ដោយ: គង់ លាងហួរ
ហាងចូវ: យោងតាមគណៈកម្មការសេដ្ឋកិច្ច និងកំណែទម្រង់ថ្នាក់ខេត្តបានឱ្យដឹងថា គម្រោងធំៗចំនួន៩៩ ដែលមានទុនវិនិយោគសរុបចំនួន៦៧៨,៩ពាន់លានយ័ន (ប្រហែល៩៤,២៣ពាន់លានដុល្លារអាមេរិក) បានចាប់ផ្ដើមដំណើរការហើយ កាលពីថ្ងៃអង្គារ នៅក្នុងខេត្ត Zhejiang ភាគខាងកើតនៃប្រទេសចិន។
ពួកគេរួមបញ្ចូលគម្រោងឧស្សាហកម្មចំនួន៥៥ ជាមួយនឹងទុនវិនិយោគសរុបចំនួន៤០២,២ពាន់លានយ័ន។ ចំណែក នៅសល់៤៤គម្រោងទៀត គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដោយមានទុនវិនិយោគសរុបចំនួន២៧៦,៧ពាន់លានយ័ន។
បើក្រឡេកទៅមើលពីទំហំនៃការវិនិយោគវិញ ក្នុងនោះគម្រោងចំនួន១៨ មានទុនវិនិយោគច្រើនជាង១០ពាន់លានយ័ន ដែលមានទឹកប្រាក់សរុបចំនួន៤៤៣ពាន់លានយ័ន ដែលស្មើនឹង៦៥ភាគរយនៃទុនវិនិយោគសរុបសម្រាប់គម្រោងទាំងអស់ចំនួន៩៩។
ការវិនិយោគក្នុងវិស័យសំខាន់ៗកំពុងកើនឡើងនៅក្នុងខេត្ត Zhejiang ជាមួយនឹងគម្រោងសំខាន់ៗដែលពង្រឹងខ្សែសង្វាក់ឧស្សាហកម្មនៃថាមពលថ្មី សម្ភារៈថ្មី និងអុីនធឺណិតឆ្លាតវៃ។
ការបោះទុនវិនិយោគខាងលើនេះត្រូវបានចាត់ទុកថា ជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្រ្តរបស់ខេត្ត Zhejiang ដើម្បីពង្រីកការវិនិយោគ បង្កើនប្រសិទ្ធភាពរចនាសម្ព័ន្ធសេដ្ឋកិច្ច និងរក្សាកំណើនប្រកបដោយស្ថិរភាព។






