ដោយ រ៉ាណេត
ប៉ោយប៉ែត៖ សកម្មភាពនៃការពុះដីឡូតិ៍បានរីករាលដាលដល់តំបន់ព្រំដែនកម្ពុជា ថៃហើយ ខណៈកម្មភាពពុះដីឡូត៍នៅតាមតំបន់ជាយក្រុង ក៏ដូចជានៅតាមបណ្តាខេត្តមួយចំនួនកំពុងបន្តសកម្មភាពយ៉ាងពុះកញ្រ្ជោល។
ក្រុមហ៊ុនមួយបានសម្រេចពុះដីឡូត៍លើផ្ទៃដីទំហំ១០ ហិកតា ដែលស្ថិតនៅក្នុងតំបន់នៃគម្រោងអភិវឌ្ឍន៍ ជាទីក្រុងរណបដ៏ធំប្រចាំនៅក្រុងប៉ោយប៉ែត ត្រូវបានអ្នកជំនួញក្នុងវិស័យដីធ្លីសម្រេចពុះបំបែកជាដីឡូតិ៍ លក់ជូនអតិថិជនយ៉ាងគគ្រឹកគ្រេង។
លោក ខេម ប៊ុនថៃ ដែលនៅក្នុងពិភពសិល្បៈគេស្គាល់ឈ្មោះថា ខេមរៈ សិរីមន្ត ដែលបានវិវឌ្ឍខ្លួន ក្លាយជាអ្នកជំនួញដីធ្លីបាននិយាយឲ្យដឹងកាលពីពេលថ្មីៗនេះថា បើទោះជាលោកគឺជាតារាសិល្បៈ ប៉ុន្តែលោកបានមើលឃើញថា ទីផ្សារដីធ្លីមិនមានបញ្ហា ឬ ហានិភ័យណាមួយកើតឡើងនោះទេ គឺមានតែកញ្ជ្រោលខ្លាំងឡើង ទើបលោកសម្រេចចិត្តបើកគម្រោងពុះលក់ដីឡូតិ៍ លើផ្ទៃដីជាង១០ហិកតា នៅក្នុងតំបន់ប៉ោយប៉ែត ដែលជាតំបន់មានសក្ដានុពលខ្លាំង និងស្ថិតនៅជាប់ព្រំដែន កម្ពុជា - ថៃ។
លោកថា “China Poipet Satellite City ជាគម្រោងអភិវឌ្ឍទីក្រុងរណបថ្មីមួយ ដែលមានភាពទំនើប ស៊ីវីល័យ រួមមាន ដូចជាអាគាខុនដូ សណ្ឋាគារ រីសត ផ្សារទំនើប casino តំបន់សេដ្ធកិច្ចពិសេស រោងចក្រ សួនឧស្សាហ៍កម្ម ផែស្ងួត សំណង់បុរីលំនៅដ្ឋាន លាតសន្ធឹងលើផ្ទៃដីសរុបជាង១ពាន់ហិកតា”។
លោកបន្តថា “គម្រោងពុះដីឡូតិ៍នេះ ក៏ត្រូវបានរៀបចំជាស្រេចនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលវានឹងជួយឱ្យតំបន់ព្រំដែនកាន់តែមានភាពរស់រវើក មានភាពរីកចម្រើន និងទាក់ទាញ ខណៈដែលតម្លៃដីមួយឡូតិ៍ត្រឹមតែ ២៩៥០ ដុល្លារតែប៉ុណ្ណោះ។
លោក សួង សុខហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Four Star Plus Four និងក្រុមហ៊ុន Sg Top Trust បានទទួលស្គាល់ថា បច្ចុប្បន្ននេះសក្ដានុពល និងតម្លៃអចលនទ្រព្យនៅក្រុងប៉ោយប៉ែត គឺមានសន្ទុះខ្លាំង ពោលគឺមិនចាញ់ខេត្តព្រះសីហនុនោះឡើយ។ ដោយឡែកតំបន់ដែលឆ្ងាយពីក្រុងប៉ោយប៉ែត ហាក់នៅមានកម្រិតបន្តិចត្បិតចរន្តនៃដំណើរសេដ្ឋកិច្ច នៅមិនទាន់ពុះកញ្ច្រោលនៅឡើយ។
លោកថា “តម្លៃដីនៅក្រុងប៉ោយប៉ែតនាពេលនេះគឺមានសន្ទុះខ្លាំង អាចឡើងរហូតដល់ ៤០០០-៤៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ត្បិតតម្រូវការមានទំហំធំជាងការផ្គត់ផ្គង់”។លោកបន្តថា “តំបន់ឆ្ងាយពីប៉ោយប៉ែត អាចមានកម្រិតទាបនៅឡើយ ប៉ុន្តែនៅថ្ងៃខាងមុខវានឹងឡើងថ្លៃបន្តិចម្ដងៗ ដែលវាក៏ជាឱកាសសម្រាប់ ដែលមានបំណងវិនិយោគបន្តទទួលយកចំណេញ”៕