ដោយ គង់ សូរិយា
ភ្នំពេញ៖ ការទិញដីដើម្បីទទួលបានផលចំណេញ មិនមែនជារឿងងាយនោះទេ តែក៏មិនលំបាករហូតមកអាចធ្វើបានទេ ហេតុនេះការសិក្សាលើចំណុចទាំង៤ខាងក្រោមនេះ នឹងផ្តល់ឲ្យអ្នកវិនិយោគនូវមូលដ្ឋានជាច្រើន ដើម្បីវិភាគមុនធ្វើការសម្រេចចិត្ត។
អនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមជំនាញអចលនទ្រព្យកម្ពុជា លោក យិន លាងគង់ បានមានប្រសាសន៍ឲ្យដឹងថា ការវិនិយោគលើអ្វីមួយសុទ្ឋតែមានហានិភ័យ ប៉ុន្តែការវិនិយោគដោយប្រើប្រាស់ចំណេះដឹង ជាមូលដ្ឋាន និងព៌តមានគ្រប់ជ្រុងជ្រោយពិតជាអាចកាត់បន្ថយហានិភ័យបាន។ តើការវិនិយោគបែបណាអាចកាត់បន្ថយហានិភ័យ?។
ទិញដីធ្លីនៅតំបន់មានប្រជាជនរស់នៅច្រើន
អចលនទ្រព្យឡើងថ្លៃ ពិតជាអាស្រ័យលើកត្តាប្រជាសាស្រ្ត ព្រោះការឡើងថ្លៃដីធ្លី ឬអចលនទ្រព្យដទៃពិតជាទាក់ទងនឹងចរន្តមនុស្ស។ នៅទីណាមានមនុស្សរស់នៅច្រើនទីនោះនឹងមានសកម្មភាពអាជីវកម្មច្រើន ធ្វើឲ្យចរន្តសេដ្ឋកិច្ចតំបន់នោះរីកចម្រើន។
គេមិនអាចទៅទិញដីកណ្តាលព្រៃ ដែលគ្មានមនុស្សរស់នៅដើម្បីឲ្យតម្លៃដីកើនឡើង និងទទួលបានប្រាក់ចំណេញនោះទេ។
ឧស្សាហ៍អានព័ត៌មាន
នៅពេលយើងអានព័ត៌មានច្រើន យើងនឹងទទួលបានព័ត៌មានច្រើនពីការអភិវឌ្ឍន៍ ពីផែនការរបស់រដ្ឋាភិបាលទាក់ទងនឹងការកសាងផ្លូវ កសាងតំបន់សេដ្ឋកិច្ចពិសេស ឬគំរោងអភិវឌ្ឈន៍របស់រដ្ឋាភិបាលជាច្រើនទៀត។ នៅពេលយើងមានចំណេះដឹង មានព័ត៌មានក្នុងដៃគ្រប់គ្រាន់ហើយ មូលដ្ឋាននៃការសម្រេចចិត្តរបស់យើង គឺមានភាពត្រឹមត្រូវជាជាងការវិនិយោគដោយប្រថុយប្រថាន ដែលប្រឈមនឹងហានិភ័យខ្ពស់។
ព័ត៌មានដែលអាចទុកចិត្តបាន ប្រកបដោយក្រមសីលធម៌ ពិតជាមូលដ្ឋានសំខាន់ ដែលអ្នកវិនិយោគត្រូវអាន ដើម្បីយកមកធ្វើជាមូលដ្ឋានសំរាប់ពិចារណាឲ្យបានគ្រប់ជ្រុង ជ្រោយមុនសម្រេចចិត្តទិញដីនៅតំបន់ណាមួយ។
ឧទាហរណ៍នៅតំបន់ផ្លូវជាតិលេខ៥៥ ពីមុនដីនៅតំបន់នោះគ្មានហាងឆេង និងគ្មានអ្នកចាប់អារម្មណ៍ទេ ប៉ុន្តែក្រោយពេលសាងសង់ផ្លូចរួច ដីនៅតាមតំបន់នោះបានឡើងថ្លៃយ៉ាងគំហុក ហេតុនេះបើយើងនឹងព៌តមានពីការសាងសង់ផ្លូវ ហើយយើងទិញនៅពេលផ្លូវចាប់ផ្តើមសាងសង់ ច្បាស់ណាស់យើងនឹងរកផលចំណេញបានលឿន និងបានឆាប់រហ័ស។
តាមដានគោលនយោបាយរបស់រដ្ឋាភិបាល
រដ្ឋាភិបាលតែងតែមានចេញគោលនយោបាយជាបន្តបន្ទាប់ រៀងរាល់ ៣ទៅ ៥ឆ្នាំម្តង ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ប្រទេស ហេតុនេះបើសិនជាយើងតាមដានដឹងពីគោលនយោបាយរបស់រដ្ឋាភិបាលជាមុន យើងមានឱកាសចំណេញច្រើនពីការវិនិយោគរបស់ខ្លួន។
ឧទាហរណ៍ជាក់ស្តែង កាលពីខែតុលាឆ្នាំ២០១៥ រដ្ឋាភិបាលបានប្រកាសដាក់ចេញនូវគោលនយោបាយអភិវឌ្ឈន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដោយក្នុងគោលនយោបាយនោះ រដ្ឋាភិបាលបានជ្រើសរើសយកទីក្រុង២ និងខេត្ត១ជាតំបន់សំរាប់អភិវឌ្ឈន៍វិស័យឧស្សាហកម្មជាពិសេស។ ខេត្តនោះរួមមាន ខេត្តព្រះសីហនុ ក្រុងប៉ោយប៉ែត និងក្រុងបាវិត។
ជាលទ្ឋផលក្រុងព្រះសីហនុ ក្រុងបាវិត និងក្រុងប៉ោយប៉ែត កំពុងមានការរីកចម្រើននិងកំពុងស្ថិតក្នុងក្រសែភ្នែកអ្នកវិនិយោគជាតិ និងអន្តរជាតិចូលទៅវិនិយោគយ៉ាងច្រើន ដែលធ្វើឲ្យគ្រប់គ្នាស្ទើរមិននឹងស្មានដល់។
ហេតុនេះការតាមដាន ការអានព៌តមានតាមទូរទស្សន៍ វេបសាយ កាសែត ពិតជាមានសារៈសំខាន់ ដែលអ្នកវិនិយោគគ្រប់គ្នាត្រូវតែដឹង ត្រូវតែអាន ដើម្បីដឹងពីផែនការ ដឹងពីដំណើរនៃការអភិវឌ្ឈន៍ប្រទេសជាតិ។
សិក្សាកត្តាផ្លូវច្បាប់
ទិដ្ឋភាពនិងមូលដ្ឋានច្បាប់ ពិតជាមានសារៈសំខាន់ណាស់ ព្រោះវាជាឧបករណ៍មួយយ៉ាងសំខាន់ ដែលអ្នកវិនិយោគជាតិ ពិសេសអ្នកវិនិយោគអន្តរជាតិតែងតែសិក្សាមុនគេ មុនចូលទៅវិនិយោគនៅប្រទេសណាមួយ។ ច្បាប់ពន្ឋលើប្រាក់ចំណេញ ច្បាប់វិនិយោគ ច្បាប់លើកទឹកចិត្តដល់ការវិនិយោគនានា សុទ្ឋតែជាកត្តាសំខាន់នៅក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។
ឧទាហរណ៍ ច្បាប់វិនិយោគកម្ពុជាបានអនុញ្ញាត ឲ្យជនបរទេសអាចបណ្តាក់ទុនរកស៊ី១០០ភាគរយនៅកម្ពុជាបាន ដោយមិនចាំបាច់សហការជាមួយក្រុមហ៊ុនក្នុងស្រុក។ ច្បាប់នេះពិតជាមានសារៈសំខាន់បំផុត ដែលបាននិងកំពុងធ្វើឲ្យកម្ពុជាឈានឡើង និងមានការរីកចម្រើនយ៉ាងលឿនហើយសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើន ជាមធ្យម៧,៧ភាគរយក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។
មូលដ្ឋានទាំងនេះ គឺនៅតែឈរលើកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពសង្គម និងកំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំរបស់កម្ពុជា ព្រោះបើប្រទេសជាតិគ្មានចំណុចប៉ុន្មាននេះទេ តម្លៃអចលនទ្រព្យ និងការវិនិយោគក៏មិនអាចកើនឡើងបានដែរ៕