ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសហការរបស់ កម្ពុជា–បារាំង មានវិសាលភាពលើសពីនយោបាយនិងជំនួយអភិវឌ្ឍន៍។
សម្តេចបន្តថា ក្នុងន័យនេះ កិច្ចសហការសេដ្ឋកិច្ចបារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុប ជាមួយពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់ ដែលមានទំហំទឹកប្រាក់៥១៥,២១ លានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២៣ និង២០៦,៤១លានដុល្លារអាម៉េរិកក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៤។
-->

ក្នុងនេះ ក្រុមហ៊ុនបារាំងជាច្រើន រាប់ចាប់ពីសហគ្រាសពហុជាតិ (MNEs) រហូតដល់សហគ្រាសធុនតូច និងមធ្យម (SMEs) បានបង្កើតមូលដ្ឋាននៅកម្ពុជា ដូចជា Vinci, Total Energies, Accor, BRED Bank, និងសហគ្រាសធុនតូច និងមធ្យមជាច្រើនទៀត ដែលគ្រប់គ្រងដោយធុរជនបារាំង ហើយការវិនិយោគពីបារាំង បានរួមចំណែកដល់ការបង្កើតការងារ ការផ្ទេរជំនាញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កើតជាមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពនៅកម្ពុជា ។

ជាមួយការអញ្ជីញវិនិយោគិនបារាំងទាំងអស់ ឱ្យមកស្វែងយល់ពីសក្តានុពលវិនិយោគដ៏ធំធេង ស្វែងរកកាលានុវត្តភាពដ៏សម្បូរបែប និងធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ដើម្បីទាញយកប្រយោជន៍ ពីទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធ របស់ប្រទេសទាំងពីរ សម្តេចមហបវរធិបតី បានស្វាគមន៍ចំពោះការសម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិនទាំងអស់ ជាពិសេស វិនិយោគិនបារាំងដែលជ្រើសរើសនិងមានបំណងមកបណ្តាក់ទុននៅកម្ពុជាដោយផ្ទាល់ឬចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុក។
ទន្ទឹមនេះសម្តេច បានសង្កត់បញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ និងផ្តល់ការគាំទ្រពេញទំហឹង ក៏ដូចជាការទទួលបដិសណ្ឋារកិច្ច ដល់គ្រប់វិនិយោគិន និងធុរជន ពីគ្រប់បណ្តាប្រទេស។ រាជរដ្ឋាភិបាលកម្ពុជា តែងគិតគូរពីសុខុមាលភាព របស់វិនិយោគិនទាំងអស់ ដោយយកចិត្តទុកដាក់ស្តាប់ជាប្រចាំនូវបញ្ហាប្រឈម ដែលវិនិយោគិនលើកឡើង និងពង្រឹងទំនាក់ទំនង ឥតឈប់ឈរជាមួយវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវគោលការណ៍”គិតរួមគ្នា, ធ្វើសកម្មភាពរួមគ្នា និង ទទួលខុសត្រូវរួមគ្នា” ។

ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលបាន និងកំពុងបង្កើត និងអនុវត្តជាបន្តបន្ទាប់នូវយន្តការ ដែលផ្តល់មធ្យោបាយងាយស្រួលបំផុតសម្រាប់វិស័យឯកជន ក្នុងការបញ្ចេញមតិ កង្វល់ និងសំណូមពរ ក្នុងនេះ យន្តការដែលលេចធ្លោជាងគេ គឺ វេទិការាជរដ្ឋាភិបាល–ផ្នែកឯកជន។ ជាមួយគ្នា គ្រប់ក្រសួង–ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងអនុវត្តន៍ និងតាមដានយ៉ាងជាប់លាប់ ប្រកបដោយភាពបុរេសកម្ម នូវរាល់វិធានការ ដែលត្រូវបានដាក់ចេញនៅក្នុង វេទិការាជរដ្ឋាភិបាល–ផ្នែកឯកជនលើកទី១៩។
ជាលទ្ធផល ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ យើងសង្កេតឃើញ នូវលទ្ធផលជោគជ័យជាបន្តបន្ទាប់ ដែលធ្វើឱ្យបរិយាកាសធុរកិច្ច កាន់តែមានភាពអំណោយផលជាងមុន ។ ជាក់ស្តែង, រាជរដ្ឋាភិបាលបានសម្រាលបន្ទុក របស់វិស័យឯកជន ពាក់ព័ន្ធនឹងការចុះបញ្ជីអាជីវកម្ម ការស្នើសុំអាជ្ញាបណ្ណ, អនុលោមភាពការងារនិងអនុលោមគណនេយ្យនិងសវនកម្មជាដើម។

រាជរដ្ឋាភិបាលបាននិងកំពុងផ្តល់អាទិភាពខ្ពស់ដល់ការកែទម្រង់ពន្ធដារគ្រប់ជ្រុងជ្រោយតាមរយៈការរៀបចំនិងអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាដើម្បីដោះស្រាយកង្វល់របស់វិស័យឯកជនជាពិសេសពាក់ព័ន្ធនឹងសវនកម្មនិងការវាយតម្លៃពន្ធឡើងវិញ។
យើងបានធ្វើការយ៉ាងជិតស្និទ្ធ និងពិគ្រោះយោបល់ជាមួយវិស័យឯកជន ក្នុងការរៀបចំនីតិវិធីប្រតិបត្តិស្តង់ដាទាំងនេះ ដើម្បីបង្កើនប្រសិទ្ធភាព ភាពអាចប៉ាន់ប្រមាណបាន និងតម្លាភាពនៃរដ្ឋបាលសារពើពន្ធ ។ រាជរដ្ឋាភិបាល ក៏បាននិងកំពុងលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការកាត់បន្ថយថ្លៃឡូជីស្ទីក និងដឹកជញ្ជូន ការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) និងការបំពេញបែបបទគយមុនពេលទំនិញមកដល់(Pre-arrival processing)ជាដើម។
សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា ទីប្រឹក្សាពាណិជ្ជកម្ម ក្រៅប្រទេសរបស់បារាំងប្រចាំនៅកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា ក្នុងការសហការរៀបចំព្រឹត្តិការណ៍ ដ៏មានកិត្យានុភាពនេះ ជាលើកទី២ ដែលជាកាលានុវត្តន៍ ដ៏វិសេសវិសាលក្នុងការពង្រឹងចំណងមិត្តភាព និងស្វែងរកសក្តានុពលដ៏ធំធេង សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចរវាងប្រជាជាតិទាំងពីរ កម្ពុជា–បារាំង៕