ក្រុមហ៊ុន​ធំ​មួយបោះទុនជាង ៥០លានដុល្លារ​​​បង្កើត​​តំបន់​សេដ្ឋកិច្ច​​ពិសេស​​សុវណ្ណភូមិ​​នៅ​កៀនស្វាយ​

0

ដោយ ​វុត្ថា​

ភ្នំពេញ​៖ ក្រុមហ៊ុន​សុវណ្ណភូមិ​អ៊ិ​នវេ​សមេន​ខូ​អិល​ធី​ឌី ​បោះទុនជាង ៥០លានដុល្លារអាមេរិក ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​សុវណ្ណភូមិ​នៅ​លើ​ផ្ទៃដី​ទំហំ ២១៤ហិ​កតា ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​សំ​រោង​ក្អែ​រឃុំ​សំរោងធំ​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​។

លោក​នេត្រ​ភក្ត្រា​រដ្ឋលេខាធិការ​នៃ​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី២០ ខែមីនា​ម្សិលមិញ​នេះ​បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ដើម្បី​ពិនិត្យ​និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​និង​សង្គម​ពេញលេញ​សម្រាប់​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​សុវណ្ណភូមិ​ដែល​បាន​សិក្សា​វាយតម្លៃ​ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​ជី​អាយ​ជី​ប៊ី​ប៊ី​ហ្សនេស​អ៊ិ​នវេ​សមេន ​(ខេម​បូ​ឌា​) ខូ​អិល​ធី​ឌី​។

លោក​នេត្រ ​ភក្ត្រា​ បាន​ឱ្យ​ដឹង​ថា​ក្រសួងបរិស្ថាន​បាន​គាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​នេះ​ពីព្រោះ​គម្រោង​នេះ​នឹង​រួមចំណែក​ក្នុង​ការបង្កើត​ការងារ​ដល់​ប្រជាជន​ក្នុង​តំបន់​និង​ធ្វើ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​កម្ពុជា​តាមរយៈ​ការ​ទាក់ទាញ​វិនិយោគិន​កាន់តែ​ច្រើន​មកកាន់​ប្រទេស​កម្ពុជា​។

លោកន្ត​ថា​ដោយសារ​ទីតាំង​គម្រោង​ស្ថិត​ជាប់នឹង​ទន្លេមេគង្គ​ដូច្នេះ​ស្នើ​ឱ្យ​ក្រុមហ៊ុន​ម្ចាស់​គម្រោង​ត្រូវ​គិតគូរ​ឱ្យ​បាន​ល្អិតល្អន់​នូវ​ចំណុច​ដូច​ខាងក្រោម​ត្រូវ​រៀបចំ​អាង​ប្រព្រឹត្តិ​កម្ម​សំណល់រាវ​ឱ្យ​បាន​មុន​ពេល​ប្រតិបត្តិ​គម្រោង​ព្រមទាំង​គ្រប់គ្រង​សំណល់រាវ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​និង​ត្រូវ​បញ្ជាក់​បន្ថែម​ឱ្យ​បាន​ច្បាស់លាស់​នូវ​ប្រភេទ​ក្រុមហ៊ុន​ដែល​នឹង​ចូល​មក​វិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​។

លោ​កនេត្រ​ ភត្រា​ បាន​បន្ថែម​ថា​ចំពោះ​ក្រុមហ៊ុន​ឬរោងចក្រ​ដែល​ចូល​មក​វិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ត្រូវ​ធ្វើការ​សិក្សា​និង​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដាច់ដោយឡែក​។លោក​បន្ថែម​ថា​ទាក់ទង​នឹង​ការគ្រប់គ្រង​សំណល់រឹង​សំរាម​ក្រុមហ៊ុន​ម្ចាស់​គម្រោង​ត្រូវ​អនុវត្ត​ដូច​ខាងក្រោម​៖កំណត់​ទីតាំង​ទុកដាក់​សំណល់រឹង​ឱ្យ​បាន​ច្បាស់លាស់​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ប្រមូល​សំណល់រឹង​សំរាម​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ដើម្បី​ដឹក​សំណល់​ទាំងនោះ​ចេញពី​ទីតាំង​គម្រោង​និង​ត្រូវ​គោរព​តាម​គោលការណ៍3​Rសម្រាប់​ការគ្រប់គ្រង​សំណល់រឹង​សំរាម​ដោយ​ការ​ញែក​សំណល់​ទាំងនោះ​តាម​ប្រភេទ​សំណល់​ការកែច្នៃ​ឡើងវិញ​និង​ការប្រើ​ប្រាស់​ឡើងវិញ​ហើយ​បើ​អាច​ឈាម​ដល់​ការគ្រប់គ្រង​មិន​ឱ្យ​មាន​សំណល់រឹង​សំរាម​ទៀត​នោះ​កាន់តែ​ប្រសើរ​។

ក្រុមហ៊ុន​ត្រូវ​គិតគូរ​អំពី​សុខភាព​និង​សុវត្ថិភាព​របស់​បុគ្គលិក​-កម្មករ​ដោយ​គោរព​តាមច្បាប់​ស្តី​ពី​ការងារ​និង​ត្រូវ​ចុះ​បញ្ជី​ប.ស.សស​ម្រាប់​បុគ្គលិក​-កម្មករ​ទាំងអស់​។ ក្រុមហ៊ុន​ត្រូវ​បង្កើត​អាហារដ្ឋាន​សម្រាប់​បុគ្គលិក​-កម្មករ​ទទួល​បាន​អាហារ​និង​ឈប់សម្រាក​។ក្រុមហ៊ុន​ត្រូវ​គិតគូរ​ដល់​ស្ត្រី​មានផ្ទៃពោះ​ដោយ​បង្កើត​ឱ្យ​មាន​កន្លែង​សង្គ្រោះ​បឋម​នៅ​តំបន់​នោះ​។ដោយសារ​ទីតាំង​គម្រោង​ស្ថិតនៅ​ជាប់​ផ្លូវជាតិ​លេខ១ដូច្នេះ​ក្រុមហ៊ុន​ម្ចាស់​គម្រោង​ត្រូវ​គិតគូរ​ឱ្យ​បាន​ល្អិតល្អន់​អំពី​កន្លែង​ចត​រថយន្ត​ដឹក​កម្មករ​បញ្ហា​កកស្ទះ​និង​គ្រោះថ្នាក់​ចរាចរណ៍​។

ក្រុមហ៊ុន​ត្រូវ​រក្សាទុក​ផ្ទៃដី​បៃតង​ឱ្យ​បាន​យ៉ាងតិច​ណាស់៣0ភាគរយ​នៃ​ផ្ទៃដី​វិនិយោគ​សរុប​។ក្រុមហ៊ុន​ត្រូវ​ចូលរួម​ចំណែក​លើកស្ទួយ​ជីវភាព​របស់​ប្រជាជន​ដែល​នៅ​រស់នៅ​ជុំវិញ​តំបន់​នោះ​។

ជាមួយគ្នា​នោះ​ក្រសួង​បាន​គាំទ្រ​និង​លើកទឹកចិត្ត​បន្ថែម​ទៀត​ដល់​ក្រុមហ៊ុន​ដែល​មានគំនិត​ផ្តួចផ្តើម​កែច្នៃ​ទឹក​ចេញពី​អាង​ប្រព្រឹត្តិ​កម្ម​សំណល់រាវ​ដើម្បី​យក​ទៅ​ស្រោចស្រព​ដំណាំ​និង​រុក្ខជាតិ​នៅក្នុង​តំបន់​គម្រោង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here