ដោយ រ៉ាណេត
ប៉ោយប៉ែត៖ សកម្មភាពនៃការពុះដីឡូតិ៍បានរីករាលដាលដល់តំបន់ព្រំដែនកម្ពុជា ថៃហើយ ខណៈកម្មភាពពុះដីឡូត៍នៅតាមតំបន់ជាយក្រុង ក៏ដូចជានៅតាមបណ្តាខេត្តមួយចំនួនកំពុងបន្តសកម្មភាពយ៉ាងពុះកញ្រ្ជោល។
ក្រុមហ៊ុនមួយបានសម្រេចពុះដីឡូត៍លើផ្ទៃដីទំហំ១០ ហិកតា ដែលស្ថិតនៅក្នុងតំបន់នៃគម្រោងអភិវឌ្ឍន៍ ជាទីក្រុងរណបដ៏ធំប្រចាំនៅក្រុងប៉ោយប៉ែត ត្រូវបានអ្នកជំនួញក្នុងវិស័យដីធ្លីសម្រេចពុះបំបែកជាដីឡូតិ៍ លក់ជូនអតិថិជនយ៉ាងគគ្រឹកគ្រេង។

លោក ខេម ប៊ុនថៃ ដែលនៅក្នុងពិភពសិល្បៈគេស្គាល់ឈ្មោះថា ខេមរៈ សិរីមន្ត ដែលបានវិវឌ្ឍខ្លួន ក្លាយជាអ្នកជំនួញដីធ្លីបាននិយាយឲ្យដឹងកាលពីពេលថ្មីៗនេះថា បើទោះជាលោកគឺជាតារាសិល្បៈ ប៉ុន្តែលោកបានមើលឃើញថា ទីផ្សារដីធ្លីមិនមានបញ្ហា ឬ ហានិភ័យណាមួយកើតឡើងនោះទេ គឺមានតែកញ្ជ្រោលខ្លាំងឡើង ទើបលោកសម្រេចចិត្តបើកគម្រោងពុះលក់ដីឡូតិ៍ លើផ្ទៃដីជាង១០ហិកតា នៅក្នុងតំបន់ប៉ោយប៉ែត ដែលជាតំបន់មានសក្ដានុពលខ្លាំង និងស្ថិតនៅជាប់ព្រំដែន កម្ពុជា - ថៃ។
លោកថា “China Poipet Satellite City ជាគម្រោងអភិវឌ្ឍទីក្រុងរណបថ្មីមួយ ដែលមានភាពទំនើប ស៊ីវីល័យ រួមមាន ដូចជាអាគាខុនដូ សណ្ឋាគារ រីសត ផ្សារទំនើប casino តំបន់សេដ្ធកិច្ចពិសេស រោងចក្រ សួនឧស្សាហ៍កម្ម ផែស្ងួត សំណង់បុរីលំនៅដ្ឋាន លាតសន្ធឹងលើផ្ទៃដីសរុបជាង១ពាន់ហិកតា”។
លោកបន្តថា “គម្រោងពុះដីឡូតិ៍នេះ ក៏ត្រូវបានរៀបចំជាស្រេចនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលវានឹងជួយឱ្យតំបន់ព្រំដែនកាន់តែមានភាពរស់រវើក មានភាពរីកចម្រើន និងទាក់ទាញ ខណៈដែលតម្លៃដីមួយឡូតិ៍ត្រឹមតែ ២៩៥០ ដុល្លារតែប៉ុណ្ណោះ។
លោក សួង សុខហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Four Star Plus Four និងក្រុមហ៊ុន Sg Top Trust បានទទួលស្គាល់ថា បច្ចុប្បន្ននេះសក្ដានុពល និងតម្លៃអចលនទ្រព្យនៅក្រុងប៉ោយប៉ែត គឺមានសន្ទុះខ្លាំង ពោលគឺមិនចាញ់ខេត្តព្រះសីហនុនោះឡើយ។ ដោយឡែកតំបន់ដែលឆ្ងាយពីក្រុងប៉ោយប៉ែត ហាក់នៅមានកម្រិតបន្តិចត្បិតចរន្តនៃដំណើរសេដ្ឋកិច្ច នៅមិនទាន់ពុះកញ្ច្រោលនៅឡើយ។







