ដោយ គង់ សូរិយា
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់បក្សនៃខេត្តយូណាន ប្រទេសចិនប្រកាសពន្លឿនការសាងសង់ព្រលានយន្តហោះអន្តរជាតិ នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលការដ្ឋានសាងសង់បាននិងកំពុងចាប់ផ្តើមបណ្តើរៗ។
ដោយ គង់ សូរិយា
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់បក្សនៃខេត្តយូណាន ប្រទេសចិនប្រកាសពន្លឿនការសាងសង់ព្រលានយន្តហោះអន្តរជាតិ នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលការដ្ឋានសាងសង់បាននិងកំពុងចាប់ផ្តើមបណ្តើរៗ។
ក្នុងជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ លោក ឈិន ហាវលេខាបក្សកុម្មុយនីសចិនបានជម្រាបជូនសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបែបនេះ។
លោក កៅ គឹមហួន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួប នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ថា ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរថ្មី ត្រូវសាងសង់នៅពេលឆាប់ៗខាងមុខនេះ ដោយក្រុមហ៊ុនចិន YUNAN DEVELOPMENT GROUP គ្រោងវិនិយោគនូវទឹកប្រាក់៩០០លានដុល្លារ អាមេរិក ដែលមានកុងត្រារយៈពេល៥៥ឆ្នាំ នៅស្រុកសូតនិគមលើផ្ទៃដី៧០០ហិកតា។
លោកកៅ គឹមហួន នៅក្នុងជំនួបនេះ លោកឈិន ហាវបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយនឹងខេត្តយូណាន ប្រទេសចិន។ លោកបានបន្តថា បច្ចុប្បន្នខេត្ដយូណាន មានក្រុមហ៊ុនចំនួន២៥ បាននិងកំពុងវិនិយោគ នៅក្នុងប្រទេសកម្ពុជា ដែលមានទុនជិត១ពាន់លានដុល្លារសហរដ្ឋអាមេរិក។
លោកក៏បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា ខេត្តយូណាន គឺជាខេត្តមួយ ដែលមានការរីកចម្រើន លើវិស័យទេសចរណ៍ ដោយមានភ្ញៀវទេសចរទៅទស្សនា យ៉ាងច្រើន។ ក្នុងន័យនេះ លោកចង់ឱ្យមានកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យទេសចរណ៍នេះ ដោយជួយជំរុញឱ្យចំនួនភ្ញៀវទេសចរ ដែលបានទៅទស្សនានៅក្នុងខេត្តយូណាន បន្តមកទស្សនានៅក្នុងប្រទេសកម្ពុជា។
លោកស្នើដល់សម្តេចឱ្យបន្តគាំទ្រដល់វិនិយោគិន មកពីខេត្តយូនណាន ដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ព្រមជាមួយនោះ លោកបានប្ដេជ្ញាថា នឹងបង្កើនល្បឿននៃការសាងសង់ អាកាសយានដ្ឋានថ្មី នៅក្នុងខេត្តសៀមរាប របស់ប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ខេត្តយូណាន គឺជាខេត្តដែលជាប់ទៅនឹងតំបន់អាស៊ាន ក្នុងន័យនេះ សម្តេចជំរុញឱ្យបន្តទំនាក់ទំនងរវាងកម្ពុជា និងខេត្តយូណាន។ សម្ដេចចង់ឱ្យមានការបង្កើនទំហំពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តយូណាន ឱ្យកាន់តែមានទំហំច្រើនបន្ថែមទៀត។
សម្តេចបន្តថា ដោយសារតែខេត្តយូណាន គឺជាខេត្តដ៏មានសក្តានុពលជាច្រើន សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជានោះ, សម្ដេចបានស្នើឱ្យក្រុមហ៊ុនរបស់ខេត្ដយូណាន ទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ សូមនៅតែបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជា។
បច្ចុប្បន្នទំហំពាណិជ្ជកម្ម រវាងចិន និងកម្ពុជាមានទំហំធំណាស់ ដែលមានទំហំទឹកប្រាក់ជាង ៦ពាន់លានដុល្លារអាមេរិក ដូច្នេះការរក្សាបាន និងបង្កើនទំហំពាណិជ្ជកម្មថែមទៀតនេះ គឺទាមទារឱ្យក្រុមហ៊ុនចិនបន្តវិនិយោគ នៅក្នុងប្រទេសកម្ពុជា។ សម្តេចបានលើកឡើងដែរថា ចិន គឺជាដៃគូយុទ្ធសាស្ត្រពិតសម្រាប់ប្រទេសកម្ពុជា៕