with a ratio of 4.5.

The report gives a snapshot of the extent to which housing is attainable in 45 cities in nine countries in the Asia Pacific: Australia, China, India, Indonesia, Japan, the Philippines, Singapore, South Korea, and Vietnam.

In the past year, Singapore’s median private-sector home price increased more than 8 percent, while Hong Kong’s median home price fell 8.7 percent, the report said.

It cited a few factors that led to the price increases in Singapore, including a large influx of immigrants and a growing trend of young professionals moving out of family homes for more space and freedom.

There was also a reduced new supply of housing in the past few years due to a COVID-induced disruption to the supply chain of building materials and labor.

The Singapore government has tried to address the issue of rising prices with a series of property cooling measures. The latest set, introduced in April, included measures such as the doubling of buyer’s tax for foreigners to 60 percent.

Source: CNA

ការស្តារផ្លូវខេត្តសំខាន់ៗចំ​នួនពីរសម្រេចបានជាង៣០ភាគរយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ត្រឹមចុងខែឧសភានេះ ផ្លូវជាតិលេខ៣១ សម្រេចបានជាង ២៣% ខណៈដែល ផ្លូវជាតិលេខ៣៣ សម្រេចបានជាង៣១% ហើយលទ្ធផលបង្ហាញឱ្យឃើញថា គម្រោងទាំងពីរអាចនឹងបញ្ចប់មុនពេលកំណត់។

ព៌តមាននេះត្រូវបានបង្ហាញឲ្យដឹង ក្នុងដំណើរចុះទស្សនកិច្ចរបស់លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ និង៣៣ នៅក្នុងខេត្តកំពត និងកែប និងចុះពិនិត្យដំណើរការផលិត នៃរោងចក្រផលិតបេតុងកៅស៊ូ AC (Asphalt Concrete)នាព្រឹកថ្ងៃទី៣០ ឧសភានេះ។

ក្នុងដំណើរបេសកកម្មនេះ មានការចូលរួមផងដែរពីសំណាក់ តំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន និងមន្ត្រីបច្ចេកទេសគម្រោងជាច្រើនរូបផងដែរ។

គិតត្រឹមថ្ងៃទី២៦ ឧសភា ២០២៣ គម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ សម្រេចបាន ២៣,១២% ក្នុងនោះដែរ (១)ការងារកៀរសម្អាត ពង្រីកទទឹងតួផ្លូវ (Clearing) សម្រេចបាន ៤៤,៩៧គ.ម (២)ការងារកិនបង្ហាប់ស្រទាប់ Sub Grade សម្រេចបាន ៤០,២៩គ.ម និង (៣) ការងារក្រាលស្រទាប់គ្រឹះរង (Sub-Base) សម្រេចបាន ១៥,៤៣គ.ម។

ចំពោះគម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣៣ គិតត្រឹមថ្ងៃទី២៥ ឧសភា ២០២៣ សម្រេចបាន៣១,៧៣% ក្នុងនោះដែរ (១)ការងារកៀរសម្អាត ពង្រីកទទឹងតួផ្លូវ (Clearing) សម្រេចបាន៥២,៥៧គ.ម (២)ការងារកិនបង្ហាប់ស្រទាប់Sub Grade សម្រេ​ចបាន៤៦,៥៤គ.ម និង (៣) ការងារក្រាលស្រទាប់គ្រឹះរង (Sub-Base) សម្រេចបាន ៣១,៤៤គ.ម។

តាមរយៈតួលេខខាងលើបង្ហាញឱ្យឃើញថា គម្រោងទាំងពីរកំពុងតែអនុវត្តលឿនជាងផែនការ ដែលបានគ្រោងទុក នេះគឺជាសញ្ញាណវិជ្ជមានមួយ ដែលអាចនាំឱ្យគម្រោងនឹងបញ្ចប់មុនពេលកំណត់ក្នុងកិច្ចព្រមព្រៀង។

បើទោះជាយ៉ាងនេះក៏ដោយ ថ្នាក់ដឹកនាំនៅតែបន្តការណែនាំដល់ មន្ត្រីជំនាញបច្ចេកទេស ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត លើការអនុវត្តការងារឱ្យបានត្រឹមត្រូវ តាមលក្ខណៈបទដ្ឋានបច្ចេកទេស ពិសេសត្រូវគិតគូរឱ្យបានហ្មត់ចត់ ពីសុវត្ថិភាពនៅតាមការដ្ឋាន និងការស្រោចទឹកកាត់បន្ថយដីហុយ ដើម្បីជៀសវាងការរំខានដល់បងប្អូនប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនេះដែរ ដោយហេតុថាគម្រោងនេះកំពុងស្ថិតក្នុងការសាងសង់នៅឡើយ ក្រសួងសូមស្នើការយោគយល់ និងអធ្យាស្រ័យខ្ពស់ពីបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងការរំខាន និងផលប៉ះពាល់ផ្សេងៗពីគម្រោងការដ្ឋាន។

ដោយឡែក ចំពោះរោងចក្រផលិតបេតុងកៅស៊ូ AC ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីជំនាញ បាននិងកំពុងយកចិត្តទុកដាក់ក្នុងការ ពង្រឹងលទ្ធភាព និងសមត្ថភាពក្នុងការផលិត ដើម្បីអាចបំពេញតម្រូវការប្រើប្រាស់នាពេលអនាគត។ ផលិតផលដែលកើតចេញពីរោងចក្រនេះ គឺជាប្រភេទកៅស៊ូត្រជាក់ ដែលអាចប្រើប្រាស់សម្រាប់ប៉ះជង្ហុកសំបុកមាន់ នៅក្នុងរដូវវស្សា។

ផ្លូវជាតិលេខ៣១ មានប្រវែងសរុបប្រមាណ ៥៣,៥៣គីឡូម៉ែត្រ គិតចាប់ពីថ្នល់បែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) រីឯ ផ្លូវជាតិលេខ៣៣ មានប្រវែងសរុបប្រមាណ ៥២,៥៧គីឡូម៉ែត្រ ចាប់ពីក្រុងកំពត បន្តរហូតដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងផ្លូវតភ្ជាប់ ក្នុងក្រុងកំពត (ផ្លូវក្រុងលេខ ៧០៩)។

ផ្លូវជាតិទាំងពីរខ្សែនេះ កំពុងអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើរយៈពេលសាងសង់ចំនួន៤០ខែ ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦។ ចំពោះផ្លូវជាតិលេខ៣១ គ្រោងចំណាយថវិកាប្រមាណជាង ៦០លានដុល្លារអាមេរិក និងផ្លូវជាតិលេខ៣៣ គ្រោងចំណាយប្រមាណជាង ៦១លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕

​ក្រុមហ៊ុន​Royal Railways រាយការណ៍ពីកំណើនប្រាក់ ចំណូលតិចតួច​

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនRoyal Railways​(RRC) ដែល​ចុះបញ្ជី​សញ្ញា​បណ្ណ​សាជីវកម្ម​ នៅលើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) និង​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ​របស់​ក្រុមហ៊ុន​ពហុ​ផលិតផល​ក្នុងស្រុក​ Royal Group បាន​រាយការណ៍ ប្រាក់ចំណូល​កើនឡើង​តិចតួច ​នៅក្នុង​ត្រីមាស​ទី​១ ​ឆ្នាំនេះ ដោយសារ​សម្ពាធ​សេដ្ឋកិច្ច​ជារួម ​ដែល​បណ្តាលមកពី​ការអូសបន្លាយ​ពេលវេលា​នៃ​សង្គ្រាម​អ៊ុយ​ក្រែ​ន​។​

យោងតាម​ឯកសារ​របស់​ក្រុមហ៊ុន​ RRC ដែល​ផ្ញើ​ទៅ​ CSX ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េ​ល​វេ មាន​ចំណូល​សរុប​ចំនួន ១២,៧៣៦​ ពាន់​លាន​រៀល កើនឡើង​ចំនួន​១៥​លាន​រៀល ស្មើនឹង០,១២​ភាគរយ ​ធៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំ​២០២២ និង​ប្រាក់ចំណេញ​សុទ្ធ ​ក្នុង​ការិយបរិច្ឆេទ​៣​ខែ ​ដែល​បានបញ្ចប់​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ សរុប​ចំនួន ២,៥៥៣ ​ពាន់​លាន​រៀល កើនឡើង​ចំនួន ៤,១០៨ពាន់​លាន​រៀល​ ស្មើនឹង២៦៤,១២​ភាគរយ ​ធៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំ​២០២២​។

អ្នកឧកញ៉ាគិត ម៉េង ប្រធាន​ក្រុមហ៊ុន​ RRC​ បានឱ្យដឹង​នៅក្នុង​របាយការណ៍​ថា ការដាក់ឱ្យ​ប្រើប្រាស់​យុទ្ធសាស្ត្រ ក្នុងការ​រស់នៅ​ជាមួ​យ​ជំងឺ​កូ​វីដ​១៩ របស់​ប្រទេស​កម្ពុជា កាលពី​ចុងឆ្នាំ​២០២១ បន្ទាប់ពី​ជោគជ័យ​ នៃ​ការចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​ យ៉ាង​ឆាប់រហ័ស និង​ចំនួន​ច្រើន​នោះ សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុង​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​ល្អប្រសើរ​ ក្នុងអំឡុង​ពេលដែល​រាយការណ៍​នេះ​។​

អ្នកឧកញ៉ា​បាន​បញ្ជាក់ថា “ធនាគារពិភពលោក​ ព្យាករ​កំណើនសេដ្ឋកិច្ច​ចំនួន៤,៨ភាគរយ ​ក្នុង​ឆ្នាំ ២០២២ ដោយសារ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍ និង​ភាព​ធន់​នៃ​ឧស្សាហកម្ម​កាត់ដេរ សេវាកម្ម​ដឹកជញ្ជូន និង​ការនាំចេញ​ស្បែកជើង”​។ អ្នកឧកញ៉ាបានបនន្តថា “ការមកដល់​របស់​ភ្ញៀវ​អន្តរជាតិ​សរុប ​បាន​កើន​ឡើងជា​លំដាប់​។ ទំនុកចិត្ត​លើ​អាជីវកម្ម និង​អ្នកប្រើប្រាស់​បាន​កើនឡើង ហើយ​ការវិនិយោគ​ទាំង​ក្នុង និង​ក្រៅប្រទេស​បាន​កើនឡើង​។ កំណើនសេដ្ឋកិច្ច​ត្រូវបាន​ព្យាករ​ថា​នឹង​កើនឡើង​ដល់​ ៥,២​ ភាគរយ​នៅ​ឆ្នាំ​២០២៣​”។

ទោះជា​យ៉ាងណាក៏ដោយ​ ក៏​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុ​ជា មាន​ភាព​ងាយ​ទទួលរង​គ្រោះជា​ពិសេស ​ដោ​យ​សារ​តែ​ការកើនឡើង​អតិផរណា កំណើនសេដ្ឋកិច្ច​ពិភព​លោក​​កាន់តែ​យឺត ការធ្លាក់ចុះ​នៃ​ការផ្គត់ផ្គង់​ថាមពល និង​អត្រា​ការប្រាក់​កាន់តែ​ខ្ពស់​។​

​អ្នកឧកញ៉ាគិត ម៉េងបាន​លើកឡើងថា​ ​ចំពេល​បរិយាកាស​ធុរកិច្ច​ដ៏​លំបាក​ក្រុមហ៊ុន RRC បាន​ដើរតួនាទី​យ៉ាងសំខាន់​ ក្នុងការ​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ​ប្រកបដោយ​និរន្តរភាព ​តាមរយៈ​ការបន្ត​ការចូល​រួមជាមួយ​អតិថិជន​ថ្មី ​សម្រាប់​​សេវាកម្ម​ដឹកជញ្ជូន​ទំនិញ​ដោយមាន​តម្លៃ​សមរម្យ​បំផុត ​ដើម្បី​សមស្រប​ជាមួយនឹង​ការផ្លាស់ប្តូរ​បរិយាកាស​សេដ្ឋកិច្ច​។

​អ្នកឧកញ៉ា​បន្តថា​ ​នៅក្នុង​ត្រីមាស​នេះ​ក្រុមហ៊ុន​RRC បាន​ផ្សព្វ​ផ្សាយ​យ៉ាងសកម្ម​ នូវ​សេវា​រថភ្លើង​ដឹក​អ្នកដំណើរ ដែល​បាន​បង្កើត​ជុំវិញ​គំនិត ​នៃ​ការចំណាយ​ពេលវេលា​ថ្ងៃបុណ្យ​ជាតិ ​ដោយ​ធ្វើដំណើរ​តាម​រថភ្លើង​ ដែល​គួរឱ្យ​ចងចាំ​បំផុត​ទៅកាន់​ភាគ​ខាងជើង និង​ខាងត្បូង​នៃ​ប្រទេស​កម្ពុជា​។​

អ្នកឧកញ៉ាគិត ម៉េងបាន​លើកឡើងថា​ ​ប្រាក់ចំណូល​សរុប​មាន​ចំនួន ​១២,៧៣៦ ពាន់​លាន​រៀល កើនឡើង​០,១២ ភាគរយ​ ធៀប​នឹង​ត្រីមាស​ដូចគ្នា​ក្នុង​ឆ្នាំ ២០២២​ ដោយសារតែ​ការកើនឡើង​ នៃ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ដែក ​ទៅកាន់​ខ្សែ​ភាគ​ខាង​ជើង និង​ចំណូល​ដឹកជញ្ជូន​អ្នកដំណើរ​កើនឡើង នៅ​ត្រីមាស​ទី​១​ឆ្នាំនេះ​។​

អ្នកឧកញ៉ា​បាន​បន្តថា ជា​ផ្នែក​មួយ​នៃ​ការលើកទឹកចិត្ត​ក្នុងការ​ចុះបញ្ជី ក្រុមហ៊ុន​មួយ​នេះ បានដាក់​លិខិត​មួយ​ទៅ​ SERC កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២២​ដោយ​ស្នើ សុំ​លើកលែង​បំណុល​ពន្ធ​ទាំង​អស់ ពី​អគ្គនាយកដ្ឋាន​ពន្ធដារ (GDT)​ ។

នៅ​ថ្ងៃទី ៨​ខែកុម្ភៈ ឆ្នាំ​២០២៣ ក្រុមហ៊ុន​បានទទួល​ការជូនដំណឹង​ពី​ SERC​ ថា​សំណើ​ត្រូវបាន​ដាក់ជូន ​GDT​។ នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២៣​សំណើ​លើកលែង​ពន្ធ ​ត្រូវបាន​ផ្តល់ឱ្យ​ក្រុមហ៊ុន​ដោយ​GDT ​ដែលមាន​ចំនួន​ជាង១,៨លានដុល្លារ​។ នេះ​ជា​ព្រឹត្តិ​ការ​ណ៍​សំខាន់​មួយទៀត​រហូតមកដល់​ពេលនេះ​។

​កាលពី​ថ្ងៃទី​២៨​ ខែមេសា ក្រុមហ៊ុនRRC បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ចំនួន​៣ ផ្សេងទៀត​ដើម្បី​អភិវឌ្ឍ​ដី​ដែល​មិនទាន់​បាន​ប្រើប្រាស់ ​នៅតាម​បណ្តោយ​ផ្លូវ​រថភ្លើង​ប្រវែង​ ៣០០ គីឡូ​ម៉ែត្រ ដោយ​ផ្តោតលើ​ថាមពល​កកើត​ឡើងវិញ (RE) និង​កសិកម្ម ដែល​ពាក់ព័ន្ធ ​នឹង​ការសិក្សា​លទ្ធភាព ​សម្រាប់​ការអភិវឌ្ឍ​ដី​ដែល​លាតសន្ធឹង ​ពី​ក្រុង​ប៉ោយប៉ែ​ត ដល់​ខេត្ត​ព្រះសីហនុ​៕

មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិថ្មីមួយកំពុងត្រៀមរះ លើមហាវិថីនរោត្តម

ដោយៈ គង់ ជេស៊ីកា

ភ្នំពេញៈ ក្រុមហ៊ុនTP Moral Group បានចាប់ផ្តើមសាងសង់ជាផ្លូវការលើគម្រោងសំខាន់មួយ គឺអគារNorodom Business Tower ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ។

ការអភិវឌ្ឍន៍ដ៏គួរឱ្យរំភើបនេះ រួមមាន អគារការិយាល័យពាណិជ្ជកម្មទំនើប និងសណ្ឋាគារលំដាប់ផ្កាយ៥ ឈ្មោះ Pan Pacific Phnom Penh ដំបូងគេដែលមិនធ្លាប់មាន។

ការអភិវឌ្ឍន៍ដែលគ្របដណ្តប់ លើផ្ទៃដីទំហំ2,000 ម៉ែត្រការ៉េ ស្ថិតនៅចំកណ្តាល នៃសង្កាត់ពាណិជ្ជកម្មកណ្តាល (CBD) នៃរាជធានីភ្នំពេញ ហើយបានត្រៀមខ្លួនក្លាយជាទីសំគាល់ដ៏សំខាន់មួយ។

អគារ Norodom Business Tower មានកម្ពស់28ជាន់ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ដ៏មានកិត្យានុភាព ដែលជាទីតាំងសំខាន់មួយនៅក្នុងពិភព នៃមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់កម្ពុជា។ ទីតាំងយុទ្ធសាស្ត្រប៉មនេះ គឺនៅជិតមជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយ និងការទូត ដែលផ្តល់ភាពងាយស្រួល និងភាពងាយស្រួលដែលមិនអាចប្រៀបផ្ទឹមបាន។

អគារនេះ នឹងមានកន្លែងចតរថយន្តក្រោមដីចំនួន៤ជាន់ ការិយា​ល័យសេវាកម្ម Grade A ចំនួន១០ជាន់ ជាមួយនឹងធាតុផ្សំនៃការរចនាបែបទំនើប និងធម្មជាតិ និង១៦ជាន់ដែលឧទ្ទិសដល់សណ្ឋាគារលំដាប់ផ្កាយ 5 Pan Pacific ដ៏ប្រណិត(Singapore Brand)។

សណ្ឋាគារនេះ នឹងផ្តល់នូវកន្លែងស្នាក់នៅបែបទំនើប ជម្រើសនៃការទទួលទានអាហារដ៏ប្រណិត កន្លែងកម្សាន្ត និងរបារនៅលើដំបូល និងអាងហែលទឹក ដែលផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យនៃទីក្រុង និងមាត់ទន្លេ។

លោក ឃុន ធី ប្រធានក្រុម TPMG បានគូសបញ្ជាក់ថា គម្រោងនេះនឹងសម្គាល់ជំពូកថ្មីមួយ នៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន ព្រោះថាវានឹងផ្តល់ឱ្យក្រុមនូវឱកាសថ្មីៗ ភាពជាដៃគូនាពេលអនាគត និងក្នុងពេលជាមួយគ្នា ក្នុងការអភិវឌ្ឍផលប័ត្រអចលនទ្រព្យ សម្រាប់ផលប្រយោជន៍ជាតិ រយៈពេលវែងក្រោមភាពឆ្លាតវៃ ក្រោមការដឹកនាំ និងចក្ខុវិស័យរយៈពេលវែង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

TP Moral Group បានចាប់ដៃគូជាមួយក្រុមហ៊ុន Pan Pacific និងដៃគូអន្តរជាតិសំខាន់ៗមួយចំនួន រួមទាំងអ្នកម៉ៅការសំខាន់ MCC ក្រុមហ៊ុន Aedas (រចនាស្ថាបត្យកម្ម), Meinhardt (ទីប្រឹក្សាបច្ចេកទេសលើរចនាសម្ព័ន្ធ និង MEP), Bkasia (QS Consultant), Atelier (ទីប្រឹក្សាគ្រប់គ្រងគម្រោង), EcoID ( រចនាផ្ទៃខាងក្នុង) និង Arup (អ្នកប្រឹក្សាផ្នែកសូរស័ព្ទ)៕

លោកថោង ខុនត្រូវបានតែងតាំងជាសមាជិកកិត្តិយស (Membre d’Honneur) ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក

ដោយៈ ហ្វីអូណា

ភ្នំពេញៈ អបអរសាទរ លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេស​ចរណ៍ ត្រូវបានជ្រើសតាំងជាសមាជិកកិត្តិយស (Membre d’Honneur) ក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោក នាឱកាសកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្លឹប នៅ់ទីក្រុងឆ្នេរសមុទ្រ ​Horta ប្រទេសព័រទុយហ្កាល់។

កាលពីថ្ងៃទី២៧-២៩ ខែឧសភា ឆ្នាំ២០២៣ លោកបណ្ឌិត ជុក ជំនោរ អគ្គលេខាធិការក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោក បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្លឹប ដែលបានប្រព្រឹត្តទៅនៅ់ទីក្រុងឆ្នេរសមុទ្រ ​Horta លើកោះ Faial នៃប្រជុំកោះ Azores ប្រទេសព័រទុយហ្កាល់។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ធ្វើឡើងក្រោមអធិបតីភាពលោក Louis Thebault ប្រធានក្លឹប និងលោក Carlos Ferrera អភិបាលក្រុង Horta និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលក្លឹប ដែលជាអគ្គលេខាធិការ អគ្គនាយក អនុប្រធានក្លឹបទទួលបន្ទុកទ្វីបទាំង៤ និងអគ្គហិរញ្ញឹកក្លឹប។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាទៅលើរបៀបវារៈជាច្រើន ដោ​យផ្តោតលើវឌ្ឍនភាពការងារ ការកែសម្រួលលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងក្លឹប ការពិភាក្សាលើបេក្ខភាពឆ្នេរសមាជិកថ្មី ការពង្រឹងការផ្សព្វផ្សាយតួនាទីក្លឹបលើឆាកអន្តរជាតិ និងការត្រៀមលក្ខណៈរៀបចំមហាសន្និបាតក្លឹបលើកទី១៧ នៅឆ្នេរសមុទ្រ Yeosu ប្រទេសកូរ៉េខាងត្បូង រួមជាមួយបញ្ហាចំពោះមុខមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំនេះផងដែរ អង្គប្រជុំបានឯកភាពជាឯកច្ន័ន្ទក្នុងការជ្រើសតាំងឥស្សរជនចំនួន៣រូប ដែលមានស្នាដៃឆ្នើម ជាសមាជិកកិត្តិយសរបស់ក្លឹប (Membre d’Honneur) ដែលរួមមាន លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មកពីឆ្នេរសមុទ្រកម្ពុជា

– លោក Abdoulaye SENE ទីប្រឹក្សាប្រធានាធិបតីសេនេហ្កាល់ មកពីឆ្នេរសមុទ្រ Sine Saloum ប្រទេសសេនេហ្កាល់។

– លោក Yves Borius អតីតនាយកហិរញ្ញវត្ថុអង្កការ OCDE មកពីឆ្នេរសមុទ្រ Morbihan ប្រទេសបារាំង។

បច្ចុប្បន្ន ក្លឹបមានសមាជិកកិត្តិយសតែ២រូបប៉ុណ្ណោះ គឺលោកស្រី Michelle Pauly មកពីឆ្នេរសមុទ្រ Somme ប្រទេសបារាំង និងលោក Zorica Kravuk ជនជាតិក្រូអាស៊ី។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី គឺជាឥស្សរជនជនជាតិអាស៊ីដំបូង និងតែម្នាក់គត់ ដែលត្រូវបានក្រុមប្រឹក្សាភិបាលក្លឹប សម្រេចជ្រើសតាំងជាបេក្ខភាពសមាជិកកិត្តិយសរបស់ក្លឹប ដែលជាការទទួលស្គាល់ថ្មីបន្ថែមទៀត នូវតួនាទីរបស់កម្ពុជាលើឆាកអន្តរជាតិ ហើយក៏ជាមោទនភាពដ៏ធំមួយសម្រាប់កម្ពុជាផងដែរ។

ទន្ទឹមនឹងនេះ ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡា SEA GAME នៅកម្ពុជា ក៏ត្រូវបានក្រុមប្រឹក្សាភិបាលក្លឹប លើកមកធ្វើការកត់សម្គាល់ និងសរសើរអំពីភាពមហស្ចារ្យនៃការរៀបចំ ពិសេសតាមរយៈវត្តមានដោយផ្ទាល់របស់ លោក Bruno Bodard ក្នុងពិធីបើកព្រឹត្តិការណ៍ និងការទស្សនាកម្មវិធីប្រកួតមួយចំនួន ហើយដែលសារព័ត៌មានជុំវិញពិភពលោក សុទ្ធតែបានចុះផ្សាយ និងទទួលស្គាល់អំពីជោគជ័យនៃការរៀបចំព្រឹត្តិការណ៍នេះ។

ឆ្នេរសមុទ្រកម្ពុជា បានក្លាយជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោក កាលពីឆ្នាំ២០១១។ បន្ទាប់ពីពេលនោះមក កម្ពុជាបានដើរតួនាទីយ៉ាងសកម្មភាព ក្នុងស្ថាប័នអន្តរជាតិមួយនេះ ដោយបានកាន់តំណែង ជាអនុប្រធានក្លឹបទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ២អាណត្តិជាប់គ្នា គឺ២០១៣-២០១៥ និង២០១៦-២០១៨ ជាអគ្គនាយករងក្លឹបសម្រាប់អាណត្តិ ២០១៩-២០២២ និងកំពុងកាន់តំណែង ជាអគ្គលេខាធិការក្លឹបសម្រាប់អាណត្តិ ២០២៣-២០២៥ ដែលមាន លោកបណ្ឌិតជុក ជំនោរ ជាតំណាង៕

សិង្ហបុរីក្លាយជាទីក្រុងដ៏ថ្លៃបំផុត នៅតំបន់អាសុីប៉ាសុីហ្វិកសម្រាប់ទិញ ឬជួលផ្ទះឯកជន

ដោយ: គង់ លាងហួរ

សិង្ហបុរី: យោងតាមរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះបានឱ្យដឹងថា តម្លៃជាមធ្យមនៃផ្ទះឯកជនមួយនៅក្នុងប្រទេសសិង្ហបុរីគឺ១,២លានដុល្លារអាមេរិក (១,៦លានដុល្លារសិង្ហបុរី) ក្នុងឆ្នាំ ២០២២ ដែលជាតម្លៃខ្ពស់បំផុតក្នុងចំណោមបណ្តាទីក្រុងនានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

នៅក្នុងសន្ទស្សន៍នៃលទ្ធភាពទទួលបានផ្ទះចុងក្រោយបំផុតដោយវិទ្យាស្ថាន Urban Land Institute (ULI) Asia Pacific Center for Housing សិង្ហបុរីក៏បានជាប់ចំណាត់ថ្នាក់ជាកន្លែងដែលថ្លៃបំផុតក្នុងតំបន់សម្រាប់ជួលផ្ទះឯកជនផងដែរ។

នៅក្នុងលក្ខខណ្ឌនៃតម្លៃសមរម្យ តម្លៃផ្ទះឯកជនជាមធ្យមនៅក្នុងប្រទេសសិង្ហបុរីគឺស្មើ១៣,៧ដងនៃប្រាក់ចំណូលគ្រួសារជាមធ្យម។ នៅលើរង្វាស់ប្រៀបធៀបចុងក្រោយ សិង្ហបុរីជាប់ចំណាត់ថ្នាក់ជាទីក្រុងដែលមានតម្លៃសមរម្យបំផុតទីពីរនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីទីក្រុង Brisbane ក្នុងប្រទេសអូស្ត្រាលី។

របាយការណ៍នេះផ្តល់ពត៌មានអំពីលំនៅដ្ឋានដែលអាចទទួលបាននៅក្នុងទីក្រុងចំនួន៤៥ ក្នុងប្រទេសចំនួន៩នៅតំបន់អាស៊ីប៉ាស៊ីហ្វិករួមមាន ប្រទេសអូស្ត្រាលី ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង និងវៀតណាម។

របាយ​ការណ៍​បាន​បន្ត​ថា​ ក្នុង​ឆ្នាំ​២០២២កន្លង​ទៅ តម្លៃ​ផ្ទះ​ឯកជន​ជា​មធ្យម​របស់​សិង្ហបុរី​បាន​កើន​ឡើង​ជាង ៨ ភាគរយ ខណៈ​តម្លៃ​ផ្ទះ​ជា​មធ្យម​របស់​ទីក្រុង​ហុងកុង​បាន​ធ្លាក់​ចុះ ៨,៧ ភាគរយ។

របាយការណ៍បានលើកឡើងពីកត្តាមួយចំនួន ដែលជំរុញឱ្យមានការកើនឡើងតម្លៃនៅក្នុងប្រទេសសិង្ហបុរី ដូចជា លំហូរចូលដ៏ធំនៃជនអន្តោប្រវេសន៍ និងនិន្នាការកំពុងកើនឡើងនៃអ្នកជំនាញវ័យក្មេងដែលផ្លាស់ចេញពីផ្ទះគ្រួសារ ដើម្បីស្វែងរកសេរីភាពកាន់តែច្រើន។

លើសពីនេះ វាក៏បណ្តាលមកពីការកាត់បន្ថយការផ្គត់ផ្គង់លំនៅដ្ឋានថ្មីផងដែរនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការរំខានដែលបង្កឡើងដោយជំងឺកូវីដ-១៩ ដល់ខ្សែសង្វាក់ផ្គត់ផ្គង់សម្ភារសំណង់ និងកម្លាំងពលកម្ម។

រដ្ឋាភិបាលសិង្ហបុរីបានព្យាយាមដោះស្រាយបញ្ហានៃការកើនឡើងតម្លៃផ្ទះជាមួយនឹងវិធានការអចលនទ្រព្យជាបន្តបន្ទាប់។  សំណុំចុងក្រោយបំផុតដែលបានដាក់ចេញនៅក្នុងខែមេសា រួមមានវិធានការដូចជា ការបង្កើនពន្ធទ្វេរដងរហូតដល់៦០ភាគរយលើអតិថិជនបរទេស៕

តើបរធនបាលកិច្ចអចលនទ្រព្យនឹងជួយទាក់ទាញការវិនិយោគបន្ថែមសម្រាប់កម្ពុជា?

ដោយៈ សហការី

ភ្នំពេញៈ ​កម្ពុជា​នឹងដាក់​ឱ្យ​ដំណើរការ​ បរ​ធន​អ​ច​លន​ទ្រព្យ​វិនិយោគ ​(REIT)​ នៅពេល​ណាមួយ​ក្នុងឆ្នាំនេះ ដែលជា​ការវិវត្ត​ថ្មី​មួយ​ដើម្បី​ជំរុញ និង​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ និង​សំណ​ង់ ដែល​កំពុង​ទាក់ទាញ​ការវិនិយោគ​ បាន​យ៉ាងច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

អគ្គនាយក​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ​(SERC)​ លោកស៊ូ សុជាតិបានមានប្រសាសន៍ថា REIT នឹង​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​គ្រប់គ្រង​មូល​និ​ធិ ​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពីSERC​។ បច្ចុប្បន្ន​ស្ថាប័ន​នេះ ​បានផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​មួយចំនួន​រួចហើយ​។​

លោក​បញ្ជាក់ថា “​បរ​ធន​អ​ច​​លន​ទ្រព្យ​វិនិយោគ ​នឹងត្រូវ​ដាក់ឱ្យ​ដំណើរការ​នៅ​ឆ្នាំនេះ ដោយ​វា​នឹង​បម្រើ​ជា​ផលិតផល​ហិរញ្ញ​​វត្ថុ​ថ្មី​មួយ​ដែល​ក្រុមហ៊ុន​ គ្រប់​គ្រង​មូលនិធិ​បង្កើតឡើង ​ដើម្បី​ប្រមូល​មូលនិធិ​អភិវឌ្ឍ​នៅក្នុង​វិស័យ​អចលន ទ្រព្យ​សម្រាប់​បង្កើត​ប្រាក់ចំណេញ​ដល់​វិ​និ​យោគិន​”។​

លោក​ថ្លែងថា ​យើង​ជឿថា​វា​នឹងត្រូវ​ដាក់ឱ្យ​ដំណើរការ​ ក្នុងឆ្នាំនេះ ​តាមរយៈ​ក្រុមហ៊ុន​គ្រប់​​គ្រង​មូលនិធិ​ ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​យើង​។ REIT ជា​ផលិតផល​ដែល​ត្រូវបាន​បង្កើតឡើង​សម្រាប់​ការអភិវឌ្ឍ​វិស័យនេះ ​តាមរយៈ​ការប្រមូល​មូល​និ​ធិ​ពី​វិនិយោគិន​។ យើង​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន ​គ្រប់​​គ្រង​មូលនិធិ​ជុំវិញ​ការបង្កើត​នេះ​ដើម្បី​ធ្វើឱ្យ​ឧស្សាហ​កម្មនេះ​ដំណើរការ​ដោយ​រលូន​។​

ជាមួយគ្នានេះ លោក ច្រឹ​ក សុខ​នី​ម អគ្គ​នា​​យក​ក្រុមហ៊ុន Century 21 Mekong បាន​សាទរ​ថា គំនិត​ផ្តួចផ្តើម​នេះ​នឹង​ជំរុញ​ឧស្សាហ​កម្មនេះ ដោយ​អនុញ្ញាតឱ្យ​ក្រុម​ហ៊ុន​គ្រប់គ្រង​មូលនិធិ​អាច​ប្រ​​មូល​មូលនិធិ​ពី​សាធារណជន ដើម្បី​ធ្វើឱ្យ​ឧស្សាហកម្ម​កាន់តែ​រីកចម្រើន​។​

លោក​បញ្ជាក់ថា​ “​យើង​គិតថា ការដាក់ឱ្យ​ដំណើរការ​បរ​ធន​អចលនទ្រព្យ ​នឹង​ក្លាយជា​វិធាន​​ការ​មួយ​ដ៏​ល្អ ​សម្រាប់​អ្នក​នៅក្នុង​ឧស្សាហកម្ម​អចលនទ្រព្យ ​ឱ្យមាន​សមត្ថភាព​កាន់តែច្រើន​ក្នុងការ​ប្រមូល​មូលនិធិ​ពីសា​​ធារ​ណ​ជន​”។ លោកបន្តថា “RIT ដែល​ត្រូវបាន​ត្រួតពិនិត្យ​ដោយ SERC នឹង​បង្កើត​ទំនុកចិត្ត​ក្នុងចំណោម​វិ​និ​យោគិន​សាធារណៈ និង​អ្នក​នៅក្នុង​ឧស្សាហកម្ម​ ដែលជា​ប់​ទាក់​ទង​ផ្សេងទៀត​ដែល​ចង់​វិនិយោគ​ក្នុង​វិស័យនេះ​នៅ​កម្ពុជា​”។​

ក្រសួង​រៀបចំ​ដែនដី នគ​រូប​នីយកម្ម និង​សំណង់ បាន​អនុ​ម័ត​គម្រោង​វិនិយោគ​សំណង់​សរុប​ចំនួន​៤២៧៥ កាលពី​ឆ្នាំ​ ២០២២ ធ្លាក់ចុះ២៨​ គម្រោង ឬ០,៦៥ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២១ ក្រោម​ដើមទុន​សរុប២៩៦៨​ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ៤៦,៨​ ភាគរយ​។ នេះ​បើតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

ទិន្នន័យ​បានបង្ហាញ​ទៀតថា វិស័យ​លំនៅឋាន​តំណាងឱ្យ៣ ៧៦៨ ​នៃ​គម្រោង កើនឡើង​ពី៣៧២០ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ឬ៨៨,១៤​ ភាគរយ​នៃ​ចំនួន​សរុប​ ដែល​កើនឡើង​ពី ៨៦,៤៥ ភាគរយ​ក្នុង​ឆ្នាំ​២០២១​៕

សម្តេចតេជោនឹងអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ស្ពានយោងដោយខ្សែកាបឆ្លងកាត់ទន្លេរសាប

ដោយៈ ហ្វីអូណា

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានរៀ​បចំការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវស្ថិតក្នុងខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វារ។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ ចាប់ពីថ្ងៃទី៣០ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ ស៊ីវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាកចរាចរ ជាបណ្ដោះអាសន្នយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប និងជុំវិញ ទីតាំងប្រារព្ធពិធីចាប់ពីវេលាម៉ោង ១៤:០០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ តទៅ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀ​សការធ្វើដំណើរឆ្លងកាត់ ទីតាំងប្រារព្ធពិធីតាមកាលបំរិច្ឆេទខាងលើដោយ អនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យចរាចរជាធម្មតាវិញ។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្ទូងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ហាការដ្ឋានកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌជ្រោយចង្វារ រដ្ឋបាលខណ្ឌឫស្សីកែវ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិ​ទ្ធភាពខ្ពស់៕

ខេត្តព្រះសីហនុបន្តបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ

ដោយៈ គង់ សូរិយា

ព្រះសីហនុៈ អាជ្ញាធរខេត្តព្រះសីហនុ បានបើកការដ្ឋានជួសជុលផ្លូវបេតុងចំនួន០១ខ្សែ ប្រវែង៣៦៥ម៉ែត្រ និងប្រកាសជួសជុលផ្លូវបេតុងចំនួន២៩ខ្សែ ប្រវែង១៤,១៣២ម៉ែត្រ ស្ពានចំនួន១ទីតាំង លូកាត់ទទឹងផ្លូវចំនួន៦ទីតាំង និងលូប្រអប់ចំនួន២កន្លែង នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើនបានមានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ឋទាំងនោះកាលពីថ្ងៃទី២៩ ឧសភាថា ក្រសួងមហាផ្ទៃបានធ្វើការប្រឡងប្រណាំងពានរង្វាន់ការបំរើសេវាសង្គម សម្រាប់បណ្តាឃុំ សង្កាត់នៅទូទាំងប្រទេស ដោយឡែកនៅខេត្តព្រះសីហនុ ឆ្នាំ២០២៣ រដ្ឋបាលខេត្តបានជម្រុញឱ្យមានការប្រឡងប្រណាំងការបំរើសេវាល្អ ដើម្បីឱ្យថ្នាក់មូលដ្ឋានមានការប្រឡងប្រណាំង ផ្តល់រង្វាន់លើកទឹកចិត្តលើការងារបំរើសេវាល្អ ជូនបងប្អូនប្រជាពលរដ្ឋ ហើយចាប់ពីឆ្នាំ២០២២ និងបន្តមកឆ្នាំ២០២៣ ក្នុងការបំរើសេវាល្អ និងទទួលយកសំណូមពរពីប្រជាពលរដ្ឋ ក្នុងគោលដៅបំរើសេវាសាធារណ នៅមូលដ្ឋានកាន់តែល្អប្រសើរបន្ថែមទៀត៕

NEAនឹងនាំយកឱកាសការងារដល់យុវជននៅចំនួន១៥,០០០នាក់នៅខេត្តចំនួន៤

ដោយៈ គង់ ហ្វីអូណា

ភ្នំពេញៈ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងនាំយកឱកាសការងារសរុបប្រមាណ១.៥ ម៉ឺនកន្លែង ពីក្រុមហ៊ុនជាច្រើនដល់យុវជននៅតាមបណ្តាខេត្តសំខាន់ៗចំនួន៤។

ឱកាសការងារក្នុងវិស័យសំខាន់ៗ មានដូចជា សេវាកម្ម ឧស្សា​ហកម្ម និងកសិកម្ម ជូនដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាទស្សនកិច្ចការងារស្តីពី “ឱកាស ការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ”ក្នុងខេត្តគោលដៅចំនួន៤ដូចជា៖

•ខេត្តបាត់ដំបង ៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅសាលមហោស្រពស្ទឹងសង្កែ។

•ខេត្តសៀមរាប ៖ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យបៀលប្រាយ។

•ខេត្តកំពង់ធំ ៖ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យឯកទេស នៃកម្ពុជា ។

•ខេត្តកំពង់ចាម ៖ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅអគារសហភាពសហព័ន្ធ យុវជនកម្ពុជា។

វេទិកាទស្សនកិច្ចការងារនេះ មានគោលបំណងនាំយកឱកាសការងារ កម្មសិក្សាការងាររាប់ម៉ឺនកន្លែង និងព័ត៌មានវគ្គបណ្តុះបណ្តាលជំនាញជូនដល់អ្នកស្វែងរកការងារ យុវជន សិស្ស-និស្សិត និងសាធារណជន ព្រមទាំងផ្តល់ឱកាសជូននិយោជក ដែលកំពុងមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម បានជួបដើម្បីធ្វើការសម្ភាសន៍ជាមួយអ្នកស្វែងរកការងារ។

ស្របពេលជាមួយគ្នា វេទិកានេះក៏មានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីសំណាក់វាគ្មិនជំនាញ ជូនដល់អ្នកស្វែងរកការងារ យុវជន និងសិស្ស-និស្សិត អំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ សម្រាប់ការបង្កើនឱកាសទទួលបាន ការងារធ្វើកាន់តែប្រសើរ។

ការរៀបចំវេទិកានេះ គឺជាយន្តការនៃការផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈNEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយស្វែងការងារធ្វើជូនដល់ប្រជាពលរដ្ឋ ហើយត្រូវបានរៀបចំឡើងជាប្រចាំដោយ NEA ដើម្បីជួយផ្គូរផ្គង និងផ្គត់ផ្គង់កម្លាំងពលកម្មទៅដល់ក្រុមហ៊ុន សហគ្រាស ដែលកំពុងត្រូវការបុគ្គលិកនិងកម្មករនិយោជិត។

វេទិកាទស្សនកិច្ចការងារនេះ ត្រូវបានសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact៕