ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ ការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក Thai Bunrong Twin Tower បាននិងកំពុងដំណើរការធម្មតា និងកំពុងស្ថិតក្នុងដំណាក់កាលរៀបចំដើម្បីឈានទៅបើកការដ្ឋានសាងសង់ជាផ្លូវការនាពេលខាងមុខនេះ។
ស្ថាបត្យករអាស៊ាន លោកសាស្រ្តាចារ្យ ទួស សាភឿន ប្រធានក្រុមការងារស្ថាបត្យកម្ម និងសំណង់ប្រចាំក្រុមហ៊ុនថៃ ប៊ុនរ៉ុង និងជាអគ្គលេខាធិការរងគណស្ថាបត្យករជាតិកម្ពុជាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១២ មិនានេះថា បច្ចុប្បន្នក្រុមហ៊ុន កំពុងដំណើរការសាងសង់ជញ្ជាំងទប់ដីដដែល ព្រោះការសាងសង់នេះមិនទាន់បញ្ចប់នៅឡើយទេ។
លោកបន្តថា ជាមួយគ្នានេះក្រុមហ៊ុនកំពុងកុំម៉ង់ដែក និងប្រវែងស្តង់ដារបស់ដែកពីរោងចក្រផ្ទាល់ ព្រោះការសាងសង់អាគារកប់ពពកកំពស់ ១៣៣ជាន់ ស្មើនឹងកំពស់ជាង៥៦៨ម៉ែត្រនេះ មិនអាចប្រើប្រាស់ដែកធម្មតាបានទេ។
លោកបន្តថា “គុណភាពដែកនាពេលបច្ចុប្បន្ននេះ មិនអាចយកមកប្រើប្រាស់សំរាប់សាងសង់អាគារនេះទេ ព្រោះវាជាអាគារខ្ពស់ ហេតុនេះទើបយើងកុំម៉ង់ដែកពីរោងចក្រផ្ទាល់ ដើម្បីធានាគុណភាពអាគារតំណាងជាតិនេះ”។ លោកបន្តថា “សូម្បីតែប្រវងដែកដែលត្រូវសាងសង់ ក៏មានប្រវែងខុសគ្នាពីដែកផលិតលក់នាពេលបច្ចុប្បន្ននេះដែរ”។
លោកសាស្រ្តាចារ្យ ទួស សាភឿន បានបន្តថា ការបើកការដ្ឋានសាងសង់អាគារនេះ នឹងស្ថិតក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយអាគារនេះវាជាតំណាងជាតិ ហេតុនេះពេលវេលាសាងសង់នឹងមានការកំណត់តាមក្បួងហុងស៊ុយត្រឹមត្រូវ មិនអាចចេះតែសាងសង់តាមការនឹកឃើញនោះទេ។លោកបន្តថា គំរោងនេះក៏មិនមានការផ្លាស់ប្តូរឈ្មោះ ដូចការសរសរររបស់ Page មួយចំនួននោះដែរ គឺក្រុមហ៊ុននៅតែរក្សាឈ្មោះដដែល។
លោកបន្តថា ការកំណត់ពេលវេលាជាក់លាក់ មិនទាន់ដឹងនៅឡើយទេ ដោយរង់ចាំភ្លើងខៀវពីលោកឧកញ៉ា ខូវ សម្បត្តិ ដែលលោកជាអ្នកកំណត់ពេលវេលាសាងសង់ឬបើកការដ្ឋានសាងសង់ ដោយអញ្ជើញសម្តេចតេជោជាអធិតបី ដើម្បីបើកការដ្ឋានសាងសង់ក្នុងពេលវេលាសមស្របណាមួយ៕
គួរណាស់ស្ថាបត្យកម្មធ្វើអោយមានភាពទាក់ទាញជាងនេះ ហ៊ឺ,,,