ដោយ ចន្រ្ទា
កណ្តាល៖ សម្ព័ន្ឋសហគ្រាសកាណាឌីយ៉ា (Canadia Group) បាននិងកំពុងប្រែក្លាយស្រុកកៀនស្វាយ ស្ថិតនៅតាមបណ្តោយផ្លវជាតិលេខ១ កាន់តែរីកចម្រើន ស្របពេលហេដ្ឋារចនាសម្ព័ន្ឋ និងលក្ខខ័ណ្ឌភូមិសាស្រ្តមានភាពអំណោយផល។
ប្រធានផ្នែកលក់នៃគម្រោងកៀនស្វាយផ្លាហ្សា កញ្ញា អ៊ុក ចន្រ្ទា បានមានប្រសាសន៍ឱ្យដឹងតាមប្រព័ន្ឋតេឡេក្រាមកាលពីថ្ងៃទី២១ មិនានេះថា គម្រាងកៀនស្វាយផ្លាហ្សា (Kien Svay Plaza) ត្រូវបានអភិវឌ្ឍន៍របស់សម្ពន្ធ័សហគ្រាសកាណាឌីយ៉ា ដែលមានទីតាំងស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ១។ គម្រោងនេះស្ថិតនៅលើផ្ទៃដី ៨ហិចតា នៅជិតវត្តកៀនស្វាយក្រៅ មានចម្ងាយពីស្ពានច្បារអំពៅត្រឹមតែ១១គីឡូម៉ែត្រតែប៉ុណ្ណោះ។ គម្រាងកៀនស្វាយផ្លាហ្សា បានចាប់ផ្តើមដំបូង និងចាប់ផ្តើមបើកលក់ដំបូងបង្អស់នៅពាក់កណ្តាលឆ្នាំ ២០១៦។
-->
នៅក្នុងគម្រោងទាំងមូលមានជាប្រភេទផ្ទះល្វែង និងផ្សារ។ គម្រាងកៀនស្វាយផ្លាហ្សា មានផ្ទះល្វែងប្រភេទ : ផ្ទះល្វែងប្រភេទ ៣ជាន់ ផ្ទះល្វែងប្រភេទ ២ជាន់ និងផ្ទះល្វែងប្រភេទ ១ជាន់។ ចំណែកឯផ្សារកៀនស្វាយ ផ្លាហ្សា វិញមានទីតាំងនៅចំកណ្តាលគម្រោងបែរមុខមកផ្លូវជាតិ១ព័ទ្ធជុំវិញ ទៅដោយផ្ទះល្វែងទំហំសរុបជិតពីរហិចតា មានតូបសរុបទាំងអស់ ជាង៤០០តូប។ បន្ថែមពីនេះទៀតមានទីតាំងខាងមុខផ្សារទំហំជាងកន្លះហិចតាជាស្តង់បូត កន្លែងក្មេងលែង (PlayGround) ផ្សាររាត្រី ចំណតរថយន្ត និងឡានក្រុង។
កញ្ញា អ៊ុក ចន្រ្ទា បានមានប្រសាសន៍ឱ្យដឹងទៀតថា ដោយគិតគូពីផាសុខភាពដល់អ្នករស់នៅក្នុងគម្រោងនេះ ទើបក្រុមហ៊ុនបានដាំដើមឈើជុំវិញគម្រោង។ អ្វីកាន់តែពិសេសគម្រោងនេះ ក៏មានទីតាំងធំទូលាយសម្រាប់ជួលធ្វើពិធីមង្គលការ និងមានទីតាំងសមស្របសម្រាប់អ្នករៀនបើកបររថយន្តលើកដំបូង សាកល្បងហ្វឹកហាត់ លើសពីនេះទៅទៀតក៏មានទីតាំងល្អសម្រាប់គ្រប់វ័យ មកហាត់ប្រាណពេល្ងាច លេងកីឡា រៀនជិះស្គី -ល- ផងដែរ។ ខាងក្រោយគម្រោងជាប់នឹងទន្លេ មានស្ពានឆ្លងកាត់ទៅតាមស្ពានកោះប្រាក់នឹងផ្ទះប្រជាពលរដ្ជដែលរស់នៅជាច្រើនកុះករ នៅតាមផ្លូវចូលធំទូលាយអត់មានទឹកអត់មានផ្លូវឆ្លងកាត់ហើយមានខ្យល់បរិសុទ្ធនឹងស្រស់បំព្រង។
គម្រោងកៀនស្វាយ ផ្លាហ្សា ប្រកបដោយផាសុខភាព សុវត្ថិភាព ជាមួយសំណង់ដ៏រឹងមាំមិនជ្រាបទឹក មិនលិចទឹក ការសាងសង់លឿនមិនគួរឱ្យជឿ ដោយបុកគ្រិះដល់ ២២ ទៅ ២៤ម៉ែត្រ និងមានប្លង់ដីច្បាស់លាស់ ជាកម្មសិទ្ធិផ្ទាល់ខ្លួនថែមទៀតផងហើយត្រូវបានទទួលស្គាល់ថា ជាតំបន់កំពុងអភិវឌ្ឍនឹងមានសត្តានុភាពយ៉ាងខ្លាំង នៅក្នុងខេត្តកណ្តាល។
អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោក យិន លាងគង់បានមានប្រសាសន៍ថា ការបញ្ចប់ការសាងសង់ផ្លូវជាតិលេខ១ បានធ្វើឱ្យអ្នកវិនិយោគជាតិ អន្តរជាតិ ពិសេសអ្នកវិនិយោគបុរី លំនៅដ្ឋានជាច្រើនបានចាប់អារម្មណ៍នៅតំបន់នេះ ដោយសារស្រុកកៀនស្វាយមានចម្ងាយជិតនឹងរាជធានីភ្នំពេញ មានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរទាំងផ្លូវគោក និងផ្លូវទឹក ពិសេសមានដងទន្លេនៅអមផ្លូវជាតិ ដែលបានផ្តល់បរិយាកាសរស់នៅប្រកបដោយភាពមនោរម្យ និងមានផាសុខភាព។
លោកបន្តថា “ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ និងកំពង់ផែស្វយ័ត្នក្រុងភ្នំពេញបាននិងកំពុងធ្វើឱ្យស្រុកកៀនស្វាយ កាន់តែរីកចម្រើនខ្លាំងនាពេលអនាគត ខណៈបច្ចុប្បន្នតម្លៃដីក៏បាននិងកំពុងកើនឡើង”។ លោកបន្តថា “ ខ្ញុំគិតថារយៈពេល ១០ឆ្នាំខាងមុខពីរាជធានីភ្នំពេញ ដល់តំបន់អ្នកលឿងនឹងក្លាយជាតំបន់លំនៅដ្ឋាន និងឧស្សាហកម្ម”។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមួយបានប្រកាសសាងសង់តំបន់សេដ្ឋកិច្ចពិសេស លើផ្ទៃដីជាង២០០ហិកតា ដែលមានទុនវិនិយោគជាង៥០លានដុល្លារ នៅក្នុងស្រុកកៀនស្វាយផងដែរ៕