ដំណឹងល្អៈ សម្តេចធិបតីប្រកាសពីការបង្កើតទីក្រុងថ្មីជាមួយលក្ខខ័ណ្ឌតម្រូវមួយចំនួន

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបង្ហើបអំពីគម្រោងក្នុងការរៀបចំក្រុងថ្មី ដោយត្រូវកំណត់ឲ្យបានច្បា​ស់​លាស់តំបន់ពាណិជ្ជកម្ម តំបន់រស់នៅ និងតំបន់សប្បាយដ្ឋានផ្សេងៗ។

សម្តេចជម្រុញធ្វើយ៉ាងណា មិនឲ្យនៅប្រមូលផ្ដុំគ្នានោះឡើយ ចៀសវាងផលរំខាន់ដល់ការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ការបង្ហើបពីគម្រោងក្នុងកំណត់ទីតាំង ដោយចែកឲ្យដាច់ពីតំបន់ពាណិជ្ជកម្ម តំបន់រស់នៅ និងតំបន់សប្បាយដ្ឋាននេះ ធ្វើឡើងបន្ទាប់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មើលឃើញថា នៅពេលបច្ចុប្បន្ននេះ តំបន់ទាំងអស់នោះបានប្រមូ​លផ្ដុំគ្នា ដោយមិនមានការកំណត់ច្បាស់លាស់។ ដូច្នេះក្នុងករណីក្រុងថ្មីត្រូវបានបង្កើត ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវរៀបចំផែនការមេក្នុងការកំណត់នេះ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ខ្ញុំតែងតែឲ្យគិតនៅពេលរៀបចំក្រុងថ្មី ត្រូវកំណត់កន្លែងណាជាតំបន់ពាណិជ្ជកម្ម តំបន់រស់នៅ នៅពេលចេញអាជ្ញាប័ណ្ណ ចៀសវាងការយកបៀហ្គាឌិន ទៅដាក់កន្លែងតំបន់រស់នៅ ដោយកំណត់ទីតាំងច្បាស់លាស់នៅម្ដុំ ជៀសវាងបង្កើតបញ្ហា”

សម្ដេចមហាបវរធិបតីបានបន្តថា កន្លងទៅសម្ដេចធ្លាប់ទទួលបាននូវ សំណូមពរឲ្យជួយដោះស្រាយ ពីផលរំខានដោ​យសារការធ្វើអាជីវកម្មផ្ទះត្រចៀកកាំ នៅជាមួយភូមិឋានរបស់ប្រជាពលរដ្ឋរស់នៅប្រចាំថ្ងៃ។ ដូច្នេះចាប់ពីពេលនេះទៅ សម្ដេ​ចបានណែនាំថា មុននឹងចេញអាជ្ញាប័ណ្ណ ត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីកុំឲ្យមានការរំខាន់ដល់ការរស់នៅ។

បើទោះបីមិនទាន់បង្ហើបថា ក្រុងថ្មីត្រូវបានបង្កើននៅតំបន់ណាក្ដី ប៉ុន្ដែសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំទៀតថា ទាំងការរៀបចំសោភណ្ឌភាព និងរៀបចំផ្លូវសម្រាប់ធ្វើចរាចរណ៍ឲ្យបានធំទូលាយ ពិសេសផ្លូវសម្រាប់រថយន្ដក្រុងដែលធ្វើដំណើរជារួម មិនអាចតូចដូចផ្លូវសម្រាប់មធ្យោបាយឯកជននោះទេ ពោលការរៀបចំគន្លងផ្លូវឲ្យបានធំ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ណែនាំឲ្យបន្តជំរុញរៀបចំផែនការមេ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដើម្បីឆ្លើយតបបានទៅនឹងតម្រូវការអភិរក្ស និងអភិវឌ្ឍទីក្រុង ទីប្រជុំជនជាពិសេសការគិតគូរពង្រីកបន្ថែម លើការរៀបចំសួនសាធារណៈ និងឧទ្យានបៃតង ដើម្បីប្រែក្លាយទៅជាទីក្រុង ទីប្រជុំជន ដែល​អាច​រស់នៅបាន សម្រាប់ទាំងអស់គ្នា ប្រកបដោយសោភណ្ឌភាព, ទស្សនីយភាព សុវត្ថិ​ភាព បរិស្ថានល្អគួរឲ្យរស់នៅ។

ជាមួយគ្នានេះ សម្ដេចស្នើឲ្យក្រសួងរៀបចំដែនដី ប្រែក្លា​យទស្សនទាន​នៃការរៀបចំភូមិគំរូ បុរីជនបទ ភូមិឋានក្សេម​ក្សា​ន្ត និងទ្រនំសុភមង្គល ឲ្យក្លាយទៅជាសកម្មភាពជាក់ស្តែង ឲ្យបានឆាប់ ដោយឈរលើគោលនយោបាយ និងផែនការសក​ម្មភាពជាក់ស្ដែង ដើម្បីឈានឆ្ពោះទៅកសាងសង្គមសុខដុម ដែលប្រជាជនគ្រប់រូប អាចរស់នៅបានប្រកបដោយ ចំណេះដឹង និងមានភាតរភាពជាបងប្អូន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here