ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក Bill Gates ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft Corp គ្រោងជួបប្រធានាធិបតីចិនលោក សុី ជីនពីង នៅថ្ងៃសុក្រស្អែកនេះ ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន។ នេះបើយោងតាមការឱ្យដឹងពីមនុស្សចំនួន២រូបដែលមានចំណេះដឹងអំពីបញ្ហានេះ។
នេះនឹងក្លាយជាកិច្ចប្រជុំលើកដំបូងរបស់លោក សុី ជីនពីង ជាមួយសហគ្រិនឯកជនបរទេសក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយការជួបគ្នានេះអាចជាការជួបគ្នាមួយទល់ នឹងមួយ ខណៈប្រភពទី៣បានបញ្ជាក់ថា ពួកគេនឹងជួបគ្នាដោយមិនផ្តល់ព័ត៌មានលម្អិតនោះទេ។
ប្រភពខាងលើមិនបាន បញ្ជាក់ថាតើអ្នកទាំងពីរអាចពិភាក្សាគ្នាយ៉ាងណានោះទេ។ លោក Bill Gates បានសរសេរនៅលើ Twitter កាលពីថ្ងៃពុធថា លោកបានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩ ហើយថាលោកនឹងជួបជាមួយដៃគូនានាដែលបានធ្វើការលើបញ្ហាប្រឈមសុខភាព និងការអភិវឌ្ឍសកលជាមួយនឹងមូលនិធិ Bill & Melinda Gates ។
-->