សម្តេច​តេជោ​ប្រកាស​នឹង​សាងសង់​​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​បាវិត​

0

ដោយ​ វុត្ថា

​ភ្នំពេញ​៖​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​ប្រកាស​ថា​នឹង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​នា​ពេល​ខាងមុខនេះ​ ​ខណៈ​ផ្លូវ​មួយ​នេះ​ ​បាន​នឹង​កំពុង​សិក្សា​។​

​សម្តេច​តេជោ​ ​បាន​ថ្លែង​នៅក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​(​Express​ ​Way​)​ភ្នំពេញ​ ​ព្រះសីហនុ​ ​នៅ​ថ្ងៃទី​ ​២២​ ​ខែមីនា​នេះ​ថា​ ​នឹង​សាង​សង់ផ្លូវ​ល្បឿន​លឿន​ត​ភា្ជប់​ទៅកាន់​ប្រទេស​វៀតណាម​ ​និង​តភ្ជាប់​ទៅកាន់​ប្រទេស​ថៃ​ផង​ដែរ​ដើម្បី​សម្រួល​ដល់​ការ​ដឹកជញ្ជូន​ទំនិញ​ ​និង​ធ្វើដំណើរ​ឆ្លងកាត់​ព្រុំ​ដែន​។​

​លោក​ ​វ៉ា​ស៊ី​ម​ ​សូ​រិយា​ ​អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ធ្លាប់​បាន​ឲ្យដឹង​កន្លងមក​ថា​ ​គំរោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​ ​សិក្សា​ដោយ​អ្នកជំនាញ​អង្គការ​ ​JICA​ ​រួចហើយ​ ​ដោយ​គ្រោង​ចំណាយ​ថវិកា​សរុប​ ​៣៨០០លាន​ដុល្លារ​ ​ដែល​ជា​ការ​ចំណាយ​ដ៏​ធំធេង​មួយ​។​

​លោក​បន្ត​ថា​ ​កន្លងមក​មាន​ក្រុមហ៊ុន​ចិន​ ​និង​បច្ចុប្បន្ន​ទំនងជា​មាន​ក្រុមហ៊ុន​ចិន​ជាច្រើន​ទៀត​ ​កំពុង​សិក្សា​ដើម្បី​ឈាន​ទៅ​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​។​

​អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការរូបនេះបាន​បន្ត​ថា​ ​“​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ​បាវិត​ ​ដែល​សិក្សា​ចំណាយ​អស់​ច្រើន​កន្លងមក​ ​ដោយសារ​ផ្លូវ​នេះ​ត្រូវ​ធ្វើ​ស្ពាន​ប្រវែង​ជា​ ​១០គីឡូម៉ែត្រ​ ​នៅ​តំបន់​ស្រុក​ល្វាឯម​ ​ដោយសារ​ផ្លូវ​នេះ​គ្រោង​ធ្វើ​នៅ​ផ្នែក​ខាងឆ្វេង​ទន្លេមេគង្គ​”​។​ ​លោក​បន្ត​ថា​ ​“​ផ្លូវ​នេះ​នឹង​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ ​ខេត្តកណ្តាល​ ​ខេត្តព្រៃវែង​ ​មុន​តភ្ជាប់​ទៅកាន់​ក្រុង​បាវិត​ ​ខេត្តស្វាយរៀង​”​។​

ទោះជាយ៉ាងណា​គំរោង​សាងសង់​ផ្លូវ​នេះ​ ​មិនដឹង​បញ្ចប់​ការសិក្សា​និង​ចាប់ផ្តើម​នៅ​​ពេលណា​នៅឡើយ​ទេ​។​ ​ក្នុង​ពេល​អញ្ជើញ​ទស្សនកិច្ច​ប្រទេស​ចិន​ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្តេច​តេជោ​ ហ៊ុន​ ​សែន ​បាន​អនុញ្ញាតឲ្យ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ស្ពាន​ថ្នល់​របស់​ចិន​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​ហើយ​សម្តេច​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​នេះ​ពន្លឿន​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​ក្រុង​ព្រះសីហនុ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here