ដោយ រ៉ាណេត
ភ្នំពេញ៖ ខ័ណ្ឌ៧មករា គឺជាតំបន់មួយដែលមានតម្លៃដីនៅលើទីផ្សារខ្ពស់ ជាពិសេសផ្នែកផ្ទះល្វែង ដែលស្ថិតនៅតាមបណ្តោយផ្លូវហ្សាលដឺហ្គោល ដែលអាចមានតម្លៃក្នុងចន្លោះចាប់ពី៣៨ -៨០ ម៉ឺនដុល្លារ។
នាយកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate co,.Ltd លោក សន សៀប បានប្រាប់ឱ្យដឹងកាលពីដើមសប្តាហ៍នេះថា នៅតាមបណ្តោយផ្លូវហ្សាលឌឺហ្គោល តម្លៃអចលនទ្រព្យមានភាពខុសគ្នាច្រើន ដោយសារតែទីតាំងខ្លះជាផ្ទះអាជីវកម្ម ដូច្នេះវាអាចមានតម្លៃខ្ពស់ ដែលអាចចាប់ពី៤៥-៨០ ម៉ឺនដុល្លារ មួយល្វែង (ផ្ទះEo) ប៉ុន្តែផ្ទះខ្លះមានតម្លៃទាបត្រឹម១០ម៉ឺនដុល្លារក៏មាន។
លោកបន្តថា តាមផ្លូវហ្សាលឌឺហ្គោលមានផ្ទះខ្លះថ្លៃ មានផ្ទះខ្លះថោក។ ផ្ទះថ្លៃ E០ គឺអាចមានតម្លៃចាប់ពី ៤០ម៉ឺន រហូតដល់ ៨០ម៉ឺន ដែលវាអាស្រ័យដោយទីតាំង និងប្រវែងផ្ទះ។ ដោយឡែកសម្រាប់ផ្ទះE1 អាចមានតម្លៃចាប់ពីចន្លោះចាប់ពី ៥ទៅ ១០ម៉ឺនដុល្លារ ហើយ ចំពោះផ្ទះដែលស្ថិតនៅ E2 អាចមានតម្លៃក្នុងចន្លោះចាប់ពី៥-៨ម៉ឺនដុល្លារ ហើយលើសពីនេះ អាចមានតម្លៃជាង៣ -៥ ម៉ឺនដុល្លារក្នុងមួយល្វែងប៉ុណ្ណោះ។

លោក សន សៀប បានបន្តថា ជាទូទៅតម្លៃអចលនទ្រព្យនៅក្នុងរាជធានៅភ្នំពេញភាគច្រើន គឺមានតម្លៃថ្លៃដែលយ៉ាងហោច ណាស់៣០០០ដុល្លារក្នុងមួយការ៉េ។ ដោយឡែកសម្រាប់អចលនទ្រព្យ ដែលស្ថិតនៅតាមបណ្តោយផ្លូវហ្សាលឌឺហ្គោល គឺមានតម្លៃហាក់ខ្ពស់ជាងគេបន្តិច បើប្រៀបធៀបជាមួយតម្លៃអចលនទ្រព្យ នៅតាមបណ្តាខណ្ឌមួយចំនួន៕






