គម្រោងរថភ្លើងល្បឿនលឿនតម្លៃ៤ពាន់លានដុល្លារសម្រាប់សមាហរណកម្មតំបន់អឺរ៉ុបបានបើកការដ្ឋានហើយ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: គម្រោងខ្សែរថភ្លើងល្បឿនលឿន ដែលតភ្ជាប់តំបន់បាល់ទិកទៅកាន់ប្រទេសប៉ូឡូញ និងប្រទេសផ្សេងទៀតនៅទ្វីបអឺរ៉ុប បានចាប់ផ្តើម បើកការដ្ឋានសាងសង់ជាផ្លូវការហើយ។ នេះបើយោងតាមសារពត៌មាន Newsweek។

គម្រោង Rail Baltica ដែលមានតម្លៃ៤ពាន់លានដុល្លារនេះ មានគោលបំណងតភ្ជាប់រដ្ឋធានី នៃប្រទេសអេស្តូនី ប្រទេសឡាតវី និងប្រទេសលីទុយអានី ដែលជាបណ្តាប្រទេសអឺរ៉ុបខាងកើត ជាមួយនឹងរដ្ឋធានី Warsaw នៃប្រទេសប៉ូឡង់ ដែលជាសមាជិករបស់សហភាពអឺរ៉ុប ដើម្បីនាំអតីតរដ្ឋចំណុះក្រោម សហភាពសូវៀតទាំងនេះឱ្យខិតកាន់តែជិតសហភាពអឺរ៉ុប(EU) ស្របពេលដែលមានភាពតានតឹងខ្លាំងរវាងតំបន់អឺរ៉ុបខាងលិច និងរុស្ស៊ី។

ផ្លូវរថភ្លើង Rail Baltica នេះគឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់បំផុតមួយនៅក្នុងតំបន់អឺរ៉ុប។

សហភាពអឺរ៉ុប(EU) បានបង្ហាញការគាំទ្រយ៉ាងខ្លាំង ចំពោះគម្រោងនេះ ដោយផ្តល់មូលនិធិចំនួន៨៥% នៃការចំណាយសរុប។

គម្រោង Rail Baltica នឹងលាតសន្ធឹងចម្ងាយ៨៧០គីឡូម៉ែត្រ ហើយខ្សែរថភ្លើងនេះ នឹងអាចធ្វើដំណើរក្នុងល្បឿន២៣៤គីឡូម៉ែត្រក្នុងមួយម៉ោង ដោយកាត់បន្ថយពេលវេលា ធ្វើដំណើរយ៉ាងច្រើន និងបង្កើនប្រសិទ្ធភាពដឹកជញ្ជូនអ្នកដំណើរ និងការដឹកជញ្ជូនទំនិញ។

គម្រោងនេះត្រូវបានរំពឹងថា នឹងបញ្ចប់រួចរាល់នៅត្រឹមឆ្នាំ២០៣០ខាងមុខ ហើយគម្រោងនេះ នឹងនាំមកនូវអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចយ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រមទាំងអាចបង្កើតការងារបានចំនួន៣៦.០០០កន្លែង និងជួយបង្កើននូវឱកាសពាណិជ្ជកម្ម។

ជាមួយគ្នានេះ ក្រុមហ៊ុន Budimex របស់ប៉ូឡូញ ក្រុមហ៊ុន Eiffage Génie Civil SAS របស់បារាំង និងក្រុមហ៊ុន Rizzani de Eccher របស់អ៊ីតាលី បានបង្កើតជាសម្ព័ន្ធភាពមួយ ដោយដាក់ឈ្មោះថា “ERB Rail JV” ដើម្បីរួមគ្នាអភិវឌ្ឍន៍គម្រោងរថភ្លើងល្បឿ​ន​លឿននេះ។

លោក Artur Popko អ្នកគ្រប់គ្រងទូទៅ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងរបស់ក្រុមហ៊ុន Budimex បានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “យើងកំពុងបង្កើតការវិនិយោគជាយុទ្ធសាស្រ្ត សម្រាប់តំបន់ទាំងមូលរបស់យើង”។

លោកបានអះអាងបន្ថែមថា “វាជាកិត្តិយសមួយ ដែលក្រុមហ៊ុនរបស់យើង ត្រូវបានជ្រើសរើសឱ្យសាងសង់គម្រោង Rail Balticaនេះ។ ប៉ុន្តែ វាក៏ជាបញ្ហាប្រឈមមួយផងដែរ ដោយសារគម្រោងនេះមានវិសាលភាពធំធេងណាស់”៕ប្រភព: Newsweek៕

LEAVE A REPLY

Please enter your comment!
Please enter your name here