ដោយ: គង់ លាងហួរ
អន្តរជាតិ: ការចាក់បំពេញដីឡើងវិញសំដៅលើដំណើរការនៃការចាក់ដីដើម្បីបំពេញសមុទ្រ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។កន្លងមក បណ្តាប្រទេសមួយចំនួនបានអនុវត្តន៍វិធីសាស្ត្រនេះ ព្រោះប្រទេសរបស់ពួកគេមានផ្ទៃឆ្នេរសមុទ្រធំ ប៉ុន្តែដែនដីគោកមានទំហំផ្ទៃក្រឡាតូច។
ខាងក្រោមនេះជាបណ្តាប្រទេសចំនួន៣ដែលបានចាក់បំពេញដីទៅក្នុងសមុទ្រដើម្បីស្ថាបនាសំណង់អគារ ឬហេដ្ឋារចនាសម្ព័ន្ធសំខាន់ផ្សេងៗ:
ទី១: ប្រទេសម៉ាល់ឌីវ
-->
ម៉ាល់ឌីវ ជាប្រទេសដែលមានកម្ពស់ផ្ទៃដីទាបបំផុតពីកម្រិតនីវ៉ូទឹកសមុទ្រ។ ដោយសារតែសម្បូរទៅដោយប្រជុំកោះ ប្រទេសនេះងាយនឹងរងការលិចលង់ ដោយសារកម្រិតទឹកសមុទ្រត្រូវបានគេរំពឹងថា នឹងកើនឡើងដល់៣០សង់ទីម៉ែត្រនៅឆ្នាំ២០៥០។
លក្ខខណ្ឌនេះបាននាំឱ្យរដ្ឋាភិបាលម៉ាល់ឌីលសម្រេចចាក់ដីបំពេញទៅក្នុងសមុទ្រដើម្បីពង្រីកផ្ទៃក្រឡាដែនដីគោក តាមរយៈការផ្តួចផ្តើមឡើងនូវគម្រោង ResMalé។ គម្រោងនេះត្រូវបានគេចាត់ទុកថា ជាគម្រោងចាក់បំពេញដីធំជាងគេរបស់ប្រទេសម៉ាល់ឌីវក្រោមទុនវិនិយោគប្រមាណ៩១,២លានដុល្លារអាមេរិក។
ទី២: ទីក្រុងម៉ាកាវ ប្រទេសចិន
សាធារណរដ្ឋប្រជាមានិតចិនមានកេរ្តិ៍ឈ្មោះល្បីល្បាញចំពោះការសាងសង់កោះសិប្បនិម្មិតថ្មីៗនៅសមុទ្រចិនខាងត្បូងដើម្បីអះអាងពីដែនអធិបតេយ្យភាពរបស់ខ្លួន។ លើសពីនេះ ប្រទេសចិនគ្រោងនឹងចាក់បំពេញដីបន្ថែមនៅអាកាសយានដ្ឋានអន្តរជាតិម៉ាកាវក្នុងឆមាសទីពីរ ឆ្នាំ២០២៤នេះ។
សារព័ត៌មាន Macao News បានរាយការណ៍ថា គម្រោងនេះនឹងពង្រីកផ្ទៃដីសរុបនៃអាកាសយានដ្ឋានអន្តរជាតិម៉ាកាវដល់ទំហំ១២៩ហិកតា ដើម្បីបង្កើនសមត្ថភាពរបស់អាកាសយានដ្ឋានក្នុងការផ្ទុកអ្នកដំណើរចំនួន១៣លាននាក់ជារៀងរាល់ឆ្នាំ។
ទី៣: ប្រទេសសិង្ហបុរី
អគារ Marina Bay Sands ដ៏ល្បីល្បាញបំផុតរបស់សិង្ហបុរីត្រូវបានសាងសង់នៅលើដីដែលត្រូវបានចាក់បំពេញទៅក្នុងសមុទ្រ។នៅចុងទសវត្សរ៍ឆ្នាំ១៩៩០ តំបន់ Marina Bay បានលាតសន្ធឹងលើផ្ទៃដីសរុបចំនួន៣៦០ហិកតា។
បច្ចុប្បន្ននេះ តំបន់ Marina Bay បានក្លាយជាគោលដៅទេសចរណ៍កំពូលមួយក្នុងទីក្រុងសិង្ហបុរី ដោយទាក់ទាញបានការចូលមកទស្សនាពីភ្ញៀវទេសចរណ៍អន្តរជាតិមកពីជុំវិញពិភពលោក៕ប្រភព: Tempo៕

