វិស័យថ្មអារត្រូវបានស្រោចស្រង់ឡើងវិញជាមួយសន្ទុះកើនឡើង៥ដង

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ វិស័យថ្មអារ ដែលរៀបនឹងត្រូវដួលរលំ ត្រូវបានស្រោចស្រង់ឡើងវិញ ហើយមានសន្ទុះកើន​ឡើង៤ដង គឺជាបទពិសោធន៍ដ៏ជោគជ័យ។

ការសម្រេចបានជោគជ័យនេះ ឈរលើគោលការណ៍សំខាន់ចំនួន៤​ របស់​សម្តេច​បវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការសម្រេចដោះស្រាយក្នុងរយៈដ៏ខ្លី នៃការចាប់ផ្តើមតួនាទី ជាប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ដោយផ្អែកលើគោលនយោបាយឈ្នះ ឈ្នះ ហើយខ្មែរឈ្នះទាំងអស់គ្នា។

មេរៀនដ៏ជោគជ័យ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជាសម្រេចបានត្រឹមរយៈខ្លី បន្ទាប់ពីទទួលភារកិច្ច ក្នុង​តំណែងជានាយករដ្ឋមន្ត្រី គឺបានដោះ​ស្រា​យក្នុងការសង្គ្រោះវិស័យថ្មអារ ដែលប្រឈមនឹងការរលំ ឱ្យងើបឡើងវិញ ហើយកើនបាន៤ដង​។

កត្តាគន្លឹះសំខាន់នៃភាពជោគជ័យ ដែលសម្តេច​បវរ​ធិបតី បានយកមកដោះស្រាយ ឈរលើគោលការណ៍សំខាន់ចំនួន ៤៖

១/ ហ៊ានវះ​កាត់,

២/ មានយន្តការ​ច្បាស់លាស់ ក្នុងការរត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្ត,

៣/ មន្ត្រីអនុវត្តទាំង​អស់ត្រូវ​អនុវត្ត​ដោយស្មោះត្រង់ ដោយមិនបង្កើតបន្ទុកបន្ថែម ​និងបានជួយ​ដល់វិស័យ​ឯកជន ក្នុងពេលមានការលំបាក និង

៤/ វិស័យឯកជន ត្រូវមានការចូលរួមដោយស្មោះ និង​ស្រុះគ្នា។

បន្ថែមពីការចែករំលែកបទពិសោធន៍ ជោគជ័យខាងលើ ចំពោះវិស័យរ៉ែ សម្តេចបវរធិបតី បានផ្តល់​គោលការណ៍លើកទឹកចិត្ត និងណែនាំ​ដល់ក្រសួងរ៉ែ និងថាមពល ដើម្បីលើកកម្ពស់ការ​អភិវឌ្ឍវិស័យរ៉ែ​ ឱ្យកាន់តែ​មាន​ការរីកចម្រើន ដែលរួមមានជាអាទិ៍៖

ទី១/ត្រូវបន្តរៀបចំសិក្សា ដោយសហការ ជាមួ​យដៃគូ​ពាក់ព័ន្ធ ឬវិស័យឯកជន ដើម្បី​ចងក្រង​ផែនទីសក្ដានុពលធនធានរ៉ែ និងជំរុញការសិក្សាស្រាវជ្រាវ​បន្ថែមទៀត លើរ៉ែកម្រ ក្នុងគោលដៅ​ទាក់ទាញការវិនិយោគបន្ថែម។

ទី២/ ត្រូវពិនិត្យមើល​ទីតាំង ដែល​មានអាជ្ញាបណ្ណក្នុងតំបន់ព្រៃឡង់​ ដែល​ពុំមានសកម្មភាព ឬពុំមានសក្ដានុពលធនធានរ៉ែ ដើម្បីដកហូត ឬកាត់ឆ្វៀលចេញ ពីដែនអាជ្ញា​បណ្ណធនធានរ៉ែ និងបន្តហាមដាច់ខាត មិនឱ្យចេញអាជ្ញាបណ្ណធនធាន​រ៉ែថ្មីនៅតំបន់ព្រៃឡង់នេះ។

ទី៣/ ត្រូវពង្រឹងការកៀរគរចំណូល និង ទប់ស្កាត់ការលេចធ្លាយចំណូល តាមរយៈការធ្វើអាជីវកម្ម​រ៉ែ​ដោយគ្មានសុចរិតភាព និងការធ្វើអាជីវកម្មរ៉ែខុសច្បាប់ និងអនាធិបតេយ្យ ។

ទី៤/ត្រូវបន្តយកចិត្ត​ទុកដាក់ ពង្រឹងការគ្រប់​គ្រងសុវត្ថិភាព និង លើកកម្ពស់សុខុមាលភាព​និយោជិតកម្មករ, ពង្រឹងការ​ត្រួតពិនិត្យ, ការទិញ ការដឹកជញ្ជូន ការស្ដុកទុក ការប្រើប្រាស់សារធាតុផ្ទុះ និង សារធាតុគីមីរបស់ការ​ដ្ឋាន​អាជីវកម្មធនធានរ៉ែ ឱ្យបានម៉ឺងម៉ាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here