ដោយៈ តែម សុខុម
គូឡាឡាំពួ: ក្រុមហ៊ុនចិន China Investment Corp (CIC) និងក្រុមហ៊ុនម៉ាឡេស៊ី KLCC Property Holdings Bhd ស្ថិតក្នុងចំណោមក្រុមហ៊ុនជាច្រើន ដែលស្វះស្វែងដេញថ្លៃទិញយកភាគហ៊ុននៅក្នុងអគារកប់ពពកមួយ មានតម្លៃរាប់ពាន់លានដុល្លារ នៅចំកណ្តាលសង្កាត់ហិរញ្ញវត្ថុនៃក្រុងឌូបៃ។
ប្រភពច្បាស់ការបានទម្លាយឱ្យដឹង ក្នុងលក្ខខណ្ឌអនាមិកថា ក្រុមហ៊ុនBrookfield Asset Management និងក្រុមហ៊ុន Investment Corp of Dubai ដែលជាម្ចាស់អគារ អាចនឹងលក់ភាគហ៊ុនរហូតដល់ទៅ៤៩%នៅក្នុងអគារការិយាល័យ ICD Brookfield Place ដែលមានក្រុមហ៊ុនល្បីៗជួលនៅទីនោះ រួមមាន ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុអាមេរិកJPMorgan Chase & Co និងធនាគារវិនិយោគអាមេរិក Bank of America Corp ផងដែរ។
អគារការិយាល័យ ដែលជាការបណ្តាក់ទុនរួមគ្នានេះ ទទួលបានការចាប់អារម្មណ៍ ពីក្រុមហ៊ុនធំៗជាង១០ នៅទូទាំងពិភពលោក ដោយក្នុងនោះ រួមមាន ទាំងមូលនិធិ SWF និងមូលនិធិសោធន៍និវត្តន៍ផងដែរ។យ៉ាងហោចណាស់ មានអ្នកដេញថ្លៃម្នាក់ បានបង្ហាញចំណាប់អារម្មណ៍ ចង់ទិញយកអគារនេះទាំងមូល។






