ដោយៈ តែម សុខុម
តូក្យូ: អគារកប់ពពកខ្ពស់បំផុតក្នុងប្រទេសជប៉ុន ត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ ហើយអគារនេះគឺជាផ្នែកមួយ នៃផែនការពង្រីក “ភូមិក្នុងទីក្រុងសម័យទំនើប” នៅកណ្តាលទីក្រុងតូក្យូ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៤ ខែកក្កដា។
អគារកប់ពពកនេះមានកម្ពស់៣៣០ម៉ែត្រ និងមាន៦៤ជាន់ដែលស្ថិតក្នុងគម្រោងដ៏ធំ Azabudai Hills Complex ។ អគារនេះបានវ៉ាឈ្នះអគារ Abeno Harukas នៅទីក្រុងអូសាកា (Osaka) ដែលពេលនេះក្លាយជា អគារខ្ពស់បំផុតទី២ ប្រចាំប្រទេសជប៉ុន ជាមួយនឹងកម្ពស់៣០០ម៉ែត្រ។ការសាងសង់បញ្ចប់ជាស្ថាពរ ដែលត្រូវបានប្រកាសកាលពីថ្ងៃច័ន្ទ ទី៣ ខែកក្កដា នេះធ្វើឱ្យគម្រោង Azabudai Hills Complex ឈានមួយជំហានទៀត កាន់ខិតជិតដល់ការបើកសម្ពោធជាផ្លូវការតាមការគ្រោងទុកនៅរដូវស្លឹកឈើជ្រុះ។
យោងតាមក្រុមហ៊ុនអភិវឌ្ឍន៍អគារ Mori Building Co ឱ្យដឹងថា គម្រោងនេះ បានចាប់ផ្ដើមការសាងសង់តាំងពីឆ្នាំ២០១៩ ដោយនៅសល់តែការងារបង្ហើយកំប៉ិកកំប៉ុកមួយចំនួនទៀតប៉ុណ្ណោះ នឹងបញ្ចប់ទាំងស្រុងនៅប៉ុន្មានខែខាងមុខ។
អគារនេះគឺជាអគារពហុគោលបំណង ដែលមានសណ្ឋាគារប្រណីត ការិយាល័យ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ សកលវិទ្យាល័យ ហាងលក់រាយ ភោជនីយដ្ឋាន និងសាលាអន្តរជាតិធំបំផុតនៅកណ្តាលទីក្រុងតូក្យូ។
ក្រុមហ៊ុនអភិវឌ្ឍន៍និយាយថា ដោយលាតសន្ធឹងលើផ្ទៃដីជាង៨ហិចតា គម្រោង Azabudai Hills Complex មានគោលបំណងធ្វើឱ្យសង្កាត់នេះ ទាំងមូលមានភាពរស់រវើកឡើងវិញ ជាមួយនឹងការបំពាក់សម្ភារៈបរិក្ខារផ្សេងទៀត នៅនឹងកន្លែងរួមមានស្ប៉ា ក្លឹបហាត់ប្រាណ វិចិត្រសាល និងសារមន្ទីរជាដើម៕ CNN៕