ទីផ្សារម៉ាកយីហោប្រណីតនៅទូទាំងតំបន់អាស៊ានកំពុងរីកចម្រើនខ្លាំង ខណៈចំនួនក្រុមអ្នកមានកើនឡើង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារម៉ាកយីហោប្រណីតនៅតំបន់អាស៊ានកំពុងរីកចម្រើនយ៉ាងខ្លាំង ដោយសារការកើនឡើងនៃចំនួនបុគ្គលដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភចាប់ពី៣០លានដុល្លារអាមេរិកឡើងទៅ (UHNWI) ។

បណ្តាប្រទេសសមាជិកអាស៊ានដូចជាសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី កំពុងនាំមុខគេក្នុងការសម្រេចបានកំណើននេះ។ចំណែក ទំហំប្រាក់ចំណូលសរុបពីទីផ្សារប្រណីតអាស៊ានត្រូវបានគេរំពឹងថា នឹងកើនឡើងដល់១៦,០១ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ កើនឡើងពី១៤,៣៨ពាន់លានដុល្លារក្នុងឆ្នាំ២០២២។

ជាមួយគ្នានេះ ទីផ្សារម៉ាកយីហោប្រណីតរបស់ប្រទេសថៃត្រូវបានគេព្យាករណ៍ថា នឹងវ៉ាដាច់ប្រទេសសិង្ហបុរីនៅក្នុងឆ្នាំ២០២៤។នេះបើយោងតាមរបាយការណ៍ថ្មីពីស្ថាប័នសិក្សាយុទ្ធសាស្ត្រសកល Canvas8។

តួយ៉ាង តម្លៃទីផ្សារម៉ាកយីហោប្រណីតរបស់ប្រទេសថៃត្រូវបានគេប៉ាន់ប្រមាណថា នឹងកើនឡើងដល់ទំហំទឹកប្រាក់៤,៩៣ពាន់លានដុល្លារនៅឆ្នាំ២០២៤ បើធៀបនឹងការព្យាករណ៍ទំហំទីផ្សារម៉ាកយីហោប្រណីតរបស់សិង្ហបុរីចំនួន៤,២៣ពាន់លានដុល្លារ។

របាយការណ៍ពីស្ថាប័នសិក្សាយុទ្ធសាស្ត្រសកល Canvas8 បានគូសបញ្ជាក់ពីវិធីសាស្ត្រ ដែលអ្នកដើរទិញឥវ៉ាន់នៅតាមផ្សារទំនើបក្នុងតំបន់អាស៊ានកំពុងផ្លាស់ប្តូរទិដ្ឋភាពជាសកល ខណៈប្រទេសថៃ និងវៀតណាមកំពុងប្រកួតប្រជែងជាមួយមជ្ឈមណ្ឌលម៉ាកយីហោប្រណីតដូចជាសិង្ហបុរីជាដើម។

លោក Jose Luis Legaspi អតីតសាស្ត្រាចារ្យផ្នែកទីផ្សារនៅសាកលវិទ្យាល័យ De La Salle ក្នុងទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីន បានលើកឡើងថា កំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់តំបន់អាស៊ានក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ បានធ្វើឱ្យអ្នកប្រើប្រាស់ទំនិញប្រណីតក្លាយជាកម្លាំងដ៏សំខាន់នៅក្នុងទីផ្សារ។

លោកបន្តថា“ប្រជាជននៅតំបន់អាស៊ានមានអំណាច​នៃការ​ទិញ និង​ការចំណាយខ្ពស់។ ការណ៍នេះមានភាពខុសប្លែក បើធៀបនឹងស្ថានភាពកាលពីប៉ុន្មានទស្សវត្សរ៍មុន ដែលនៅពេលនោះ គេសង្កេតឃើញមានតែប្រទេសជប៉ុនប៉ុណ្ណោះ ដែលនាំមុខគេខាងផ្នែកទីផ្សារម៉ាកយីហោប្រណីតនៅតំបន់អាស៊ី”។

លោក​បាន​បន្ថែម​ថា​ “បច្ចុប្បន្ន ម៉ាក​យីហោ​ប្រណីត​ល្បីៗ​កំពុង​ផ្តោត​លើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ផ្នែក​ទីផ្សារ​ ឬការធ្វើ Marketing របស់​ពួកគេ​ដើម្បី​ឈានជើងចូលមកកាន់តំបន់អាស៊ាន ​ដែល​ជាទីផ្សារ​ដ៏ធំ​បំផុត​នាពេលបច្ចុប្បន្ន​របស់​ពួកគេ”៕ប្រភព: The Independent Singapore News៕

LEAVE A REPLY

Please enter your comment!
Please enter your name here