ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុនសុវណ្ណភូមិអ៊ិនវេសមេនខូអិលធីឌី បោះទុនជាង ៥០លានដុល្លារអាមេរិក បង្កើតតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិនៅលើផ្ទៃដីទំហំ ២១៤ហិកតា ដែលមានទីតាំងស្ថិតនៅភូមិសំរោងក្អែរឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្តាល។
លោកនេត្រភក្ត្រារដ្ឋលេខាធិការនៃក្រសួងបរិស្ថានកាលពីថ្ងៃទី២០ ខែមីនាម្សិលមិញនេះបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យនិងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមពេញលេញសម្រាប់គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិដែលបានសិក្សាវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សាជីអាយជីប៊ីប៊ីហ្សនេសអ៊ិនវេសមេន (ខេមបូឌា) ខូអិលធីឌី។
-->
លោកនេត្រ ភក្ត្រា បានឱ្យដឹងថាក្រសួងបរិស្ថានបានគាំទ្រចំពោះគម្រោងវិនិយោគនេះពីព្រោះគម្រោងនេះនឹងរួមចំណែកក្នុងការបង្កើតការងារដល់ប្រជាជនក្នុងតំបន់និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការទាក់ទាញវិនិយោគិនកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា។
លោកន្តថាដោយសារទីតាំងគម្រោងស្ថិតជាប់នឹងទន្លេមេគង្គដូច្នេះស្នើឱ្យក្រុមហ៊ុនម្ចាស់គម្រោងត្រូវគិតគូរឱ្យបានល្អិតល្អន់នូវចំណុចដូចខាងក្រោមត្រូវរៀបចំអាងប្រព្រឹត្តិកម្មសំណល់រាវឱ្យបានមុនពេលប្រតិបត្តិគម្រោងព្រមទាំងគ្រប់គ្រងសំណល់រាវឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនិងត្រូវបញ្ជាក់បន្ថែមឱ្យបានច្បាស់លាស់នូវប្រភេទក្រុមហ៊ុនដែលនឹងចូលមកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ។
លោកនេត្រ ភត្រា បានបន្ថែមថាចំពោះក្រុមហ៊ុនឬរោងចក្រដែលចូលមកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះត្រូវធ្វើការសិក្សានិងវាយតម្លៃហេតុប៉ះពាល់បរិស្ថានដាច់ដោយឡែក។លោកបន្ថែមថាទាក់ទងនឹងការគ្រប់គ្រងសំណល់រឹងសំរាមក្រុមហ៊ុនម្ចាស់គម្រោងត្រូវអនុវត្តដូចខាងក្រោម៖កំណត់ទីតាំងទុកដាក់សំណល់រឹងឱ្យបានច្បាស់លាស់ដោយសហការជាមួយក្រុមហ៊ុនប្រមូលសំណល់រឹងសំរាមដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវដើម្បីដឹកសំណល់ទាំងនោះចេញពីទីតាំងគម្រោងនិងត្រូវគោរពតាមគោលការណ៍3Rសម្រាប់ការគ្រប់គ្រងសំណល់រឹងសំរាមដោយការញែកសំណល់ទាំងនោះតាមប្រភេទសំណល់ការកែច្នៃឡើងវិញនិងការប្រើប្រាស់ឡើងវិញហើយបើអាចឈាមដល់ការគ្រប់គ្រងមិនឱ្យមានសំណល់រឹងសំរាមទៀតនោះកាន់តែប្រសើរ។
ក្រុមហ៊ុនត្រូវគិតគូរអំពីសុខភាពនិងសុវត្ថិភាពរបស់បុគ្គលិក-កម្មករដោយគោរពតាមច្បាប់ស្តីពីការងារនិងត្រូវចុះបញ្ជីប.ស.សសម្រាប់បុគ្គលិក-កម្មករទាំងអស់។ ក្រុមហ៊ុនត្រូវបង្កើតអាហារដ្ឋានសម្រាប់បុគ្គលិក-កម្មករទទួលបានអាហារនិងឈប់សម្រាក។ក្រុមហ៊ុនត្រូវគិតគូរដល់ស្ត្រីមានផ្ទៃពោះដោយបង្កើតឱ្យមានកន្លែងសង្គ្រោះបឋមនៅតំបន់នោះ។ដោយសារទីតាំងគម្រោងស្ថិតនៅជាប់ផ្លូវជាតិលេខ១ដូច្នេះក្រុមហ៊ុនម្ចាស់គម្រោងត្រូវគិតគូរឱ្យបានល្អិតល្អន់អំពីកន្លែងចតរថយន្តដឹកកម្មករបញ្ហាកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍។
ក្រុមហ៊ុនត្រូវរក្សាទុកផ្ទៃដីបៃតងឱ្យបានយ៉ាងតិចណាស់៣0ភាគរយនៃផ្ទៃដីវិនិយោគសរុប។ក្រុមហ៊ុនត្រូវចូលរួមចំណែកលើកស្ទួយជីវភាពរបស់ប្រជាជនដែលនៅរស់នៅជុំវិញតំបន់នោះ។
ជាមួយគ្នានោះក្រសួងបានគាំទ្រនិងលើកទឹកចិត្តបន្ថែមទៀតដល់ក្រុមហ៊ុនដែលមានគំនិតផ្តួចផ្តើមកែច្នៃទឹកចេញពីអាងប្រព្រឹត្តិកម្មសំណល់រាវដើម្បីយកទៅស្រោចស្រពដំណាំនិងរុក្ខជាតិនៅក្នុងតំបន់គម្រោង៕