ដោយៈគង់ សូរិយា
ព្រះសីហនុៈ អ្នកជំនាញលំដាប់អន្តរជាតិ បានកំពុងសុទិដ្ឋិនិយមពីទីផ្សារខុនដូនៅក្រុងព្រះសីហនុ ស្របពេលអ្នកវិនិយោគចិនកាន់តែច្រើនបានមកដល់ក្រុងព្រះសីហនុ។
អគ្គនាយកក្រុមហ៊ុនERA Cambodiaលោកខន គង្គាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៨ មិថុនានេះថា បច្ចុប្បន្នទីផ្សារខុនដូនៅក្រុងព្រះសីហនុ កំពុងប្រែប្រួល ដោយអត្រានៃការជួលខុនដូ និងផ្ទះសំរាប់ស្នាក់នៅ ក្នុងទីក្រុងនេះកំពុងងើបឡើងវិញ។
លោកបន្តថា “កំណើននេះ ដោយសារការមកដល់របស់អ្នកវិនិយោគចិន ដែលពួកគេបាននិងកំពុងសិក្សា ពីលទ្ឋភាពវិនិយោគនៅកម្ពុជា”។លោកបន្តថា “អ្នកវិនិយោគចិនបាន និងកំពុងព្យាយាមទាញតម្លៃអចលនទ្រព្យ ដោយពួកគេកំពុងព្យាយាមទិញ ឲ្យបានតម្លៃទាបបំផុតនៅក្នុងទីផ្សារ”។
ខេត្តព្រះសីហនុ បានស្ថិតនៅក្នុងគំរោង នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន ដែលជាលទ្ឋផលនៃគំនិតផ្តួចផ្តើមនេះ បានធ្វើឲ្យលំហូរFDI មកពីប្រទេសចិនចាក់ចូលទីក្រុងនេះ មានទំហំទឹកប្រាក់ជាង៧០០០លានដុល្លារអាមេរិក ចន្លោះឆ្នាំ២០២៦ ដល់ឆ្នាំ២០១៩។
ទីក្រុងនេះបានផ្លាស់ប្តូរមុខមាត់ ពីទីក្រុងស្ងាត់ជ្រងំ និងមានអាគារចាស់ៗ មកជាទីក្រុងដ៏ទំនើបស៊ីវិល័យមួយ ស្របពេលរដ្ឋាភិបាលបាននិងកំពុងរៀបចំទីក្រុងនេះ តាមលំនាំទីក្រុងស៊ិនជិនរបស់ប្រទេសចិន និងបានដាក់ចេញគោលនយោបាយ ដើម្បីជម្រុញអគារជាប់គាំងរាប់រយនៅទីក្រុងនេះ សាងសង់និងដំណើរការឡើងវិញតាមរយៈការដាក់ចេញ នូវគោលនយោបាយលើកទឹកចិត្តជាច្រើន។
អ្នកជំនាញដដែលបានបន្តថា ការបើកដំណើរការផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងព្រះសីហនុបាន និងកំពុងលើកកំពស់សក្តានុពលទីផ្សារអចលនវត្ថុ នៅក្រុងព្រះសីហនុផងដែរ៕