ដោយ៖ សុផារី
ភ្នំពេញ៖ ការរីកចម្រើនវិស័យឧស្សាហកម្ម បាននិងកំពុងបន្តកើនឡើង ធ្វើឲ្យមានតម្រូវការអចលនទ្រព្យដីធ្លីគួរ។
យ៉ាងណាក្តី អ្នកជំនាញមើលឃើញថា តម្រូវការឃ្លាំងផ្ទុកទំនិញ នៅតាមបណ្តាតំបន់ជាយក្រុង និងខេត្តជាយក្រុង នៅមិនទាន់មានកំណើន គួរឱ្យកត់សម្គាល់នោះឡើយ ស្របទៅនឹងកំណើនរោងចក្រសហគ្រាសនោះទេ។
លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងថា តម្រូវការឃ្លាំងជួល នៅមិនទាន់មានកំណើនគួរឱ្យកត់សម្គាល់ទេ ដោយសារយើងអាចមើលឃើញពីបរិមាណនៃកំណើនឧស្សាហកម្ម មានភាពប្រដំប្រសងគ្នា ពីមួយឆ្នាំទៅមួយឆ្នាំ។
លោកមានប្រសាសន៍ថា “ទាក់ទងនឹងគម្រោងការប្រើប្រាស់រោងចក្រ ទិន្នន័យការបិទការបើករោងចក្រ ហាក់ដូចជាស្ថិតនៅក្នុងលក្ខខណ្ឌមួយ មិនមានការប្រែប្រួលខ្លាំងណាស់ណានោះទេ។ កំណើនឃ្លាំង អាចមើលឃើញថា ក៏មិនមានតម្រូវការខ្លាំងណាស់ណានោះទេ”។
អ្នកជំនាញរូបនេះមើលឃើញថា តម្លៃជួលឃ្លាំងក៏មិនមានការប្រែប្រួលខ្លាំងខុសពីឆ្នាំ២០២១នោះទេ ដោយម្ចាស់អាជីវកម្មខ្លះបានប្រើប្រាស់វិធីសាស្ត្រក្នុងការបញ្ចុះតម្លៃជូនដល់អតិថិជន ដែលជួលក្នុងរយៈពេលវែង ដើម្បីលើកទឹកចិត្ត និងទាក់ទាញ ជំរុញចរន្តនៃការជួលឃ្លាំងឡើងវិញ ក្រោយប្រឈមផលប៉ះពាល់ ដោយសារវិបត្តិជំងឺ។
លោកថា “តម្លៃនៃការជួលឃ្លាំងហាក់ដូចជាដូចជាមួយឆ្នាំទៅទេ។ មានកន្លែងខ្លះ ក្នុងលក្ខខណ្ឌលើកទឹកចិត្ត គេឃើញមានការ Discount ជូនអតិថិជន ដែលជួលក្នុងរយៈពេលវែង នៅក្នុងទីតាំងរបស់គេ ជាពិសេសតាំងពីសម័យកូវីដ១៩ឆ្នាំ២០២០មក ដើម្បីទាក់ទាញគម្រោងឧស្សាហកម្ម វាយនភណ្ឌ ក៏ដូចជាការប្រើប្រាស់ឃ្លាំងស្តុកទំនិញផ្សេងៗ ដើម្បីឱ្យមានចរន្តជួលឡើងវិញ”។
លោកបន្តថា “នាពេលបច្ចុប្បន្ននេះ រោងចក្រមានបើក មានបិទ តែក្នុងការផ្សព្វផ្សាយមានតែការបើកគម្រោងតែប៉ុណ្ណោះ។ តាមការសិក្សា ក្នុងដំណាក់កាលនេះ វាមានកំណើននៃការបើក ក៏មានកំណើននៃការបិទដូចគ្នា តែកំណើននៃការបើកថ្មីមានចំនួនច្រើនជាងបន្ទិច”។
បើតាមអ្នកជំនាញរូបនេះបានឱ្យដឹងថា កំណើននៃរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចនានាមានកំណើន ដែលបណ្តាលឱ្យមានការប្រកួតប្រជែង ក្នុងការទាក់ទាញទៅតាមតំបន់នីមួយៗ។
លោកប៊ុន ហួត អគ្គនាយកក្រុមហ៊ុនភីស៊ីវ ប្រភើធី បានមានប្រសាសន៍ឱ្យដឹងថា នៅតាមបណ្តោយផ្លូវជាតិលេខ៥១ ដែលជាតំបន់ប្រមូលផ្ដុំដោយរោងចក្រ សហគ្រាស និងគម្រោងអភិវឌ្ឍន៍នានា គេសង្កេតឃើញថា ចំនួនរោងចក្រ នៅបន្តហូរចូលមកជាបន្តបន្ទាប់ ប៉ុន្តែតម្រូវការឃ្លាំងជួល នៅមិនទាន់មានច្រើនណាស់ណានោះទេ៕