ដោយ៖ សុផារី
ព្រះវិហារ៖ ក្រុមហ៊ុនធំមួយទៀត បន្ទាប់ពីក្រុមហ៊ុន KrisEnergy របស់សិង្ហបុរី បានចាប់ផ្តើមសាកល្បងផលិតមាសរបស់ខ្លួន ផលិតបាន២០គីឡូក្រាម ដោយផលិតជាដុំ ក្នុង១ដុំមួយគីឡូ នៅស្រុករវៀង ខេត្តព្រះវិហារ។
ក្នុងសន្និសីទសារព័ត៌មានស្តីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងរ៉ែ និងថាមពល” នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ លោក អ៊ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្រុមហ៊ុនទី២នេះ ឈ្មោះថា “ឌែលខម” ជាក្រុមហ៊ុនធុនមធ្យម ដោយផែនការក្នុងឆ្នាំដំបូង នៃគម្រោងផែនការអាជីវកម្ម គ្រោងផលិត៣៤០គីឡូក្នុងមួយឆ្នាំ។
តាមរយៈអាជីវកម្មនេះ បើគិតជាសួយសារចូលរដ្ឋ ប្រហែលជាជិត៦០ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដោយក្រុមហ៊ុននេះកំពុងធ្វើអាជីវកម្មនៅស្រុករវៀង ខេត្តព្រះវិហារ។ កាលពីថ្ងៃទី៤ ខែសីហាប៉ុន្មានថ្ងៃមុននេះ គឺមានក្រុមហ៊ុនឌែលខម (Delcom Cambodia) បានចាប់ផ្តើមសាកល្បងផលិតមាសរបស់ខ្លួន ផលិតបាន២០គីឡូក្រាម ដោយផលិតជាដុំ ក្នុង១ដុំមួយគីឡូ។
ក្រុមហ៊ុនឌែលខម ជាក្រុមហ៊ុនធុនមធ្យម ដោយផែនការក្នុងឆ្នាំដំបូង នៃគម្រោងផែនការអាជីវកម្ម គ្រោងផលិត៣៤០គីឡូក្នុងមួយឆ្នាំ។ បើគិតជាសួយសារចូលរដ្ឋ ប្រហែលជាជិត៦០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ ក្រុមហ៊ុននេះកំពុងធ្វើអាជីវកម្មនៅស្រុករវៀង ខេត្តព្រះវិហារ។
យោងតាមលោក អ៊ឹង ឌីប៊ូឡា មានក្រុមហ៊ុនចំនួន៧ ដែលបានទទួលអាជ្ញាប័ណ្ណអាជីវកម្ម ដើម្បីផលិតរ៉ែមាស ពីក្រសួងរ៉ែ និងថាមពល។
លោកបន្ថែមថា បច្ចុប្បន្ននេះ កម្ពុជាមិនទាន់មានអាជីវកម្មរ៉ែមាស នៅខេត្តរតនគិរីទេ គឺមានតែអាជ្ញាប័ណ្ណស្វែងរុករករ៉ែមាសចំនួន៣ ក្នុងនោះចំនួន២ គឺក្រុមហ៊ុនមកពីកាណាដា Angkor Gold និងមួយទៀតនោះ ក្រុមហ៊ុនមកពីប្រទេសចិន៕