ដោយ: គង់ លាងហួរ
ហាណូយ: យោងតាមក្រុមហ៊ុនអចលនទ្រព្យ Savills Hanoi បានឱ្យដឹងថា តម្លៃអាផាតមុិននៅទីក្រុងហាណូយ បានហក់ឡើងយ៉ាងខ្លាំង ទោះបីជាទីផ្សារអចលនទ្រព្យមានភាពអាប់អួរនៅក្នុងឆមាសទីមួយឆ្នាំនេះក្តី។
យោងតាមរបាយការណ៍ស្តីពីទីផ្សារអចលនទ្រព្យនៅទីក្រុងហាណូយក្នុងឆមាសទីមួយ ដែលចេញផ្សាយដោយក្រុមហ៊ុន Savills Hanoi បានឱ្យដឹងថា ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ តម្លៃដាក់លក់បឋមនៅលើទីផ្សារអាផាតមុិនចំនួន៥៣លានដុងក្នុងមួយម៉ែត្រការ៉េ បានកើនឡើង១ភាគរយបើគិតពីមួយត្រីមាសទៅមួយត្រីមាស និងហក់ឡើង១៧ភាគរយបើគិតពីមួយឆ្នាំទៅមួយឆ្នាំ។
លោក Đỗ Thu Hằng នាយកជាន់ខ្ពស់ និងជាអ្នកផ្តល់សេវាប្រឹក្សានៃក្រុមហ៊ុន Savills Hanoi បានមានប្រសាសន៍ថា “ការហក់ឡើងថ្លៃនេះគឺដោយសារតែការកើនឡើងនៃតម្លៃដី និងតម្លៃសំណង់ រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អគុណភាពផងដែរ”។






