សម្តេច​តេជោ​អញ្ជើញ​បើក​​ការដ្ឋាន​​សាងសង់​​ផ្លូវ​ល្បឿន​លឿន​​ក្នុង​​ប្រវត្តិសាស្ត្រ​​លើក​ដំបូង​​របស់​​កម្ពុជា​​នៅ​ព្រឹក​នេះ​

0

ដោយ​ គង់​ សូ​រិយា

ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ព្រះសីហនុ​ជាលើកដំបូង​ក្នុង​ប្រវត្តិ​សាស្រ្ត​កម្ពុជា​។

ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​ នឹង​ធ្វើឡើង​នៅ​ស្រុក​សំរោងទង​ ខេត្ត​កំពង់ស្ពឺ​ ខណៈ​ផ្លូវ​ប្រវែង​ជាង ១៩០​គីឡូម៉ែត្រ​នេះ​ នឹង​ចំណាយពេល​សាងសង់​រយៈពេល៤ឆ្នាំ​ និង​ចំណាយ​ទឹកប្រាក់​ប្រមាណ ២០០០លាន​ដុល្លារ​អាមេរិក​។

លោក​ វ៉ា​ ស៊ី​មសូរិ​យា​ អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​ថ្លែង​ថា​ ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ មាន​សារៈសំខាន់​ណាស់​ ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ច​ និង​សង្គម​ ព្រោះ​ដើម្បី​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​កម្ពុជា​បន្ថែម​ទៀត​ យើង​ត្រូវ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​កាន់តែ​ច្រើន​ ដើម្បី​សម្រួលការ​ដឹកជញ្ជូន​ និង​ពា​ណិ​ជ្ជ​កម្ម​កម្ពុជា​។

លោក​បន្ត​ថា​ “វា​ជា​អាយុជីវិត​ជាតិ​ វា​ជា​ការជំរុញ​សេដ្ឋកិច្ច​ជាតិ​របស់​យើង​ ដើម្បី​សេដ្ឋកិច្ច​កម្ពុជា​ឈាន​ទៅកាន់​កម្រិត​ថ្មី​មួយ​”។

លោក​ វ៉ា​ស៊ី​ម សូ​រិយា​ បាន​បន្ត​ថា​ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ព្រះសីហនុ​ នឹង​ចាកចេញ​ពី​តំបន់​អូរ​ដឹម​ នៃ​ចំណុចប្រសព្វ​រវាង​ផ្លូវ​ទៅ​ទំនប់​កប់​ស្រូវ​ និង​អូស​កាត់​ផ្នែក​ខាងស្តាំ​ដៃ​នៃ​ផ្លូវជាតិ​លេខ៤​។ លោក​បន្ត​ថា​ ចេញពី​រាជធានី​ភ្នំពេញ​ ផ្លូវ​នេះ​នឹង​ស្ថិត​នៅ​​​ផ្នែក​ខាងស្តាំ​ផ្លូវជាតិ​លេខ៤​ ប្រមាណ​ ៣០គីឡូម៉ែត្រ​ ទើប​ផ្លូវ​នេះ​ងាក​មក​ឆ្វេងដៃ​វិញ​រហូតដល់​ស្រុក​ព្រៃនប់​ ទើប​ងាក​មក​ខាងស្តាំ​ដៃ​វិញ​រហូតដល់​ក្រុង​ព្រះសីហនុ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here