ដោយៈ គង់ សូរិយា
ភ្នំពេញៈ វិស័យថ្មអារ ដែលរៀបនឹងត្រូវដួលរលំ ត្រូវបានស្រោចស្រង់ឡើងវិញ ហើយមានសន្ទុះកើនឡើង៤ដង គឺជាបទពិសោធន៍ដ៏ជោគជ័យ។
ការសម្រេចបានជោគជ័យនេះ ឈរលើគោលការណ៍សំខាន់ចំនួន៤ របស់សម្តេចបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការសម្រេចដោះស្រាយក្នុងរយៈដ៏ខ្លី នៃការចាប់ផ្តើមតួនាទី ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដោយផ្អែកលើគោលនយោបាយឈ្នះ ឈ្នះ ហើយខ្មែរឈ្នះទាំងអស់គ្នា។
មេរៀនដ៏ជោគជ័យ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្រេចបានត្រឹមរយៈខ្លី បន្ទាប់ពីទទួលភារកិច្ច ក្នុងតំណែងជានាយករដ្ឋមន្ត្រី គឺបានដោះស្រាយក្នុងការសង្គ្រោះវិស័យថ្មអារ ដែលប្រឈមនឹងការរលំ ឱ្យងើបឡើងវិញ ហើយកើនបាន៤ដង។
កត្តាគន្លឹះសំខាន់នៃភាពជោគជ័យ ដែលសម្តេចបវរធិបតី បានយកមកដោះស្រាយ ឈរលើគោលការណ៍សំខាន់ចំនួន ៤៖
១/ ហ៊ានវះកាត់,
២/ មានយន្តការច្បាស់លាស់ ក្នុងការរត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្ត,
៣/ មន្ត្រីអនុវត្តទាំងអស់ត្រូវអនុវត្តដោយស្មោះត្រង់ ដោយមិនបង្កើតបន្ទុកបន្ថែម និងបានជួយដល់វិស័យឯកជន ក្នុងពេលមានការលំបាក និង
៤/ វិស័យឯកជន ត្រូវមានការចូលរួមដោយស្មោះ និងស្រុះគ្នា។
បន្ថែមពីការចែករំលែកបទពិសោធន៍ ជោគជ័យខាងលើ ចំពោះវិស័យរ៉ែ សម្តេចបវរធិបតី បានផ្តល់គោលការណ៍លើកទឹកចិត្ត និងណែនាំដល់ក្រសួងរ៉ែ និងថាមពល ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យរ៉ែ ឱ្យកាន់តែមានការរីកចម្រើន ដែលរួមមានជាអាទិ៍៖
ទី១/ត្រូវបន្តរៀបចំសិក្សា ដោយសហការ ជាមួយដៃគូពាក់ព័ន្ធ ឬវិស័យឯកជន ដើម្បីចងក្រងផែនទីសក្ដានុពលធនធានរ៉ែ និងជំរុញការសិក្សាស្រាវជ្រាវបន្ថែមទៀត លើរ៉ែកម្រ ក្នុងគោលដៅទាក់ទាញការវិនិយោគបន្ថែម។
ទី២/ ត្រូវពិនិត្យមើលទីតាំង ដែលមានអាជ្ញាបណ្ណក្នុងតំបន់ព្រៃឡង់ ដែលពុំមានសកម្មភាព ឬពុំមានសក្ដានុពលធនធានរ៉ែ ដើម្បីដកហូត ឬកាត់ឆ្វៀលចេញ ពីដែនអាជ្ញាបណ្ណធនធានរ៉ែ និងបន្តហាមដាច់ខាត មិនឱ្យចេញអាជ្ញាបណ្ណធនធានរ៉ែថ្មីនៅតំបន់ព្រៃឡង់នេះ។
ទី៣/ ត្រូវពង្រឹងការកៀរគរចំណូល និង ទប់ស្កាត់ការលេចធ្លាយចំណូល តាមរយៈការធ្វើអាជីវកម្មរ៉ែដោយគ្មានសុចរិតភាព និងការធ្វើអាជីវកម្មរ៉ែខុសច្បាប់ និងអនាធិបតេយ្យ ។
ទី៤/ត្រូវបន្តយកចិត្តទុកដាក់ ពង្រឹងការគ្រប់គ្រងសុវត្ថិភាព និង លើកកម្ពស់សុខុមាលភាពនិយោជិតកម្មករ, ពង្រឹងការត្រួតពិនិត្យ, ការទិញ ការដឹកជញ្ជូន ការស្ដុកទុក ការប្រើប្រាស់សារធាតុផ្ទុះ និង សារធាតុគីមីរបស់ការដ្ឋានអាជីវកម្មធនធានរ៉ែ ឱ្យបានម៉ឺងម៉ាត់៕