អ្នកជំនាញលើកឡើងពីស្ថានភាពទីផ្សារដីធ្លីនៅជុំវិញរាជធានីភ្នំពេញ

0

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ អគ្គនាយិកាក្រុមហ៊ុនAmatak Propety Service បានបង្ហើបពីស្ថានភាពនៃការទិញ លក់ដីធ្លីនៅតំបន់មួយចំនួនជុំវិញរាជធានីភ្នំពេញ។

អ្នកស្រីបានមានប្រសាសន៍ ឲ្យដឹងតាមបណ្តាញតេឡេក្រាមកា​លពីចុងសប្តាហ៍មុនថា ស្ថានភាពនៃការទិញ លក់ដីធ្លី នៅកើតមាននៅតំបន់មួយចំនួននៅតែមានសកម្មភាព ប៉ុន្តែជាដីដែលមានតម្លៃក្រោមទីផ្សារ។ អ្នកស្រីបន្តថា តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ តំបន់បឹងតាមោឃ និងតំបន់មួយចំនួនទៀត នៅតែមានការដោះដូរដីធ្លី តែជាដីដែលមានតម្លៃក្រោមទីផ្សារ។

-->

អ្នកស្រីបន្តថា “សម្រាប់ដីនៅក្នុងទីក្រុង ក៏មានសកម្មភាពទិញ លក់មួយៗផងដែរ ប៉ុន្តែវានៅតែជាដី ដែលមានតម្លៃក្រោមទីផ្សារដដែល”។

ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនAdvance Real Estateបានមានប្រសាសន៍ឲ្យដឹងផងដែរថា ស្ថានភាពទីផ្សារនាពេលបច្ចុប្បន្ន មិនមានសញ្ញាណាមួយ គួរឲ្យកត់សំគាល់នៅឡើយទេ ដែលទាមទារឲ្យអ្នកនៅក្នុងវិស័យនេះ ប្រយ័ត្នប្រយែង និងអត់ធ្មត់បន្ថែមទៀត។

លោកបន្តថា “ភាពប្រសើរនៅក្នុងវិស័យនេះ មិនទាន់មានសញ្ញាគួរឲ្យចាប់អារម្មណ៍ទេ ប៉ុន្តែយើងឃើញរដ្ឋាភិបាលបានខិតខំទាក់ទា​ញការវិនិយោគ ដែលធ្វើឲ្យមានសញ្ញាសង្ឃឹមសម្រាប់សេដ្ឋកិច្ច”។

ចំណែកលោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងថា ស្ថានភាពទីផ្សារអចលនទ្រព្យ មិនមាន​សញ្ញាប្រសើរខ្លាំងនៅឡើយទេ ប៉ុន្តែបើនិយាយពីចរន្តនៃការទិញ លក់ នៅឆ្នាំនេះ មានភាពប្រសើរជាងឆ្នាំ២០២៣។

លោកបន្តថា “ទីផ្សារមិនមានប្រាក់ចំណេញរួមតូចជាងមុន ដោ​យ​សារទំហំបឹងនៅដដែល ចំនួនត្រីនៅដដែល តែមានចំនួនអ្នកចាប់ត្រីច្រើនជាងមុន”៕