ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ វាទំនងជារឿងអាស្រូវចុងឆ្នាំ២០២៤ ខណៈអ្នកឧកញ៉ា អនុប្រធានសមាគមឧកញ៉ាកម្ពុជាម្នាក់ បានគំរាមប្តឹងឧកញ៉ាហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ហ៊ួត ជា គ្រុប កាលថ្ងៃទី២១ ខែតុលា។
លោកឧកញ៉ាហួត ជា បានបង្ហើបឲ្យដឹងថា អ្នកមានកំពូលម្នាក់មានងារជា “អ្នកឧកញ៉ា” ដែលជាម្ចាស់គម្រោងសាងសង់ដ៏ធំមួយនៅរាជធានីភ្នំពេញ បានទិញការ៉ូពីលោកជាច្រើនមិនទាន់សងប្រាក់គ្រប់ចំនួនផង ហើយថែមទាំងប្តឹងលោកទៀត។
យោងតាមរយៈការ Live បកស្រាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន នាព្រលប់ថ្ងៃច័ន្ទ លោកឧកញ៉ា ហ៊ួត ជា អះអាងថាក្នុងបទពិសោធន៍ ជាអ្នករកស៊ីជាង១៤ឆ្នាំមកនេះ និងមានសាខាធំៗជាង៥០នៅទូទាំងប្រទេស លោកតែងតែប្រកាន់គោលការណ៍ស្មោះត្រង់ជានិច្ចជាមួយអតិថិជន។
ទោះយ៉ាងណា រយៈពេល១ឆ្នាំមកនេះ លោកបានជួបរឿងមួយ ដែលមានអ្នកឧកញ៉ាម្ចាស់គម្រោងធំមួយ នៅរាជធានីភ្នំពេញ បានទិញការ៉ូពីក្រុមហ៊ុនលោក ដោយផ្តល់សែកឱ្យ ៣០% ហើយលោកក៏បានតម្កល់សែក ឱ្យវិញផងដែរ ព្រមទាំងមានកិច្ចសន្យាច្បាស់លាស់ថែមទៀត។
សម្រាប់ទឹកប្រាក់ ៣០% លោកឧកញ៉ា ហ៊ួត ជា បានយកទៅប្រើប្រាស់ សម្រាប់បញ្ជារទិញពីរោងចក្រ ក្រៅប្រទេស ហើយលោកថែមទាំង ចំណាយលុយបន្ថែមទៀត សម្រាប់ថ្លៃដឹកជញ្ជូនតាមកប៉ាល់ និងដឹកជញ្ជូនទៅដាក់តាមទីតាំងការដ្ឋាន។
លោកឧកញ៉ាបន្តថា គិតទៅម្ចាស់គម្រោងនៅជំពាក់ប្រាក់លោកជាង២ម៉ឺនដុល្លារទៀត ផ្ទុយទៅវិញអ្នកឧកញ៉ារូបនោះ មិនព្រមសងប្រាក់ និងបានប្រើពាក្យសម្តីថា ការ៉ូគ្មានគុណភាព និងត្រូវជំពាក់ប្រាក់រូបគេវិញចំនួន៣ម៉ឺនដុល្លារ រហូតចុងក្រោយដល់ជិត១០ម៉ឺនដុល្លារ។
លុះដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ លោកឧកញ៉ា ហ៊ួត ជា បានទទួលពាក្យបណ្តឹងមួយ ពីបទព្រហ្មទណ្ឌថែមទៀត។
ជាមួយនឹង Live នេះ លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត ក៏បានបញ្ចេញមតិផងដែរថា “អយុត្តិធម៌ម្ល៉េះលោកព្រះ ទិញការ៉ូអត់ទាន់សងលុយផង មកប្ដឹងម្ចាស់ការ៉ូអញ្ចឹង។ ស្គាល់គ្នាដែរនិយាយទៅកុំដល់ថ្នាក់ប្ដឹងផ្ដល់គ្នានោះ”។ លោកជំទាវឧកញ៉ាហ៊ុន ស៊ីណាតបានបន្តថា សព្វថ្ងៃនេះថ្នាក់ដឹកនាំខំកៀរគរអ្នកវិយោគទុនមករកស៊ីក្នុងប្រទេស ចុះបើក្មួយជាអ្នកវិនិយោគក្នុងស្រុក គួរតែថ្នាក់ដឹកនាំជួយដោះស្រាយ និងការពារផ្នែកច្បាប់ឱ្យបានល្អផងទៅ។ ថយមួយជំហានម្នាក់ៗ ដោះស្រាយគ្នាទៅកុំដល់ប្ដឹងផ្ដល់គ្នានោះអី”៕