ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ អ្នកអភិវឌ្ឍអចលនទ្រព្យថៃមួយចំនួនបាន និងកំពុងចាប់អារម្មណ៍ និងសំឡឹងមើលទីផ្សារជនជាតិអឺរ៉ុប ដែលកំពុងសម្រុកចូលប្រទេសថៃក្នុងការចូលនីវត្តន៍ ដើម្បីគេចចេញពីការចំណាយខ្ពស់ ក្នុងការថែទាំសុខភាពនិងអាកាសធាតុត្រជាក់។
លោក Helmut Buchberger នាយកគ្រប់គ្រងក្រុមហ៊ុន Difference Living Co បានប្រាប់បាងកកប៉ុស្តិ៍កាលពីពេលថ្មីៗនេះថា អចលនទ្រព្យនៅក្នុងវិស័យលំនៅដ្ឋាននៅក្នុងប្រទេសថៃ ដែលមានសេវាកម្មសម្រាប់អ្នកចូលនិវត្តន៍ ក្នុងអំឡុងឆ្នាំមាសសម្រាប់ជនជាតិអឺរ៉ុបចាប់ពីអាយុ៦៥-៨៥ ឆ្នាំ កំពុងមានតម្រូវការខ្ពស់។
លោកបានបន្តថា “ស្ថានភាពចាស់ជរានៅអឺរ៉ុប បានបង្ខំមនុស្សជាច្រើនឱ្យស្វែងរកបរិយាកាសរស់នៅថ្មី ដែលជម្រុញឲ្យពួកគេចាកចេញពីទ្វីបអឺរ៉ុប និងផ្លាស់ប្តូរទៅរកប្រទេសដែលមានភាពកក់ក្តៅ” លោកបន្ថែមថា “នេះបានធ្វើឱ្យមានតម្រូវការកើនឡើងជាពិសេសក្នុងចំណោមមនុស្សចាស់ ដែលមកពីបណ្តាប្រទេសលោកខាងលិច”។
លោក Buchberger បានបន្ថែមថា “ដើម្បីចាប់យកមនុស្សចាស់ជរាយើងបានសាងសង់លំនៅដ្ឋានខុសៗគ្នា ជាមួយការសេវាថែរក្សាមនុស្សចាស់ៗ”។
ប្រទេសថៃត្រូវបានព្យាករណ៍ថា នឹងក្លាយជាប្រទេសទទួលមនុស្សចាស់សម្រាប់ចូលនីវត្តន៍នៅឆ្នាំ២០២១កាន់តែច្រើន ខណៈចំនួនប្រជាពលរដ្ឋដែលមានវ័យចំណាស់ ដែលមានអាយុលើសពី៦០ ឆ្នាំនឹងឡើងដល់ ១៣,១លាននាក់ ឬ ស្មើនឹង២០ភាគរយនៃចំនួនប្រជាជនថៃសរុប។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរបស់ថៃបានឱ្យដឹងថា ចំនួនប្រជាជនដែលមានអាយុលើសពី៦០ឆ្នាំ បានកើនឡើងពី១១,៨លាននាក់ឬ១៧,១ភាគរយ នៃចំនួនប្រជាជនកាលពីឆ្នាំ២០១៧៕






