ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានប្រកាសថានឹងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនាពេលខាងមុខនេះ ខណៈផ្លូវមួយនេះ បាននឹងកំពុងសិក្សា។
សម្តេចតេជោ បានថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន(Express Way)ភ្នំពេញ ព្រះសីហនុ នៅថ្ងៃទី ២២ ខែមីនានេះថា នឹងសាងសង់ផ្លូវល្បឿនលឿនតភា្ជប់ទៅកាន់ប្រទេសវៀតណាម និងតភ្ជាប់ទៅកាន់ប្រទេសថៃផងដែរដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ និងធ្វើដំណើរឆ្លងកាត់ព្រុំដែន។
-->
លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនធ្លាប់បានឲ្យដឹងកន្លងមកថា គំរោងសាងសង់ផ្លូវល្បឿនលឿននេះ សិក្សាដោយអ្នកជំនាញអង្គការ JICA រួចហើយ ដោយគ្រោងចំណាយថវិកាសរុប ៣៨០០លានដុល្លារ ដែលជាការចំណាយដ៏ធំធេងមួយ។
លោកបន្តថា កន្លងមកមានក្រុមហ៊ុនចិន និងបច្ចុប្បន្នទំនងជាមានក្រុមហ៊ុនចិនជាច្រើនទៀត កំពុងសិក្សាដើម្បីឈានទៅសាងសង់ផ្លូវល្បឿនលឿននេះ។
អ្នកនាំពាក្យក្រសួងសាធារណៈការរូបនេះបានបន្តថា “ផ្លូវល្បឿនលឿនភ្នំពេញ បាវិត ដែលសិក្សាចំណាយអស់ច្រើនកន្លងមក ដោយសារផ្លូវនេះត្រូវធ្វើស្ពានប្រវែងជា ១០គីឡូម៉ែត្រ នៅតំបន់ស្រុកល្វាឯម ដោយសារផ្លូវនេះគ្រោងធ្វើនៅផ្នែកខាងឆ្វេងទន្លេមេគង្គ”។ លោកបន្តថា “ផ្លូវនេះនឹងឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង មុនតភ្ជាប់ទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង”។
ទោះជាយ៉ាងណាគំរោងសាងសង់ផ្លូវនេះ មិនដឹងបញ្ចប់ការសិក្សានិងចាប់ផ្តើមនៅពេលណានៅឡើយទេ។ ក្នុងពេលអញ្ជើញទស្សនកិច្ចប្រទេសចិន ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនស្ពានថ្នល់របស់ចិន ចូលជួបសម្តែងការគួរសម ហើយសម្តេចបានជំរុញឲ្យក្រុមហ៊ុននេះពន្លឿនការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ៕