ធនាគារពិភពលោកៈសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំនើន៤,៥ភាគរយ ស្របពេលវិបត្តិឡើងថ្លៃប្រេងឥន្ឋនៈ

0

  ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២ នឹងទទួលបានកំណើន៤,៥ភាគរយ ។ នេះបើតាមការព្យាករចុងក្រោយរបស់ធនាគារពិភពលោក ដែលចេញផ្សាយនៅថ្ងៃទី៣០ មិថុនា ២០២២នេះ។

យោងតាមរបាយការណ៍បច្ចុប្បន្នភាពស្ដីពី ស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ក្រោមចំណងជើង Weathering the oil Price Shock ដែលចេញផ្សាយដោយធនាគារពិភពលោក ក្នុងខែមិថុនានេះបានបង្ហាញថា ខណៈដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការនាំចេញទំនិញទៅទីផ្សារអន្តរជាតិកំពុងរើបឡើងវិញ ពីការធ្លាក់ចុះ ក្នុងសម័យមានការរាតត្បាតជំងឺកូវីដ១៩ កំណើននេះមានសភាពមិនដូចគ្នានៅតាមគ្រប់ផ្នែកទេ ដោយសារតែអតិផរណា ដែលបណ្ដាលមកពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន ។

របាយការណ៍ដដែលនេះបង្ហាញថា នៅក្នុងឆមាសទី១ឆ្នាំ២០២២នេះ ការនាំចេញ មានទឹកប្រាក់៤,៨ពាន់លានដុល្លារអាមេរិក  កឺកើនឡើង២៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ វិស័យប្រពៃណីដែលជំរុញកំណើន រួមមានផ្នែកកាត់ដេរសម្លៀកបំពាក់ ទំនិញ ធ្វើដំណើរនិងស្បែកជើងនៅតែបន្តរីកទំហំ រីឯឧស្សាហកម្មផលិតថ្មីៗ ដូចជា ផ្នែកផលិតបរិក្ខារអគ្គិសនី និងគ្រឿងបន្លាសរថយន្តជាដើម កំពុងតែលេចរូបរាងហើយការនាំចេញទៅកាន់សហរដ្ឋអាមេរិក ក៏កំពុងតែស្ទុះឡើងវិញផងដែរ ។

ថ្វីត្បិតតែសេដ្ឋកិច្ចមានសន្ទុះខ្លាំងក៏ពិតមែន ប៉ុន្តែដំណើរស្ដារឡើងវិញបែរជាជួបសភាពយឺតយ៉ាវ ដោយសារតែការស្រុតចុះ នូវតម្រូវការទីផ្សារសកល ។ ការឡើងថ្លៃឥតស្រាកស្រាន្តនៃប្រេងឥន្ធនៈ និងស្បៀងអាហារនៅលើទីផ្សារពិភពលោកកំពុងរុញ អតិផរណាឱ្យកាន់តែធំឡើង ហើយនៅកម្ពុជា គ្រួសារក្រីក្រនិងងាយរងគ្រោះ ដែលមិនសូវមានប្រាក់សន្សំ ទំនងជាត្រូវរងទម្ងន់នៃការលំបាកធ្ងន់ជាងគេ ពីសំណាក់វិបត្តិប្រេងឡើងថ្លៃនេះ។

របាយការណ៍បានបន្ថែមថថា ឱនភាពបញ្ជីសារពើពន្ធត្រូវបានរំពឹងទុកថានឹងកើនដល់៦,៣ភាគរយ នៃផលទុនជាតិសរុប(ផ.ស.ស) ដោយ​សារតែរដ្ឋាភិបាលចាំបាច់ ត្រូវបន្តធ្វើការចំណាយទៅលើកម្មវិធីនានា ដើម្បីជួយដល់ជនក្រីក្រ។

លោកស្រី ម៉ារីយ៉ាម សាលីមប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំ កម្ពុជាមានប្រសាសន៍ថា យុទ្ធសាស្ត្ររស់នៅជាមួយកូវីដ១៩ បានបង្កលក្ខណៈឱ្យសេដ្ឋកិច្ច មានដំណើរការឈានទៅស្ដារស្ថានភាពឡើងវិញ ប៉ុន្តែផ្លូវទៅមុខទៀតនៅស្រពេចស្រពិលនៅឡើយ។

លោកស្រីបន្តថា ការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារលើពិភពលោក ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន កំពុងតែបន្ថែមទម្ងន់នៃការលំបាកថែមទៀតទៅលើជនក្រីក្រ ហើយវាក៏នឹងធ្វើឱ្យការកាត់បន្ថយភាពក្រីក្រថមថយល្បឿនវិញដែរ។ កម្មវិធីផ្ទេរសាច់ប្រាក់របស់រដ្ឋាភិបាល ដែលកន្លងមកមានសារសំខាន់ណាស់ ក្នុងការជួយគ្រួសារក្រីក្រ ក្នុងការឆ្លងកាត់ការលំបាកក្នុងពេលមានជំងឺរាតត្បាត នឹងចាំបាច់ត្រូវតែបន្តធ្វើទៅទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here