ដោយ តោពីរ
ព្រះសីហនុ៖ ស្រដៀងគ្នាទៅនឹងការអភិវឌ្ឍរីកចម្រើន ផ្នែកនគរូបនីយកម្មនៅរាជធានីភ្នំពេញ ដែលកំពុងប្រកួតប្រជែងគ្នាខ្លាំង ក្នុងការសាងសង់សំណង់ធំៗខ្ពស់ៗគ្រប់ទីកន្លែងនៃរាជធានីបុរាណ មានអាយុកាលចំណាស់កន្លះសហសវត្សរ៍មកនេះ ក្រឡេកមើលទីក្រុងព្រះសីហនុ ដែលមានអាយុកាលកន្លះសតវត្សរ៍មកដែរ ហើយក៏ធ្លាប់មានប្រវត្តិល្បីល្បាញថា ជាទីក្រុងរះឡើងថ្មី និងមានសំណង់នគរូបនីយកម្មឆើតឆាយស៊ីវិល័យដាច់គេនៅតាមតំបន់ឆ្នេរ តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៦០មកម្ល៉េះ។

-->
នាយុគសម័យសកលភាវូនីយកម្មនាសតវត្សរ៍ទី២១នេះ ទីក្រុងមាត់សមុទ្រកម្ពុជាដែលយកតាមព្រះនាមអតីតព្រះមហាក្សត្រខ្មែរ (សីហនុ) ហាក់កំពុងចាប់ផ្តើមប្រកួតប្រជែងយកកេរ្តិ៍ឈ្មោះរបស់ខ្លួន ជាទីក្រុងនៅជួរមាត់សមុទ្រ ដែលមានសំណង់ធំខ្ពស់ដាច់គេមកវិញ។
មហាជនទូទៅកំពុងតាមដាន នឹងចោទជាសំណួរថា តើក្រុងព្រះសីហនុ មានសក្តានុពលដើម្បីស្រូបយកវិនិយោគិន ពីបរទេសមកអភិវឌ្ឍន៍ផ្នែកសំណង់នឹងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនដូចពីទសវត្សរ៍១៩៦០ បានឬទេ? ជាកត្តាសត្យានុម័តក្រុងព្រះសីហនុ គឺសក្តានុពលសំខាន់ៗពីធម្មជាតិ គួរជាទីមោទនៈ ដូចជាមាន៖ ល្បីរន្ទឺជាទីក្រុងមានឆ្នេរសមុទ្រស្រស់ស្អាតពីធម្មជាតិនៅទូទាំងពិភពលោក ជាទីក្រុងមាត់សមុទ្រអមទៅដោយកោះតូចធំចំនួន៣៦។
ជាទីក្រុងមាត់សមុទ្រមានប្រជាសាស្ត្រប្រមាណ២១ម៉ឺន នាក់នាពេលបច្ចុប្បន្ន ជាទីក្រុងនៃដង្ហើមសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ព្រោះមានកំពង់ផែសមុទ្រទឹកជ្រៅ ជាទីក្រុងកំពង់ផែសមុទ្រ ដែលស្ថិតនៅចំចំណុចកណ្តាល នៃមាហាសាគររវាងប្រទេសសេដ្ឋកិច្ចធំៗពីរគឺថៃ និងវៀតណាម។
ខេត្តព្រះសីហនុ ជាទីក្រុងមាត់សមុទ្រមានព្រលានយន្តហោះអន្តរជាតិ ជាទីក្រុងមាត់សមុទ្រ ដែលភ្ជាប់ទៅដោយផ្លូវជាតិ(ផ្លូវជាតិលេខ៤) ដ៏ធំមានចម្ងាយតែ២២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញជាបេះដូងប្រទេសកម្ពុជា និងមានទាំងផ្លូវដែកមួយទៀតផង (ថ្ងៃនេះ មានការបើកសម្ពោធការដ្ឋានស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញ ក្រុងព្រះសីហនុ)ថ្មីមួយទៀត ជាទីក្រុងមាត់សមុទ្រដែលប្រជុំដោយរោងចក្រកាត់ដេរ និងចក្រឧស្សាហកម្មធន់ស្រាល-ធ្ងន់ចំនួន៧៩៨រោងចក្រ-សហគ្រាស, ជាទីក្រុងមាត់សមុទ្រដែលកំពុងការរីកចម្រើនខ្លាំងផ្នែកវិស័យសំណង់សរុបជាង ៣០០គម្រោង។

យោងតាមរបាយការណ៍របស់មន្ទីរគ្រប់គ្រងដែនដី នគរូបណីយកម្ម និងសំណង់ បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០១៨ ក្រុងព្រះសីហនុមានគម្រោងសំណង់មានកម្ពស់លើសពី៤០ជាន់ឡើងលើចំនួន២គម្រោង ក្នុងចំណោមគម្រោងសំណង់ដែលបានដាក់ពាក្រស្នើសុំច្បាប់សាងសង់សរុបចំនួន៧៥គម្រោង ដែលបានចុះបញ្ជីការសាងសង់នៅក្នុងឆ្នាំ២០១៨តែ១ឆ្នាំ។ ចំណែកតួលេខគម្រោងសំណង់សរុបនៅក្នុងខេត្តព្រះសីហនុ មានចំនួនជាង៣០០គម្រោង៕
