ដោយ រ៉ាណេត
ភ្នំពេញ៖ ក្រុមហ៊ុនបុរីប៉េង ហួតបានស្នើសុំថ្នាក់ដឹកនាំរដ្ឋបាលក្រុងភ្នំពេញ ដើម្បីសាងសងស់ផ្លូវក្រោមដី ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅតំបន់នេះ។

នៅក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី២ ខែមីនានេះ លោក ឃួង ស្រេង អភិបាលរដ្ឋបាលរាជធានីភ្នំពេញបានមានប្រសាសន៍ឱ្យដឹងថា គម្រោងនេះមានការស្នើពីលោកឧកញ៉ាថៃ ជាហ៊ួត ដើម្បីស្ថាបនាផ្លូវក្រោមដី ដោយភ្ជាប់ពីទីតាំងផ្សារទំនើប PH ECO MALL ទៅផ្លូវជាតិលេខ១ ផ្នែកក្រោមដីស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ផ្លូវនេះមានប្រវែង១៩៥ម៉ែត្រ និងទទឹង៧ម៉ែត្រ ហើយការសិក្សាត្រូវធ្វើជាកញ្ចប់សម្រាប់តំបន់បឹងឈូកទាំងមួលតែម្តង ទៅលើផលប៉ះពាល់ ជាពិសេសប្រព័ន្ធចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១តែម្ដង។
តាមរយៈកិច្ចប្រជុំនេះ លោកឃួង ស្រេង បានបានណែនាំមានឱ្យការបង្កើតក្រុមការងារបច្ចេកទេស ដែលមានសមាសភាពជាស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការសិក្សាជាកញ្ចប់ឱ្យបានម៉ត់ចត់ មុននឹងធ្វើការសាងសង់ផ្លូវក្រោមដី កាត់ផ្លូវជាតិលេខ ១ដោយត្រូវគិតពីផលប៉ះពាល់សណ្តាប់ធ្នាប់ និងការកកស្ទះចរាចរជាដើម។

លោកបន្តថា “ក្រុមការងារបច្ចេកទេសត្រូវតែសិក្សាឱ្យបានត្រឹមត្រូវ មុនចាប់ផ្តើម និងការសុំគោលការណ៍ពីរាជរដ្ឋាភិបាល ដោយត្រូវសិក្សាជាកញ្ចប់តែម្តង ហើយក្រុមការងារបច្ចេកទេសនេះ មានតំណាងមកពីក្រសួងរៀបចំដែនដី ក្រសួងសាធារណការ និងដឹកជញ្ជូន, រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងអង្គការ JICA ជាដើម”៕






