ដោយ គង់ សូរិយា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុជាលើកដំបូងក្នុងប្រវត្តិសាស្រ្តកម្ពុជា។
ពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿននេះ នឹងធ្វើឡើងនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ខណៈផ្លូវប្រវែងជាង ១៩០គីឡូម៉ែត្រនេះ នឹងចំណាយពេលសាងសង់រយៈពេល៤ឆ្នាំ និងចំណាយទឹកប្រាក់ប្រមាណ ២០០០លានដុល្លារអាមេរិក។
-->
លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា ការសាងសង់ផ្លូវល្បឿនលឿន មានសារៈសំខាន់ណាស់ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងសង្គម ព្រោះដើម្បីជំរុញកំនើនសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត យើងត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋកាន់តែច្រើន ដើម្បីសម្រួលការដឹកជញ្ជូន និងពាណិជ្ជកម្មកម្ពុជា។
លោកបន្តថា “វាជាអាយុជីវិតជាតិ វាជាការជំរុញសេដ្ឋកិច្ចជាតិរបស់យើង ដើម្បីសេដ្ឋកិច្ចកម្ពុជាឈានទៅកាន់កម្រិតថ្មីមួយ”។
លោក វ៉ាស៊ីម សូរិយា បានបន្តថា ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ នឹងចាកចេញពីតំបន់អូរដឹម នៃចំណុចប្រសព្វរវាងផ្លូវទៅទំនប់កប់ស្រូវ និងអូសកាត់ផ្នែកខាងស្តាំដៃនៃផ្លូវជាតិលេខ៤។ លោកបន្តថា ចេញពីរាជធានីភ្នំពេញ ផ្លូវនេះនឹងស្ថិតនៅផ្នែកខាងស្តាំផ្លូវជាតិលេខ៤ ប្រមាណ ៣០គីឡូម៉ែត្រ ទើបផ្លូវនេះងាកមកឆ្វេងដៃវិញរហូតដល់ស្រុកព្រៃនប់ ទើបងាកមកខាងស្តាំដៃវិញរហូតដល់ក្រុងព្រះសីហនុ៕
