ដោយ គង់ សូរិយា
ភ្នំពេញ៖ លោកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានមានប្រសាសន៍ថា ទីផ្សារលំនៅដ្ឋាននៅដំណាច់ត្រីមាសទី១ឆ្នាំនេះ មានភាពល្អប្រសើរបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែបញ្ហាកង្វះកម្មករកំពុងតែចោទឡើងផងដែរ។
លោកបន្តថា សកម្មភាពនៃការសាងសង់លំនៅដ្ឋាន នៅតាមបុរីនានានៅតែបន្តកើនឡើង ដោយសារតម្រូវការកើនឡើងពីសំណាក់ប្រជាពលរដ្ឋ ប៉ុន្តែយើងជួបបញ្ហាប្រ ឈមមួយគឺខ្វះកម្មករ និងជាងជំនាញ ដែលធ្វើឲ្យមានការលំបាកក្នុងការដំណើរការសាងសង់សំណង់បុរីលំនៅដ្ឋាន។
លោកបន្តថា “ការអភិវឌ្ឍកំពុងកើនឡើង ការខ្វះកម្មករ និងជាងជំនាញក្នុងវិស័យនេះបានឆ្លុះបញ្ចាំងថា វិស័យនេះកំពុងមានការរីកចម្រើនលូតលាស់”។ លោកបន្តថា “ទោះជាយ៉ាងណាសមាគមមិនដឹងពីទិន្នន័យលំនៅដ្ឋាន ដែលបានសាងសង់បញ្ចប់ប្រចាំឆ្នាំនោះទេ”។
-->
អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានទទួលស្គាល់បញ្ហានេះ ដោយលោកបានមានប្រសាសន៍ថា ពិតជាមានការខ្វះខាតកម្មករ និងជាងជំនាញនៅក្នុងវិស័យនេះ ពិសេសសំរាប់គំរោងកោះពេជ្រ ទីក្រុងជ្រោយចង្វារ និងទីក្រុង Olympia City ដែលបច្ចុប្បន្នយើងប្រើប្រាស់កម្មករជាង ៣០០០នាក់ តែយើងកំពុងជួបការខ្វះខាតកម្មករប្រមាណ ២០ទៅ ៣០ភាគរយបន្ថែមទៀត។
លោកបន្តថា “ឆ្លើយតបបញ្ហានេះ ក្រុមហ៊ុនបានរៀបចំការលើកទឹកចិត្តជាច្រើន ដើម្បីទាក់ទាញឲ្យកម្មករបំពេញការងារឲ្យយើង និងទាក់ទាញកម្មករដទៃទៀត”។
យោងតាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានឲ្យដឹងថា គិតត្រឹមឆ្នាំ ២០១៥ ២០៣០ខាងមុខកម្ពុជាត្រូវការលំនៅដ្ឋានជាង ៨០ម៉ឺនខ្នងផ្ទះបន្ថែមទៀត។ ការសិក្សាដដែលបានឲ្យដឹងថា នៅឆ្នាំ២០៣០ចំនួនប្រជាពលរដ្ឋកម្ពុជា ចំនួន៧លាននាក់នឹងរស់នៅតាមបណ្តាទីក្រុង និងទីប្រជុំជននានាទូទាំងប្រទេស។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា តាមការរាយការណ៍របស់ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានឲ្យដឹងថា វិស័យសំណង់ឆ្នាំនេះកើនឡើងជាង៧០០ភាគរយ ដែលធ្វើឲ្យកម្ពុជាប្រឈមការខ្វះខាតអគ្គិសនី៕