Hattha top Banner

ប្រទេសចិនសម្រុកលក់ចេញនូវប័ណ្ណរតនាគាររបស់សហរដ្ឋអាមេរិករាប់ពាន់លានដុល្លារ ក្នុងរយៈពេល១២ខែកន្លងមក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមតួលេខថ្មីបង្ហាញថា ប្រទេសចិនបានសម្រុ កលក់ចេញប័ណ្ណរតនាគារ របស់សហរដ្ឋអាមេរិក ដែលគិតជាទំហំទឹកប្រាក់ចំនួន១០១,៩ពាន់លានដុល្លារ ក្នុងរយៈពេល១២ខែចុងក្រោយនេះ។នេះបើយោងតាមសារពត៌មាន Daily Hodl។

ក្រសួងរតនាគារអាមេរិក បានរាយការណ៍ថា ប្រទេសចិនបានកាត់បន្ថយការកាន់កាប់ប័ណ្ណ រតនាគាររបស់សហរដ្ឋអាមេរិក ពីទំហំ៨៦៩,៣ពាន់លានដុល្លារ ក្នុងខែមីនា ឆ្នាំមុន មកនៅត្រឹមទំហំ៧៦៧,៤ពាន់លានដុល្លារនៅក្នុងខែមីនា ឆ្នាំនេះ។

ការកាន់កាប់ប័ណ្ណរតនាគាររបស់អាមេរិក ដែលធ្វើឡើងដោយប្រទេសចិន បានធ្លាក់ចុះជាលំដាប់ បន្ទាប់ពីបានហក់ឡើងដល់កម្រិតខ្ពស់ មិនធ្លាប់មានចំនួន១,៣១ទ្រីលានដុល្លារ កាលពីខែវិច្ឆិកា ឆ្នាំ២០១៣កន្លងទៅ។

ចំណាត់ការនេះ​ធ្វើឡើង​ ស្របពេល​ដែល​ប្រទេស​ចិន​ កំពុងងាក​ចេញ​ឱ្យឆ្ងាយ​ ពី​ការពឹងផ្អែកលើប្រាក់​ដុល្លារ​ ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ដែន។ ជាមួយគ្នានេះដែរ ក្រុម​សម្ព័ន្ធភាព​សេដ្ឋកិច្ច​ពិភពលោក​ ឬហៅថា BRICS កំពុងពិចារណា​ លើ​ការ​ដាក់ឱ្យប្រើប្រាស់រូបិយប័ណ្ណឌីជីថល ដើម្បីប្រកួតប្រជែងនឹងប្រាក់​ដុល្លារ​អាមេរិក។

នៅក្នុងសន្និសិទមួយនាពេលថ្មីៗនេះ ស្តីពីសារៈសំខាន់ជាសកលនៃប្រាក់ដុល្លារអាមេរិក លោក Christopher Waller ទេសា​ភិបាលនៃធនាគារកណ្តាលអាមេរិក បានថ្លែងថា ការដួលរលំនៃប្រាក់ដុល្លារ គឺគ្រាន់តែជាការនិយាយបំផ្លើសប៉ុណ្ណោះ ប៉ុន្តែលោកក៏បានទទួលស្គាល់ផងដែរ អំពីការថយចុះនៃតួនាទី ឬឥទ្ធិពលរបស់រូបិយប័ណ្ណដុល្លារអាមេរិកនាពេលបច្ចុប្បន្ន។

លោក Christopher Waller បានបន្ថែមថា តួនាទីរបស់សហរដ្ឋអាមេរិក នៅក្នុងសេដ្ឋកិច្ចពិភពលោកកំពុងផ្លាស់ប្តូរ។ ប្រសិនបើសហរដ្ឋអាមេរិក បន្តដាក់ទណ្ឌកម្មក្នុងរយៈពេលវែង នោះការប្រែប្រួលនៃការទូទាត់ប្រាក់ឆ្លងដែន បូករួមទាំងកំណើនយ៉ាងឆាប់រហ័ស នៃរូបិយប័ណ្ណឌីជីថល ក៏អាចបង្កបញ្ហាប្រឈមចំពោះតួនាទី នៃប្រាក់ដុល្លារអាមេរិកផងដែរ។

យ៉ាងណាមិញ ទេសាភិបាលនៃធនាគារកណ្តាលអាមេរិករូបនេះបានកត់សម្គាល់យ៉ាងដូច្នេះថា “នៅក្នុងគ្រាមានភាពតានតឹងជាសកល ពិភពលោកតែងរត់ទៅរកប្រាក់ដុល្លារ ដោយពុំមែនដកខ្លួនឱ្យនៅឆ្ងាយពីរូបិយប័ណ្ណដុល្លារនោះទេ”៕ប្រភព:Daily Hodl

LEAVE A REPLY

Please enter your comment!
Please enter your name here