ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាប្រទេសអាស៊ានចំនួន៥ បានប្រកាសពីការឯកភាពចែករំលែកទិន្នន័យអាកាសចរណ៍ និងព័ត៌មានឱ្យគ្នាទៅវិញទៅមក ព្រមទាំងរាយការណ៍ក្នុងករណីមានភាពចលាចលធ្ងន់ធ្ងរ ដើម្បីជួយធ្វើឱ្យការធ្វើដំណើរតាមផ្លូវអាកាសកាន់តែមានសុវត្ថិភាព។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសទាំង៥បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយក្នុងគោលបំណងចាប់ផ្តើមអនុវត្តន៍ផែនការនេះនៅចុងឆ្នាំ២០២៤។
កិច្ចព្រមព្រៀងនេះកើតឡើង ស្របពេលដែលការធ្វើដំណើរតាមផ្លូវអាកាសបាននិងកំពុងបន្តស្ទុះងើបឡើងវិញពីផលប៉ះពាល់នៃវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ដែលបានរំខានដល់វិស័យទេសចរណ៍ក្នុងតំបន់នារយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។
-->
គំនិតផ្តួចផ្តើមនេះត្រូវបានលើកយកទៅពិភាក្សាកាលពីឆ្នាំមុន។ ប៉ុន្តែ ប្រទេសអាស៊ានទាំង៥ បានចំណាយពេលវេលាយូរ មុនពេលឈានដល់ការឯកភាពគ្នាលើទិន្នន័យដែលត្រូវចែករំលែក និងបង្កើតពិធីការ ដើម្បីគ្រប់គ្រងការសម្ងាត់របស់ទិន្នន័យ។
សេចក្តីថ្លែងការណ៍រួមបានលើកឡើងថា “នេះជាគំនិតផ្តួចផ្តើមដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រដ្ឋទាំង៥គ្រោងសហការ និងចែករំលែកទិន្នន័យ និងព័ត៌មានសុវត្ថិភាពដើម្បីកំណត់អត្តសញ្ញាណគ្រោះថ្នាក់ និងនិន្នាការ ព្រមទាំងបង្កើតវិធានការកាត់បន្ថយហានិភ័យដើម្បីគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពឱ្យបានកាន់តែប្រសើរឡើង”។
ប្រទេសទាំង៥បានកំណត់ប្រភេទទិន្នន័យដំបូងចំនួន៧ ដែលត្រូវចែករំលែកគ្នាទៅវិញទៅមក រួមមានទាំងការព្រមានពីការប៉ះទង្គិចគ្នា គម្លាតពីរយៈកម្ពស់ដែលកំណត់ដោយអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបញ្ជូនសញ្ញាព្រមាន។
ចំណែក សេចក្តីរាយការណ៍ពត៌មានអំពីស្ថានភាពខ្យល់កួចធ្ងន់ធ្ងរ ខ្យល់បោកបក់ ការវាយប្រហារដោយក្រុមហ្វូងសត្វបក្សី និងការដឹកជញ្ជូនទំនិញដែលមានគ្រោះថ្នាក់ក៏នឹងត្រូវបានចែករំលែកទៅវិញទៅមកផងដែរ។
យោងតាមសេចក្តីថ្លែងការណ៍ខាងលើបានបន្តឱ្យដឹងទៀតថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃនឹងដើរតួជាអ្នកទទួលខុសត្រូវលើការថែរក្សាទុកទិន្នន័យ ហើយប្រទេសសិង្ហបុរីនឹងដើរតួជាអ្នកវិភាគទិន្នន័យ៕ប្រភព: AFP៕
