ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមតួលេខថ្មីបង្ហាញថា ប្រទេសចិនបានសម្រុ កលក់ចេញប័ណ្ណរតនាគារ របស់សហរដ្ឋអាមេរិក ដែលគិតជាទំហំទឹកប្រាក់ចំនួន១០១,៩ពាន់លានដុល្លារ ក្នុងរយៈពេល១២ខែចុងក្រោយនេះ។នេះបើយោងតាមសារពត៌មាន Daily Hodl។
ក្រសួងរតនាគារអាមេរិក បានរាយការណ៍ថា ប្រទេសចិនបានកាត់បន្ថយការកាន់កាប់ប័ណ្ណ រតនាគាររបស់សហរដ្ឋអាមេរិក ពីទំហំ៨៦៩,៣ពាន់លានដុល្លារ ក្នុងខែមីនា ឆ្នាំមុន មកនៅត្រឹមទំហំ៧៦៧,៤ពាន់លានដុល្លារនៅក្នុងខែមីនា ឆ្នាំនេះ។
ការកាន់កាប់ប័ណ្ណរតនាគាររបស់អាមេរិក ដែលធ្វើឡើងដោយប្រទេសចិន បានធ្លាក់ចុះជាលំដាប់ បន្ទាប់ពីបានហក់ឡើងដល់កម្រិតខ្ពស់ មិនធ្លាប់មានចំនួន១,៣១ទ្រីលានដុល្លារ កាលពីខែវិច្ឆិកា ឆ្នាំ២០១៣កន្លងទៅ។
ចំណាត់ការនេះធ្វើឡើង ស្របពេលដែលប្រទេសចិន កំពុងងាកចេញឱ្យឆ្ងាយ ពីការពឹងផ្អែកលើប្រាក់ដុល្លារ ក្នុងការធ្វើពាណិជ្ជកម្មឆ្លងដែន។ ជាមួយគ្នានេះដែរ ក្រុមសម្ព័ន្ធភាពសេដ្ឋកិច្ចពិភពលោក ឬហៅថា BRICS កំពុងពិចារណា លើការដាក់ឱ្យប្រើប្រាស់រូបិយប័ណ្ណឌីជីថល ដើម្បីប្រកួតប្រជែងនឹងប្រាក់ដុល្លារអាមេរិក។
នៅក្នុងសន្និសិទមួយនាពេលថ្មីៗនេះ ស្តីពីសារៈសំខាន់ជាសកលនៃប្រាក់ដុល្លារអាមេរិក លោក Christopher Waller ទេសាភិបាលនៃធនាគារកណ្តាលអាមេរិក បានថ្លែងថា ការដួលរលំនៃប្រាក់ដុល្លារ គឺគ្រាន់តែជាការនិយាយបំផ្លើសប៉ុណ្ណោះ ប៉ុន្តែលោកក៏បានទទួលស្គាល់ផងដែរ អំពីការថយចុះនៃតួនាទី ឬឥទ្ធិពលរបស់រូបិយប័ណ្ណដុល្លារអាមេរិកនាពេលបច្ចុប្បន្ន។
លោក Christopher Waller បានបន្ថែមថា តួនាទីរបស់សហរដ្ឋអាមេរិក នៅក្នុងសេដ្ឋកិច្ចពិភពលោកកំពុងផ្លាស់ប្តូរ។ ប្រសិនបើសហរដ្ឋអាមេរិក បន្តដាក់ទណ្ឌកម្មក្នុងរយៈពេលវែង នោះការប្រែប្រួលនៃការទូទាត់ប្រាក់ឆ្លងដែន បូករួមទាំងកំណើនយ៉ាងឆាប់រហ័ស នៃរូបិយប័ណ្ណឌីជីថល ក៏អាចបង្កបញ្ហាប្រឈមចំពោះតួនាទី នៃប្រាក់ដុល្លារអាមេរិកផងដែរ។
យ៉ាងណាមិញ ទេសាភិបាលនៃធនាគារកណ្តាលអាមេរិករូបនេះបានកត់សម្គាល់យ៉ាងដូច្នេះថា “នៅក្នុងគ្រាមានភាពតានតឹងជាសកល ពិភពលោកតែងរត់ទៅរកប្រាក់ដុល្លារ ដោយពុំមែនដកខ្លួនឱ្យនៅឆ្ងាយពីរូបិយប័ណ្ណដុល្លារនោះទេ”៕ប្រភព:Daily Hodl