ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់អាស៊ាន បានជួបគ្នាក្នុងសន្និសីទលើកទី១៣ ស្តីពីការតភ្ជាប់អាស៊ានក្រោមអធិបតីភាព លោកតូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការនៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។
សន្និសីទស្តីពីការត ភ្ជាប់អាស៊ានលើកទី១៣ ដោយមានការចូលរួមពីតំណាងគណៈកម្មាធិការ សម្របសម្រួលការតភ្ជាប់អាស៊ាន(ACCC) MPAC 2025 Lead Implementing Bodies (LIBs) អ្នកសម្របសម្រួល និង មន្ត្រីបង្គោលថ្នាក់ជាតិMPAC 2025 ដៃគូសន្ទនា ដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ និងលេខាធិការដ្ឋានអាស៊ាន។
សន្និសីទនេះ រៀបចំឡើងក្នុងគោលបំណង ពិភាក្សាអំពីការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ សំដៅរួម ចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងឆ្ពោះទៅកាន់ការកសាងចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ប្រកបដោយបរិយាបន្ន ចីរភាព និងភាពធន។
អង្គសន្និសីទបានពិភាក្សា លើប្រធានបទចំនួនបីរួមមាន ទី១ ចក្ខុវិស័យក្នុងការតភ្ជាប់អាស៊ានក្រោយ ឆ្នាំ២០២៥ (ASEAN Connectivity Post 2025 Vision) ទី២ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយចីរភាព និងឌីជីថលភាវូបនីយកម្ម សម្រាប់ការពង្រឹងការតភ្ជាប់ ទី៣ ការពង្រឹងភាពជាដៃគូដើម្បីអនុវត្តផែន ការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ (MPAC 2025)។
ថ្លែងនៅក្នុងពិធីបិទសន្និសីទនេះ លោកតូច ចាន់កុសល បានគូសបញ្ជាក់ពីសារៈសំខាន់នៃការ ពង្រឹងការតភ្ជាប់ក្នុងតំបន់ និងហេដ្ឋារចនាស ម្ព័ន្ធសម្រាប់អាស៊ាន ដើម្បីគាំទ្រដល់ការងើបឡើងវិញ ក្នុង តំបន់ និងជួយកសាងសហគមន៍អាស៊ាន ប្រកបដោយបរិយាបន្ន ចីរភាព និងភាពធន់។
លោកបានបន្ថែមថា ការងាររបស់អាស៊ាន តាមរយៈគណៈកម្មាធិការសម្របសម្រួលការតភ្ជាប់អាស៊ាន (ACCC) អាចជះឥទ្ធិ ពលដោយផ្ទាល់ និងដោយប្រយោល លើការគាំទ្រកិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញការតភ្ជាប់ និងហេដ្ឋា រចនាសម្ព័ន្ធរាជធានី-ខេត្តរបស់កម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានជម្រាបជូនផងដែរអំពីការបើកឱ្យសាធារណជនប្រើ ប្រាស់សាកល្បងផ្លូវ ល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ប្រវែង១៨៧,០៥គីឡូម៉ែត្រ ដែលជាផ្លូវល្បឿនលឿនលើកដំបូងបង្អស់ ក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ផ្លូវនេះនឹងជួយកាត់បន្ថយរយៈពេលធ្វើដំណើរ រវាងក្រុងទាំងពីរពី៥ម៉ោងថយមកនៅត្រឹមប្រមាណ២ម៉ោងប៉ុណ្ណោះ៕