ដោយ គង់ សូរិយា
ភ្នំពេញ៖ ទីផ្សារអចលនទ្រព្យនៅប្រទេសឡាវ បានបង្ហាញសញ្ញារីកចម្រើនហើយ ខណៈអ្នកវិនិយោគជាច្រើន បានសម្លឹងទៅកាន់ទីផ្សារប្រទេសមួយនេះ ដែលការវិនិយោគរបស់ពួកគេបានផ្តោតលើប្រជាជន មានជីវភាពថ្នាក់កណ្តាលច្រើនជាងគេ។
លោក James Whitehead អគ្គនាយកនៃគេហទំព័រ Yula.la,Lao ប្រចាំប្រទេសឡាវបានមានប្រសាសន៍ឲ្យដឹង តាមប្រព័ន្ឋតេឡេក្រាមកាលពីរសៀលថ្ងៃទី៥ មេសាកន្លងមកថា វិស័យលំនៅដ្ឋានសំរាប់ប្រជាជនថ្នាក់កណ្តាល ការឌីសាញគំរោងអចលនទ្រព្យនានាកំពុងមានតម្រូវការខ្ពស់។ លោកបន្តថា អ្នកវិនិយោគភាគច្រើនដែលកំពុងវិនិយោគនៅប្រទេសឡាវ មានជនជាតិវៀតណាម ថៃ ចិន ជប៉ុន កូរ៉េ និងអ្នកវិនិយោគមកពីប្រទេសសឹង្ហបុរី។
-->
លោកបន្តថា “អ្នកវិនិយោគចិននឹងក្លាយជាអ្នកវិនិយោគនាំមុខគេ នាពេលខាងមុខនៅប្រទេសឡាវ ដែលពួកគេផ្តោតការវិនិយោគលើវិស័យលំនៅដ្ឋាន ផ្សារលក់រាយ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម”។ លោកបន្តថា “មានការព្យាករណ៍ថាការវិនិយោគពីប្រទេសចិននឹងកើនឡើងខ្លាំង បន្ទាប់ពីការបញ្ចប់ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ពីប្រទេសចិន មកកាន់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវបញ្ចប់នៅឆ្នាំ២០២១ខាងមុខ”។

លោក James Whitehead បានបន្តថា ទីផ្សារនៃសេវាកម្មបដិសណ្ឋារកិច្ច ទេសចរណ៍ និងអចលនទ្រព្យកំពុងមានភាពរីកចម្រើនខ្លាំងនៅទីក្រុងវៀងច័ន្ទ ហ្លួងប្រាបាង និងទីក្រុងវាន់វៀង ដែលជាទីក្រុងមានភាពលេចធ្លោជាងគេនៅប្រទេសឡាវ។ លោកបន្តថា តម្លៃដីឡូត៍ និងលំនៅដ្ឋាននៅប្រទេសឡាវ មានតម្លៃជាមធ្យម ៦០០០ដល់ ៦០,០០០ ដុល្លារអាមេរិក៕