ដោយ: គង់ លាងហួរ
អន្តរជាតិ: នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi នាពេលថ្មីៗនេះបានបើកសម្ពោធផ្លូវរូងក្រោមដីយុទ្ធសាស្ត្រ ដើម្បីជំរុញការតភ្ជាប់ផ្លូវ ដែលធន់នឹងអាកាសធាតុត្រជាក់ឆ្ពោះទៅកាន់តំបន់ព្រំដែន Himalayan ជាមួយប្រទេសចិន និងប៉ាគីស្ថាន។
ផ្លូវរូងក្រោមដី“ Z-Morh ឬ Sonmarg” នេះលាតសន្ធឹងប្រវែង៦,៤គីឡូម៉ែត្រ ពីក្រោមភ្នំរាងរង្វេល ខណៈកន្លងទៅ ផ្លូវនេះត្រូវបានកាត់ផ្តាច់នៅពេលដល់រដូវកាលធ្លាក់ព្រិលចាប់ពី៤ខែទៅ៦ខែក្នុងមួយឆ្នាំ។
ការកសាងផ្លូវរូងក្រោមដីនេះជាផ្នែកមួយនៃផែនការជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើនទៅកាន់តំបន់ព្រំដែនក្រោមរដ្ឋបាលលោក Modi។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារពត៌មាន AFP។
-->
ផ្លូវរូងក្រោមដី“ Z-Morh ឬ Sonmarg ជួយតភ្ជាប់តំបន់ Kashmir ប៉ែកឥណ្ឌាជាមួយតំបន់ Ladakh ដោយដើរតួជាច្រកមួយក្នុងការបើកឱ្យដំណើរការផ្លូវហាយវេ Srinagar-Leh ពេញមួយឆ្នាំ ដោយមិនមានការកាត់ផ្តាច់នៅរដូវកាលធ្លាក់ព្រិល។

គម្រោងដែលមានតម្លៃ៣១៣លានដុល្លារអាមេរិកនេះបានវចំណាយពេលសាងសង់អស់មួយទសវត្សរ៍។ លោក Modi បានថ្លែងថា “តាមរយៈការបើកដាក់ឱ្យប្រើប្រាស់ផ្លូវរូងក្រោមដីនៅទីនេះ ការតភ្ជាប់នឹងប្រសើរឡើងយ៉ាងខ្លាំង”។
ជាមួយគ្នានោះ គម្រោងផ្លូវរូងក្រោមដីមួយទៀតឈ្មោះ “Zojila” ប្រវែង១៣គីឡូម៉ែត្របានសម្រេចវឌ្ឍនភាពនៃការសាងសង់ជាងពាក់កណ្តាល ហើយគ្រោងនឹងបើកដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦។
ឥណ្ឌាក៏បានសាងសង់ផ្លូវរថភ្លើងប្រវែង២៧២គីឡូម៉ែត្រ ក្រោមទុនវិនិយោគចំនួន៣,៩ពាន់លានដុល្លារ ដែលមានចំណុចចាប់ផ្តើមនៅទីក្រុង Udhampur ហើយរត់កាត់រដ្ឋធានី Srinagar ក្នុងតំបន់ Kashmir រួមទាំងការសាងសង់ស្ពានក្រាលផ្លូវដែកខ្ពស់ជាងគេបំផុតនៅលើពិភពលោកឈ្មោះ Chenab។
តំបន់ Kashmir ជាដែនដីមួយ ដែលដិតដាមដោយអស្ថិរភាព និងការប្រយុទ្ធតតាំងគ្នា។ ចាប់តាំងពីឆ្នាំ១៩៤៧ រហូតដល់បច្ចុប្បន្ន តំបន់នេះបានក្លាយជាប្រធានបទនៃជម្លោះប្រដាប់អាវុធ និងនយោបាយរវាងឥណ្ឌា និង ប៉ាគីស្ថាន ដែលប្រជែងគ្នាចង់ក្តោបក្តាប់លើតំបន់យុទ្ធសាស្ត្រមួយនេះ។

នៅឆ្នាំ១៩៤៩ ក្រោមអន្តរាគមន៍របស់អង្គការសហប្រជាជាតិ(UN) គេបានពុះចែកតំបន់ Kashmir ជា២ភាគបណ្តោះអាសន្ន ដោយមួយភាគដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ប៉ាគីស្ថាន និងមួយភាគទៀត ក្រោមការគ្រប់គ្រងរបស់ឥណ្ឌា។ប៉ុន្តែ ការណ៍នេះពុំបានបញ្ចប់ជម្លោះរវាងប្រទេសជិតខាងទាំងពីរនេះទេ។
ជាក់ស្តែង ប្រទេសប៉ាគីស្ថាន នៅតែបន្តទាមទារយកទឹកដីមួយផ្នែកនៃតំបន់ Kashmir ដែលឥណ្ឌាកំពុងត្រួតត្រា ដោយលើកហេតុផលថា តំបន់នេះមានប្រជាជនច្រើនលើសលប់កាន់សាសនាឥស្លាម ដូចនៅប៉ាគីស្ថាន។ ដោយឡែក ក្រៅពីឥណ្ឌា និងប៉ាគីស្ថាន ចិនក៏បានកាន់កាប់ទឹកដីមួយភាគតូច នៅប៉ែកខាងលិចនៃតំបន់ Kashmir ជាប់និងព្រំប្រទល់របស់ខ្លួនផងដែរ៕ប្រភព: AFP៕
