ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក Bill Gates ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft Corp គ្រោងជួបប្រធានាធិបតីចិនលោក សុី ជីនពីង នៅថ្ងៃសុក្រស្អែកនេះ ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន។ នេះបើយោងតាមការឱ្យដឹងពីមនុស្សចំនួន២រូបដែលមានចំណេះដឹងអំពីបញ្ហានេះ។
នេះនឹងក្លាយជាកិច្ចប្រជុំលើកដំបូងរបស់លោក សុី ជីនពីង ជាមួយសហគ្រិនឯកជនបរទេសក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយការជួបគ្នានេះអាចជាការជួបគ្នាមួយទល់ នឹងមួយ ខណៈប្រភពទី៣បានបញ្ជាក់ថា ពួកគេនឹងជួបគ្នាដោយមិនផ្តល់ព័ត៌មានលម្អិតនោះទេ។
ប្រភពខាងលើមិនបាន បញ្ជាក់ថាតើអ្នកទាំងពីរអាចពិភាក្សាគ្នាយ៉ាងណានោះទេ។ លោក Bill Gates បានសរសេរនៅលើ Twitter កាលពីថ្ងៃពុធថា លោកបានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩ ហើយថាលោកនឹងជួបជាមួយដៃគូនានាដែលបានធ្វើការលើបញ្ហាប្រឈមសុខភាព និងការអភិវឌ្ឍសកលជាមួយនឹងមូលនិធិ Bill & Melinda Gates ។
-->
មូលនិធិ និងការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន ដែលដោះស្រាយសំណួរប្រព័ន្ធផ្សព្វផ្សាយក្នុងនាមរដ្ឋាភិបាលចិន មិនបានធ្វើការឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារពត៌មាន Reuters នោះទេ។
លោក Bill Gates បានលាឈប់ពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Microsoft ក្នុងឆ្នាំ២០២០ ដើម្បីផ្តោតលើការងារមនុស្សធម៌ដែលទាក់ទងនឹងសុខភាពពិភពលោក ការអប់រំ និងការប្រែប្រួលអាកាសធាតុ។
ជំនួបចុងក្រោយរវាងលោក សុី ជីនពីង និងលោក Bill Gates គឺនៅក្នុងឆ្នាំ២០១៥ នៅពេលលោកទាំង២បានជួបគ្នានៅខាងក្រៅវេទិកា Boao នៅក្នុងខេត្ត Hainan ។ កាលពីដើមឆ្នាំ២០២០ លោក សុី បានសរសេរសំបុត្រមួយច្បាប់ទៅកាន់លោក Bill Gates ដោយថ្លែងអំណរគុណដល់លោក និងមូលនិធិ Bill & Melinda Gates សម្រាប់ការសន្យាផ្តល់ជំនួយដល់ប្រទេសចិន រួមមានថវិកា៥លានដុល្លារសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
កិច្ចប្រជុំនេះនឹងក្លាយជាការបញ្ចប់នៃការផ្អាកដ៏យូររបស់លោក សុី ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ពីការជួបជាមួយសហគ្រិនឯកជន និងអ្នកដឹកនាំធុរកិច្ចបរទេស បន្ទាប់ពីប្រធានាធិបតីចិនរូបនេះបានផ្អាកការធ្វើដំណើរទៅក្រៅប្រទេសអស់រយៈពេលជិត៣ឆ្នាំ ខណៈប្រទេសចិនបានបិទព្រំដែនរបស់ខ្លួនយ៉ាងតឹងរុឹងក្នុងអំឡុងពេលនៃជំងឺរាតត្បាត៕