ដោយ៖ សុផារី
ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា កំពុងស្ថិតនៅលើគន្លងនៃការងើបឡើងវិញ បន្ទាប់ពីសម្រេចបាននូវភាពសុំាក្នុងសហគមយ៉ាងឆាប់រហ័ស តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រ វ៉ាក់សាំងដ៏ត្រឹមត្រូវ និងទាន់ពេល ក៏ដូចជាបានគ្រប់គ្រង និងដោះស្រាលផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ មកលើសង្គម-សេដ្ឋកិច្ចបានល្អប្រសើរ។
នេះបើយោងតាមលោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងកម្មវិធីពិភាក្សា ជាមួយសភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជា (EuroCham) ដើម្បីលើកកម្ពស់សហ គ្រាសធុនតូច និងមធ្យម (SMEs) និងធុរកិច្ចថ្មី (Start-Ups) នៅកម្ពុជា នៅថ្ងៃទី១៩ ខែ តុលា ឆ្នាំ ២០២២។
-->

លោកបានលើឡើងថា ដោយសារភាពរឹងមាំ នៃវិស័យផលិតកម្ម និងការនាំចេញ ជាពិសេសការនាំចេញទៅកាន់ទីផ្សារអាមេរិក និងសហភាពអឺរ៉ុប និងការងើបឡើងវិញជាបណ្តើរៗ នៃវិស័យទេសចរណ៍ ព្រមទាំងការស្ទុះឡើងនៃសកម្មភាពសេដ្ឋកិច្ច និងការប្រើប្រាស់ក្នុងស្រុក បច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជា កំពុងស្ថិតនៅលើគន្លងនៃការងើបឡើងវិញ។
លោកបន្តថា សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចតំបន់ និងពិភពលោក បាននិងកំពុងប្រឈម នឹងហានិភ័យ និងភាពមិនប្រាកដប្រជាធំៗមួយចំនួនដូចជា ការកើនឡើងខ្ពស់នៃអត្រាអតិផរណា ការអូសបន្លាយនៃសង្គ្រាម រវាងរុស្ស៊ី និងអ៊ុយក្រែន ការឡើងថ្លៃប្រាក់ និងអត្រាការប្រាក់ដុល្លារអាមេរិក និងការរឹតបន្តឹងគោលនយោបាយ រូបិយវត្ថុ ការថមថយសេដ្ឋកិច្ចរបស់ប្រទេសចិននិងភាពតានតឹងនៃទំនាស់ភូមិសាស្ត្រនយោបាយ រវាងប្រទេស មហាអំណាច នៅក្នុងតំបន់អាស៊ីផងដែរ។
លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រែក្លាយវិបត្តិកូវីដ-១៩ ទៅជាឱកាសសម្រាប់កំណែទម្រង់ស៊ីជម្រៅ សំដៅកសាងប្រព័ន្ធសេដ្ឋកិច្ចសង្គម ឱ្យកាន់តែរឹងមាំ និងធន់ជាងមុនទៅនឹងវិបត្តិ នាពេលខាងមុខ ដោយបានដាក់ចេញនូវ ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដើម្បីស្ដារ និងពង្រឹងសក្តានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ចឱ្យរស់រវើក និងត្រឡប់ទៅគន្លងនៃកំណើនជាសក្ដានុពល ប្រកបដោយចីរភាព និងបរិយាបន្ន៕
