ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្តែងក្តីរីករាយជាខ្លាំង បន្ទាប់ពីសម្តេចតេជោហ៊ុន សែនអនុញ្ញាត្តឲ្យមានការជីកព្រែក ពីទន្លេបាសាក់ ទៅកាន់សមុទ្រក្នុងខេត្តកែប។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់សារព៌តមានក្នុងស្រុកថា” នេះជាគម្រោងប្រវត្តិសាស្ត្រ តាំងពីសម័យហ្វូណន មកដល់សម្តេចតេជោ ដែលយើងបានស្តារឡើងវិញ ដើម្បីប្រើប្រាស់ប្រព័ន្ធដែលមានស្រាប់ពីហ្វូណន ជាប្រយោជន៍ជាតិរបស់យើង ដឹកជញ្ជូនទំនិញទៅសមុទ្រត្រង់តែម្តង ដោយមិនបាច់ឆ្លងទៅប្រទេសជិតខាង។ គម្រោងនេះសំខាន់ណាស់ សំខាន់មែនទែន”។ លោកបន្ថែមថា “ខ្ញុំសប្បាយចិត្តណាស់”។
ជាមួយគ្នាបន្ទាប់ពីព័ត៌មាន ត្រូវបានផ្សព្វផ្សាយប្រជាពលរដ្ឋនៅលើបណ្តាញសង្គម ក៏បានសម្តែងការសាទរ និងរីករាយចំពោះគម្រោងមួយនេះផងដែរ។
ពួកគេចាត់ទុកគម្រោងនេះ ជាគម្រោងយក្ស ជាគម្រោងប្រវត្តិសាស្ត្រផ្នែកដឹកជញ្ជូននៅកម្ពុជា។
ទីបំផុតគម្រោងជីកផ្លូវទឹកតភ្ជាប់ពីទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដែលជាគម្រោងដ៏មានសារៈសំខាន់ សម្រាប់ការដឹកជញ្ជូនទំនិញនោះ ត្រូវបានរាជរដ្ឋាភិបាលអនុម័តឱ្យរៀបចំជីកហើយ ដោយគ្រោងចំណាយថវិកាប្រមាណ១,៧០០លានដុល្លារ និងចំណាយពេល៤ឆ្នាំ។
ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។
មុននឹងការអនុម័តលើគម្រោងនេះ សម្តេចតេជោ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានបើកការជជែកដេញដោលគ្នា យ៉ាងយកចិត្តទុកដាក់បំផុត។ ជាពិសេសស្តាប់ការពន្យល់នានា ពីសំណាក់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាអ្នកសិក្សា និងអនុវត្តន៍គម្រោងនេះ។
កិច្ចពិភាក្សាបានធ្វើឡើង តាំងពីម៉ោង១០ព្រឹក រហូតដល់ម៉ោងជាង១រសៀល។ ជាមួយនឹងការអនុម័តនេះ សម្តេចតេជោ បានផ្តល់អនុសាសន៍ជាច្រើន ពាក់ព័ន្ធផលប៉ះពាល់បរិស្ថាន ដែលបណ្ដាលមកពីទឹកសមុទ្រ និងបន្តពិភាក្សាជាមួយគណៈកម្មាធិការចម្រុះ នៃគណៈកម្មការទន្លេមេគង្គបន្ថែមទៀត។គម្រោងនេះ ត្រូវបានដាក់ឈ្មោះថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុរភារកម្មទន្លេបាសាក់”។
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ មានគោលបំណងពង្រីកនូវវិសាលភាព នៃការប្រើប្រាស់សក្ដានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់ សកម្មភាពសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែមានការរីកចម្រើនឈាន ទៅមួយកម្រិតថែមទៀត និងផ្ដល់ជាដំណោះស្រាយសមស្រប លើបញ្ហាប្រឈម និងឧបសគ្គនានា នៃវិស័យដឹកជញ្ជូនតាមផ្លូវទឹក ដែលបាននិងកំពុងតែជួបប្រទះនាពេលបច្ចុប្បន្ន៕