ក្រសួងសាធារណៈការលើកឡើងពីសារៈសំខាន់នៃស្ពាន តភ្ជាប់ព្រំដែនកម្ពុជា ថៃ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រសួង​សា​ធា​រណការ និង​ដឹកជញ្ជូន​ បាន​លើកឡើងថា សមិទ្ធផល​ស្ពានមិត្តភាព​កម្ពុជា ​-​ថៃ (​ស្ទឹង​បត់​ បាន​ណង​អៀន​) ក្នុង​ក្រុង​ប៉ោយ​ប៉ែត បានផ្តល់​អត្ថប្រយោជន៍​យ៉ាង​ធំធេង ដល់​សេដ្ឋកិច្ចជាតិ។

ផលប្រយោជន៍នៃសេដ្ឋកិច្ចនេះ ទទួលបានតាមរយៈ​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លង​​កាត់​ព្រំដែន ការបង្កើត​ការងារ និង​ការទាក់ទាញ​ភ្ញៀវទេសចរ ក៏ដូចជា​ការសម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​ របស់​អា​ស៊ាន ក្នុងការ​​ត​ភ្ជាប់​ប្រទេស​ នៅក្នុង​តំបន់​អា​ស៊ាន​ទាំងមូល (Asean Connectivity)​។​​យោងតាម​ក្រសួង​សាធារណការ ស្ពាន​ស្ទឹង​បត់​-​បាន​ណង​អៀន មាន​ប្រវែង​ស្ពាន​សរុប​ចំនួន៦២០​ម៉ែត្រ (​ផ្នែក​ខាង​កម្ពុជា២១៥ ​ម៉ែត្រ + ផ្នែក​ខាង​ថៃ ៤០៥​ ម៉ែត្រ​)​ និង​ទទឹង​ស្ពានប្រវែង១៧​ម៉ែត្រ​។

​ស្ពាន​ឆ្លងកាត់​ព្រំដែន​នេះ ​ចាប់​ផ្ដើម​ពី​ក្រុង​ប៉ោយប៉ែត ទៅ​បញ្ចប់​នៅ​ច្រកព្រំដែន ប៉ោយប៉ែត​-​ថៃ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​ ២០១៧ និង​បញ្ចប់​ការសាងសង់​ កាល​ពីថ្ងៃ​ទី ​១៥ ​ខែមករា​ឆ្នាំ​ ២០១៩​។

ស្ពាន​នេះ​ត្រូវបាន​ចំណាយ​ទឹកប្រាក់ ​សាងសង់​អស់​ប្រមាណ ៦៧០លាន​បាត ស្មើនឹង​ប្រមាណ​១៩​លាន​ដុល្លារ​អាមេរិក​ សាងសង់​ដោយកងវិស្វកម្ម នៃ​កងទ័ព​ភូមិន្ទ​ព្រះរាជាណាចក្រ​ថៃ និង​ត្រួតពិនិត្យ​ដោយ នាយកដ្ឋាន​ហាយវ៉េ (DOH) របស់​ក្រសួង​ដឹកជញ្ជូន​ថៃ​។

ក្រសួង​សា​ធា​រណការ​បានឱ្យដឹង​ទៀតថា ប​ច្ចុ​ប្បន្ន កម្ពុជា​កំពុង​សាងសង់​អគារ​រដ្ឋបាល ​នៅ​ច្រក​អន្តរជាតិ ស្ទឹង​បត់​-​បា​ណង​អៀន និង​ខ្សែ​ផ្លូវ​ត​ភ្ជាប់ទៅកាន់​ផ្លូវជាតិ​លេខ​៥ និង​សម្រេច​វឌ្ឍនភាព​ការងារ​បាន​ជាង៨៥ភាគរយហើយ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here