តែម សុខុម
ហុងកុង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ដែលជំពាក់បំណុលច្រើនបំផុតក្នុងពិភពលោក Evergrande Group បានប្រកាសលទ្ធផលរបាយការណ៍ហិរញ្ញវត្ថុដែលបានពន្យារពេលយូរមកហើយ ជាផ្នែកដ៏សំខាន់មួយនៃការរៀបចំបំណុលរបស់ខ្លួនឡើងវិញដែលធំបំផុតក្នុងប្រវត្តិសាស្រ្តសាជីវកម្មចិន។
យោងតាមឯកសារផ្សារហ៊ុនកាលពីថ្ងៃច័ន្ទ ទី១៧ ខែកក្កដា បង្ហាញថា ក្រុមហ៊ុនខាងលើនេះបានបញ្ចេញរបាយការណ៍ស្ដីពីការខាតបង់ចំនួន៦៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ និង១៥ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដោយបូកបញ្ចូកគ្នាទាំង២ឆ្នាំនេះគឺខាតបង់សរុបរហូតដល់ទៅ៨១ពាន់លានដុល្លារអាមេរិក។
នេះជាលើកទី១ ហើយដែលក្រុមហ៊ុននេះបានបញ្ចេញលទ្ធផលរបាយការណ៍ហិរញ្ញវត្ថុចាប់តាំងពីឆ្នាំ២០២១ ជាពេលដែលការផ្ទុះវិបត្តិសាច់ប្រាក់របស់ក្រុមហ៊ុននេះ បានបង្កឱ្យមានវិបត្តិអចលនទ្រព្យដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងប្រទេសចិន ដែលនៅតែបន្តបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចចិន រហូតមកទល់ពេលនេះ។






