ដោយៈ សុខុម
ហុងកុង: ប្រទេសចិន កំពុងត្រៀមដាក់ចេញវិធានការថ្មីៗ ដើម្បីគាំទ្រដល់ទីផ្សារអចលនទ្រព្យ បន្ទាប់ពីគោលនយោបាយដែលមានស្រាប់ មិនអាចរក្សាសន្ទុះងើបឡើងក្នុងវិស័យនេះបាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News ចុះផ្សាយដោយដកសប្រភពច្បាស់ការកាលពីថ្ងៃសុក្រ ទី០២ ខែមិថុនា។
សារព័ត៌មានដដែលបានឱ្យដឹងទៀតថា ក្រុមនិយ័តករចិន កំពុងពិចារណាកាត់បន្ថយប្រាក់ បង់មុនសម្រាប់ការបង់រំលស់ (Down Payment) នៅក្នុងទីក្រុងធំៗ កាត់បន្ថយកម្រៃជើងសារភ្នាក់ងារលើប្រតិបត្តិការទិញលក់ និងបន្ធូរបន្ថយបន្ថែមទៀត នូវការរឹតបន្តឹងសម្រាប់ការទិញលំនៅដ្ឋាន ក្រោមការណែនាំរបស់ក្រុមប្រឹក្សារដ្ឋ។ទោះជាយ៉ាងណា ពេលទីភ្នាក់ងារព័ត៌មាន Reuters ទាក់ទងទៅ ក្រុមប្រឹក្សារដ្ឋមិនបានឆ្លើយបំភ្លឺនោះទេ។
វិស័យអចលនទ្រព្យ ដែលធ្លាប់តែជាសសរស្តម្ភដ៏សំខាន់មួយនៃកំណើនសេដ្ឋកិច្ចចិន បានធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំមុន ដោយក្រុមហ៊ុនអភិវឌ្ឍន៍ជាបន្តបន្ទាប់ បានខកខានទូទាត់បំណុល ឬ សញ្ញាប័ណ្ណ និងបានផ្អាកការសាងសង់គម្រោងលំនៅដ្ឋាន ដែលត្រូវបានលក់មុនគម្រោងចាប់ផ្ដើម។







