ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងខ្សែរថភ្លើងល្បឿនលឿន ដែលតភ្ជាប់តំបន់បាល់ទិកទៅកាន់ប្រទេសប៉ូឡូញ និងប្រទេសផ្សេងទៀតនៅទ្វីបអឺរ៉ុប បានចាប់ផ្តើម បើកការដ្ឋានសាងសង់ជាផ្លូវការហើយ។ នេះបើយោងតាមសារពត៌មាន Newsweek។
គម្រោង Rail Baltica ដែលមានតម្លៃ៤ពាន់លានដុល្លារនេះ មានគោលបំណងតភ្ជាប់រដ្ឋធានី នៃប្រទេសអេស្តូនី ប្រទេសឡាតវី និងប្រទេសលីទុយអានី ដែលជាបណ្តាប្រទេសអឺរ៉ុបខាងកើត ជាមួយនឹងរដ្ឋធានី Warsaw នៃប្រទេសប៉ូឡង់ ដែលជាសមាជិករបស់សហភាពអឺរ៉ុប ដើម្បីនាំអតីតរដ្ឋចំណុះក្រោម សហភាពសូវៀតទាំងនេះឱ្យខិតកាន់តែជិតសហភាពអឺរ៉ុប(EU) ស្របពេលដែលមានភាពតានតឹងខ្លាំងរវាងតំបន់អឺរ៉ុបខាងលិច និងរុស្ស៊ី។
ផ្លូវរថភ្លើង Rail Baltica នេះគឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់បំផុតមួយនៅក្នុងតំបន់អឺរ៉ុប។
សហភាពអឺរ៉ុប(EU) បានបង្ហាញការគាំទ្រយ៉ាងខ្លាំង ចំពោះគម្រោងនេះ ដោយផ្តល់មូលនិធិចំនួន៨៥% នៃការចំណាយសរុប។
គម្រោង Rail Baltica នឹងលាតសន្ធឹងចម្ងាយ៨៧០គីឡូម៉ែត្រ ហើយខ្សែរថភ្លើងនេះ នឹងអាចធ្វើដំណើរក្នុងល្បឿន២៣៤គីឡូម៉ែត្រក្នុងមួយម៉ោង ដោយកាត់បន្ថយពេលវេលា ធ្វើដំណើរយ៉ាងច្រើន និងបង្កើនប្រសិទ្ធភាពដឹកជញ្ជូនអ្នកដំណើរ និងការដឹកជញ្ជូនទំនិញ។
គម្រោងនេះត្រូវបានរំពឹងថា នឹងបញ្ចប់រួចរាល់នៅត្រឹមឆ្នាំ២០៣០ខាងមុខ ហើយគម្រោងនេះ នឹងនាំមកនូវអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចយ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រមទាំងអាចបង្កើតការងារបានចំនួន៣៦.០០០កន្លែង និងជួយបង្កើននូវឱកាសពាណិជ្ជកម្ម។
ជាមួយគ្នានេះ ក្រុមហ៊ុន Budimex របស់ប៉ូឡូញ ក្រុមហ៊ុន Eiffage Génie Civil SAS របស់បារាំង និងក្រុមហ៊ុន Rizzani de Eccher របស់អ៊ីតាលី បានបង្កើតជាសម្ព័ន្ធភាពមួយ ដោយដាក់ឈ្មោះថា “ERB Rail JV” ដើម្បីរួមគ្នាអភិវឌ្ឍន៍គម្រោងរថភ្លើងល្បឿនលឿននេះ។
លោក Artur Popko អ្នកគ្រប់គ្រងទូទៅ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងរបស់ក្រុមហ៊ុន Budimex បានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “យើងកំពុងបង្កើតការវិនិយោគជាយុទ្ធសាស្រ្ត សម្រាប់តំបន់ទាំងមូលរបស់យើង”។
លោកបានអះអាងបន្ថែមថា “វាជាកិត្តិយសមួយ ដែលក្រុមហ៊ុនរបស់យើង ត្រូវបានជ្រើសរើសឱ្យសាងសង់គម្រោង Rail Balticaនេះ។ ប៉ុន្តែ វាក៏ជាបញ្ហាប្រឈមមួយផងដែរ ដោយសារគម្រោងនេះមានវិសាលភាពធំធេងណាស់”៕ប្រភព: Newsweek៕